តើ​ការ​មិន​អើពើ​ខាង​ការិយាធិបតេយ្យ​កំពុង​រារាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ឬ​ទេ?

មនុស្សម្នា​តម្រង់​ជួរ​នៅ​ក្នុង​រថយន្ត​របស់​ពួកគេ នៅ​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ​នៅ​ក្នុង​ក្រុង Wembley ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

ខណៈ​រដ្ឋាភិបាល​អង់គ្លេស​ ​រដ្ឋាភិបាលស.រ.អា. ​និង​រដ្ឋាភិបាល​បស្ចឹម​ប្រទេស​ខ្លះ​​ប្រញាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ អ្នក​រិះគន់​និយាយ​ថា រដ្ឋាភិបាល​នៅ​តាម​បណ្តា​ប្រទេស​នៅ​សង​ខាង​មហាសមុទ្រ​អាត្លង់ទិក​មិន​បាន​បញ្ចូល​ក្រុមហ៊ុន​ឯកជន​ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា​ទេ។

មាន​បុគ្គលិកពេទ្យ​ជួរ​មុខ​តែ​២​ពាន់​នាក់ទេ​នៅ​ក្នុង​ចក្រភព​អង់គ្លេសដែល​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដែល​នាំ​ឱ្យ​ពួក​វេជ្ជបណ្ឌិត​ និង​គិលានុបដ្ឋាយិកា​មាន​ការ​មិន​ពេញ​ចិត្ត​ខ្លាំង។​ នៅ​ពេល​នេះ ​អង់គ្លេស​កំពុង ​តស៊ូ​ក្នុង​ការ​ធ្វើ​តេស្ត ​មនុស្ស​ប្រមាណ​៨ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រក​វីរុស​ដ៏​កាច​សាហាវ​នេះ។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ ប្រទេស​អាល្លឺម៉ង់​កំពុង​ចាត់​ចែង​ធ្វើ​ តេស្ត​អ្នក​ជំងឺ​ប្រមាណ​២ម៉ឺន​៥ពាន់​នាក់ក្នុង​មួយ​ថ្ងៃ​ ​ហើយ​ក៏​បង្កើន​ការ​ធ្វើ​តេស្ត ​នៅ​មន្ទីរ​ពិសោធន៍​ក្នុង​ប្រទេស​ដែល​នៅ​ពេល​នេះ​អាច​ធ្វើ​ តេស្ត​រក​វីរុស​កូរ៉ូណា​បាន​រហូត​ដល់​៥សែន​ក្នុង​មួយ​សប្តាហ៍។

ការ​ធ្វើ​តេស្ត​ច្រើន​បែប​នេះ​គឺ​ដើម្បី​ជួយ​ប្រទេស​អាល្លឺម៉ង់​ទប់ទល់​នឹង​អត្រា​មនុស្ស​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ឱ្យ​នៅ​ត្រឹម​០,៩ភាគរយ។

ហេតុ​ដូចម្តេច​បាន​ជា​មាន​ខុស​គ្នា​បែប​នេះ​រវាង​ចក្រភព​អង់គ្លេស ​និង​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​មហា​អំណាច​ខាង​នយោបាយ​ និង​ខាង​សេដ្ឋកិច្ច​នៃ​ទ្វីប​អឺរ៉ុប?​

មន្ត្រី​មួយ​ចំនួន និង​អ្នក​វិភាគ​ផ្នែក​សុខាភិបាល​សាធារណៈ​ឲ្យ​ដឹង​ថា​ ចម្លើយ​គឺ​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ឯកជន និង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

មន្ត្រី​ និង​អ្នក​វិភាគ​ទាំង​នេះ​គូស​បញ្ជាក់​អំពី​វិធី​ដែល​អ្នក​ជំនាញ​ផ្នែក​វីរុស​អាល្លឺម៉ង់​ចាត់​វិធានការ​ឆាប់​រហ័ស​ដោយ​ធ្វើ​ការ​ជាមួយ​វិស័យ​សាធារណៈ​ និង​ឯកជន​របស់​ប្រទេស​ ដើម្បី​ឆ្លើយតប​ឆាប់​រហ័ស​កាល​ពី​ខែ​មករា​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​លេច​ឡើង​បន្តិច​ម្តងៗ​នៃ​វីរុស​កូរ៉ូណា​ ដោយ​បាន​មាន​វិធី​ធ្វើ​តេស្ត​មួយ​បែប​ក្នុង​បណ្តា​វិធី​ធ្វើ​តេស្ត​មាន​ប្រសិទ្ធ​ភាព​ដើម្បី​រក​វីរុស​កូរ៉ូណា។​

អ្នក​ជំនាញ​ផ្នែក​វីរុស​អាល្លឺម៉ង់​មិន​ត្រូវ​បាន​រារាំង​ដោយអង្គភាព​និយតកម្ម​កណ្តាល​ ឬ​មិន​ត្រូវ​បាន​ដាក់​កំហិតដោយ​បែបបទ​ថ្មីៗ​ដែល​នាំ​ឱ្យ​មាន​ការ​រំខាននោះ​ទេ។​

ការ​ធ្វើ​តេស្ត​ ដោយ​អាល្លឺម៉ង់​ទទួល​បាន​ការ​អនុម័ត​ឆាប់​រហ័ស​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ហៅ​កាត់​ថា​ WHO ​ដែល​បាន​ផ្តល់​ប្រដាប់​ធ្វើ​តេស្ត​ទៅ​ឱ្យ​ប្រទេស​ឯ​ទៀតៗ​ថែម​ទៀត​ផង។​

សំណាក​ឈាម​ត្រូវ​បាន​គេ​ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​នៅ​មន្ទីរពិសោធន៍​មួយ​នៅ​ក្នុង​ក្រុង​បែរឡាំង កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

ចក្រភព​អង់គ្លេស​ក៏​ដូច​ជា​ស.រ.អា.​ដែរ​មិន​បាន​ទទួល​យក​ការ​ផ្តល់​ប្រដាប់​ធ្វើ​តេស្ត​ទាំង​នេះ​ទេ​គឺ​បង្កើត​វិធី​ធ្វើ​តេស្ត​របស់​ពួកគេ​ផ្ទាល់។​ នៅ​ពេល​ជាមួយ​គ្នា​នេះក្រុមហ៊ុន​ផលិត​សម្ភារៈ​ប្រើប្រាស់​អាល្លឺម៉ង់​បាន​ប្រញាប់​ប្រញាល់​ផលិត​សម្ភារៈ​ធ្វើ​តេស្ត​ជា​ច្រើន​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​អាល្លឺម៉ង់​ចាប់​ផ្តើម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​បាន​លឿន​មុន​គេ។​

លោក​ Jeffrey Singer​ ជាវេជ្ជបណ្ឌិត​ និង​ជា​អ្នក​វិភាគខាង​សុខាភិបាល​សាធារណៈ​នៅ​ឯ​វិទ្យាស្ថាន​Cato​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ លោក​និយាយ​ថា​ចក្រភព​អង់គ្លេស​និង​ស.រ.អា. ​«បាន​ខិតខំ​តាម​ឱ្យ​ទាន់​អាល្លឺម៉ង់​ចាប់​តាំង​ពី​ពេល​នោះ​មក»។​

លោក​ Singer​ ថ្លែង​ថា​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ «ខកខាន​មិន​បាន​ប្រើ​ប្រឌិតភាព​ថ្មី ការ​បត់​បែន​តាម​សភាព​ការណ៍​ និង​ឆាប់​រហ័សរបស់​វិស័យ​ឯកជន​ទេ។​ មន្ទីរ​រដ្ឋបាល​ខាង​ម្ហូប​អាហារ​ និង​ឱសថ​ស.រ.អា.​តម្រូវ​ឱ្យ​មាន​ការ​ការ​យល់​ព្រម​មួយ​ដែល​មិន​គួរ​ឱ្យ​ចូល​ចិត្ត​ ក្នុង​ការ​បញ្ចេញ​លទ្ធផល​ធ្វើ​តេស្ត​ទៅ​ក្នុង​ផ្សារ​ហើយ​មិន​បាន​ផ្តល់​ការ​យល់​ព្រម​សម្រាប់​ការ​ធ្វើ​តេស្ត ​ដោយ​ក្រុមហ៊ុន​ និង​សាកលវិទ្យាល័យ​ទេ។​

លោក ​Singer​ ថ្លែង​ថា​មន្ទីរ​រដ្ឋបាល​ខាង​ម្ហូប​អាហារ​និង​ឱសថ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ហើយ​សម្ភារៈ​សម្រាប់​ការ​ធ្វើ​ តេស្ត​ដំបូង​ក៏​មាន​គុណ​វិបត្តិ។​

លោក ​Singer ​និយាយ​បន្ថែម​ថា៖

«មន្ទីរ​រដ្ឋបាល​ខាង​ម្ហូប​អាហារ​ និង​ឱសថ​ស.រ.អា.​ត្រួតត្រា​ការ​ចែកចាយ​ប្រដាប់​ធ្វើ​តេស្ត ​និង​គ្រប់គ្រង​ការ​ធ្វើ​តេស្ត​ នៅ​ពេល​ដែល​វិស័យ​ឯកជន​និង​ការ​ធ្វើ​តេស្តដោយ​បរទេស​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​ដំណើរ​ការ​នេះអស់​ពេល​ច្រើន​សប្តាហ៍​ចាប់តាំង​ពី​ពេល​ដែល​វីរុស​ត្រូវ​បានរក​ឃើញ​ដំបូង​កាល​ខែ​ធ្នូ​រហូត​ដល់​ពេល​វា​ចាប់​ផ្តើម​រាលដាល​យ៉ាង​លឿន​ក្នុង​ចំណោម​សាធារណ​ជន​អាមេរិកាំង»។​

ទម្រាំ​ដល់​ពេល​ដែល​ឧបសគ្គ​បែប​ការិយាធិបតេយ្យ​ដែល​រារាំង​ការ​ធ្វើ​តេស្ត ​ដោយ​វិស័យ​ឯកជន​បាន​ត្រូវ​ដក​ចេញ​នោះ វា​យឺត​ពេល​ទៅ​ហើយ​នៅ​ក្នុង​ស.រ.អា.។​

លោក​ Singer ​និង​អ្នកវិភាគ​ខាងសុខាភិបាលសាធារណៈ​ឯ​ទៀតៗ​យល់​ថា​ ចំណាត់​ការ​មិន​ល្អ​ក្នុង​ការ​ធ្វើ​តេស្ត​នៅ​ក្នុង​ស.រ.អា.​និង​ចក្រភព​អង់គ្លេស​ជា​និមិត្ត​រូប​នៃ​បរាជ័យ​ក្នុង​ការ​បញ្ចូល​វិស័យ​ឯកជន​ឱ្យ​បាន​ពេញ​លេញ​ទៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​

នេះ​ជា​ព្រឹត្តិការណ៍​នាំ​ឱ្យ​ភ្ញាក់​ផ្អើល ពី​ព្រោះ​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​គេ​យល់​ឃើញ​ថា​ជា​អ្នក​គាំទ្រ​សហគ្រាស​សេរី​ខ្លាំង​ជាង​ប្រទេស​អាល្លឺម៉ង់​ ឬ​ជាង​ប្រទេស​កូរ៉េខាង​ត្បូង​និង​ប្រទេស​អូស្ត្រាលី​ដែល​បាន​ប្រញ៉ាប់​ប្រញ៉ាល់​ធ្វើ​តេស្ត​មនុស្ស​ច្រើន​នាក់​ ដោយ​សារ​ជោគជ័យ​នៃ​ភាព​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន។​

លោក​ Singer​ ថ្លែង​ថា៖

«យើង​គួរ​ពឹង​ពាក់​ច្រើន​ជាង​មុន​លើ​សហគ្រាស​ឯកជន​ហើយ​ជា​ការ​អាម៉ាស់​ដែល​យើង​មិន​បាន​ធ្វើ​ដូច្នេះ»។​

ការ​ត្អូញ​ត្អែរ​របស់​លោក ​Singer​ ត្រូវ​ បាន​បន្ទរ​នៅ​ក្នុង​ប្រទេស​ឯ​ទៀតៗ​ក្នុង​ទ្វីប​អឺរ៉ុប​ដោយ​រួម​បញ្ចូល​ចក្រភព​អង់គ្លេស​ផង​ដែរ​ដែល​នៅ​ទី​នោះ​មន្ទីរពេទ្យ​បាន​សុំ​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​សម្ភារៈ​ធ្វើ​តេស្ត​ដើម្បី​ប្រើ​សារធាតុ​ផ្សំ​របស់​ពួក​គេ​ដែល​ជា​សារធាតុ​គីមី​ពិសេស​ដែល​គេ​ត្រូវ​ការ​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា។​ ប្រធាន​មន្ទីរ​ពេទ្យ​ឲ្យដឹង​ថា​ មន្ទីរ​ពិសោធន៍​ខាង​សុខាភិបាល​សាធារណៈ​ខ្លះ​អាច​ធ្វើ​តេស្ត​បាន​តែ​មួយ ​ឬ​ពីរ​ក្នុង​មួយ​ថ្ងៃ​ ពី​ព្រោះ​ពួក​គេ​ខ្វះ​តម្បារ​សំឡីសម្រាប់​យក​សំណាក​អ្នក​ជំងឺ​ទៅ​ធ្វើ​ តេស្ត។​ ចំណែក​ឯ​មន្ទីរ​ពិសោធន៍​ឯ​ទៀតៗ​គាំង​ដំណើរ ​ពី​ព្រោះ​ខ្វះ​សារធាតុ​ផ្សំ​សម្រាប់​ធ្វើ​តេស្ត។​

នៅ​ពេល​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​២​ពាន់​៣រយ​៥២នាក់​កាល​ពី​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែមីនា រដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រឈម​នឹង​ការ​រិះគន់​ពី​សាធារណ​ជន​អំពី​កំហុស​ក្នុង​ការ​ពន្យារ​ពេល​ការ​ធ្វើ​តេស្ត​និង​ការ​បង្កើន​ការ​ធ្វើ​តេស្ត ព្រម​ទាំង​ការ​ពន្យារ​ពេល​ផ្តល់ការ​យល់ព្រម​ឱ្យ​ប្រើ​សម្ភារៈបែប​ថ្មី​ជួយ​ដល់​ការ​ដក​ដង្ហើម​និង​ប្រសិទ្ធ​ភាព​ចំណាយ​ដែល​អាច​បំពេញ​ការ​ខ្វះខាត​បាន។​ អង្គភាព​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​សាកលវិទ្យាល័យ ​Cambridge ​បាន​ទទួល​ការ​យល់​ព្រម​យឺត ពេល​សម្រាប់​វិធី​ធ្វើ​តេស្ត​ចល័ត​ដែល​អាច​ផ្តល់​លទ្ធផល​ក្នុង​ពេល​៩០នាទី។​

ពួក​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋាភិបាល​អភិរក្ស​និយម​ដែល​គ្រប់គ្រង​ចក្រភព​អង់គ្លេស​បាន​បន្ទោស​ថា ​ មាន​ការ​ខ្វះ​ខាត​ជា​សាកល​នៃ​សារធាតុ​ផ្សំ​ដែល​នាំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ការបង្កើន​ការ​ធ្វើ​តេស្ត។​ លោក​ Boris Johnson ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​បាន​សម្រេច​យក​ខ្លួន​លោក​ផ្ទាល់​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​ស្វែង​រក​ការ​ផ្គត់ផ្គង់​វត្ថុ​ចាំបាច់​សម្រាប់​ធ្វើ​តេស្ត។ ​បរាជ័យ​មិន​បាន​បង្កើន​ការ​ធ្វើ​តេស្ត នោះ​ បាន​ក្លាយ​ទៅ​ជា​វិបត្តិ​នយោបាយ​មួយ។​ នៅ​ពេល​នេះ​កាសែត​ដែល​មាន​និន្នាការ​អភិរក្ស​និយម​បាន​រិះគន់​រដ្ឋាភិបាល​ហើយ​សារ​ព័ត៌មាន​ The Times ​ បាន​ផ្សាយ​ថា ​ផែនការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​កំពុង​មាន​ភាព​ «ច្របូក​ច្របល់»។​

ពួក​អ្នក​រិះគន់​និយាយ​ថា​ រដ្ឋាភិបាល​គួរ​បន្ធូរ​បន្ថយ​បទ​បញ្ញត្តិ​និយតកម្ម​ដែល​ចែង​អំពី​មន្ទីរ​ពិសោធន៍​ដែល​មានសិទ្ធិ​ធ្វើ​តេស្ត។​

នៅ​ពេល​នេះ​មាន​របៀប​ដោះស្រាយ​ប្រកប​ដោយ​ការ​ត្រួតត្រា​តឹង​តែង​មួយ​ដែល​បិទ​មន្ទីរ​ពិសោធន៍​ក្រុមហ៊ុន។​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​អង់គ្លេស​ជាង​១២​បាន​អនុវត្ត​ការ​ធ្វើ​តេស្ត​ថ្មី​ដើម្បី​រក​វីរុស​កូរ៉ូណា​ដោយ​ប្រើ​សារធាតុ​ផ្សំ​ប្លែក​ពី​មុន​ដែល​គេ​អាច​រក​បាន។​ ក្រុមហ៊ុន​ទាំង​នេះ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ដូច្នេះ​ទេរហូត​ដល់​ពេល​វិធី​ធ្វើ​តេស្ត ​របស់​ពួក​គេ​ត្រូវ​បានវាយ​តម្លៃ​និង​ទទួល​ស្គាល់​ដោយ​សេវា​សុខាភិបាលសាធារណៈ​ថា ​ជា​ការ​ធ្វើ​ តេស្ត​ត្រឹមត្រូវហើយដែល​ត្រូវ​ចំណាយ​ច្រើន​ពេល​ថែម​ទៀត។

លោក ​Alex Blackmore ​ជា​សាស្ត្រាចារ្យ​ជីវសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ Brunel ​នៃ​ចក្រភព​អង់គ្លេស។​ ដោយ​គាំទ្រដល់​គោល​ជំហរ​របស់​រដ្ឋាភិបាល​ លោក​បាន​និយាយ​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស​ថា៖

«ជីវសាស្ត្រម៉ូលីគុល​មាន​បញ្ហា​ជា​ច្រើន​គឺ​ប្រសិន​បើ​លោក​អ្នក​មិន​ធ្វើ​ការ​ពិសោធន៍​ឱ្យ​បាន​ត្រឹមត្រូវ​ទេវា​ជា​ការ​ពិបាក​ក្នុង​ការ​បកស្រាយ​លទ្ធផល។​ លោក​អ្នក​ត្រូវតែ​សម្រេច​ថា​ តើ​ការ​ពិសោធន៍​ណា​ដែល​ត្រឹមត្រូវ​និង​ការ​ពិសោធន៍​ណា​ដែល​មិន​ត្រឹមត្រូវ។​ ជា​ពិសេស​ លោក​អ្នក​ត្រូវ​តែ​ហ្វឹកហ្វឺន​ឲ្យ​មនុស្ស​ចេះ​ធ្វើ​តេស្ត ហើយ​លោក​អ្នក​ត្រូវ​តែ​ធ្វើ​ឱ្យប្រាកដ​ថា ​មន្ទីរ​ពិសោធន៍​ទាំង​នេះ​មាន​ភាព​ត្រឹមត្រូវ​ផង​ដែរ»។​

ក៏​ប៉ុន្តែ​លោក ​Anthony Costello ​អតីត​នាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ ការ​ស៊ើប​អង្កេត​ជា​សាធារណៈ​អំពី​វិធានការ​របស់​អង់គ្លេស​ទប់​ទល់​នឹង​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​នេះ​នឹង​មាន​ន័យថា ​«បរាជ័យ​ដដែល» ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​កន្លង​ផុត​ទៅ។​

នៅ​ក្នុង​ចំណោម​បរាជ័យ​ទាំង​នេះ​ រួមមាន​ការ​ខកខាន​មិន​បាន​ចុះ​បញ្ចូល​សេវា​នៃ​មន្ទីរ​ពិសោធន៍​ក្រុមហ៊ុន។​ លោក​ Costello ​បាន​និយាយ​ប្រាប់​វិទ្យុ​ និង​ទូរទស្សន៍ BBC ថា៖

«យើង​មាន​មន្ទីរ​ពិសោធន៍​ចំនួន​៤៤​រក​វីរុស​តូចៗ​បំផុត​នៅ​ក្នុង​ចក្រភព​អង់គ្លេស។​ ប្រសិន​បើ​មន្ទីរ​ពិសោធន៍​ធ្វើ​តេស្ត​៤០០ករណី​ក្នុង​មួយ​ថ្ងៃ នោះ​យើង​អាច​មាន​ការ​ធ្វើ​តេស្ត​ប្រហែល​គ្នា​នឹង​ប្រទេស​អាល្លឺម៉ង់​ដែរ​ហើយ​យើង​អាច​ធ្វើ​បាន»។​

លោក​ Costello ​ និយាយ​ថា​ មាន​ការ​ខក​ខាន​ក្នុង​ការចាត់​វិធាន​ការ​ឱ្យ​បាន​លឿន​និង​មាន​ប្រសិទ្ធ​ភាពដែល​លោក​ព្រួយ​បារម្ភា​ថា​ ជា​សញ្ញា​នៃ​ប្រព័ន្ធ​បរាជ័យ​ទ្រង់​ទ្រាយ​ធំ»។​

មាន​ការ​និយាយ​ច្រើន​ឡើងៗ​អំពី​បរាជ័យ​ជា​ប្រព័ន្ធ​មិនមែន​តែ​នៅ​ក្នុង​ចក្រភពអង់គ្លេស​តែ​មួយ​ទេ​ ក៏​ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​និង​ប្រទេស​អេស្ប៉ាញ​ផង​ដែរ។​ នៅ​ក្នុង​ប្រទេស​ទាំង​នេះ ក្រុមហ៊ុន​និយាយ​ថា សំណើ​របស់​ពួក​គេ​ក្នុង​ការ​ជួយ​ផលិត​ប្រដាប់​សម្រាប់​ការពារ​ពួក​អ្នក​ធ្វើការ​ក្នុង​មន្ទីរ​ពេទ្យ​និង​ក្នុង​ការ​ផលិត​សម្ភារៈ​ថ្មី​ដែល​ចំណាយ​តិច​ សម្រាប់​ជួយ​ដក​ដង្ហើម​នោះ ជួនកាល​មិន​មានការ​ឆ្លើយ​តប​ឬ​គ្មាន​ការ​ទាក់ទង​បន្ត​ទេ​ ក្រោយ​ពី​មាន​ការ​ពិភាក្សា​គ្នា។​

នៅ​ក្នុង​ស.រ.អា. ​ ក្រុមហ៊ុន​និយាយ​ថា​ ពួក​គេ​ក៏​បាន​ជួប​ប្រទះ​ឧបសគ្គ​ខាង​និយត​កម្ម​ដែរ​ ដែល​ខ្លះ​បាន​បន្ទោស​លើ​ការ​មិន​អើពើ​ខាង​ការិយាធិបតេយ្យ​ហើយ​អ្នក​ខ្លះ​ទៀត​បន្ទោស​ថា​ ខ្វះ​គំនិត​ដំណោះស្រាយ។

អ្នក​ថែទាំ​អ្នក​ជំងឺ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​នៅ​មន្ទីរពេទ្យ University Hospitals កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Mayfield Height រដ្ឋOhio។

ក្រុមហ៊ុន​ Battelle ​នៅ​ក្នុង​រដ្ឋ​ Ohio ​ បាន​ខិត​ខំប្រឹង​ប្រែង​ច្រើន​អាទិត្យ​មក​ហើយ​ដើម្បី​សុំ​ឲ្យ​មន្ទីររដ្ឋបាល​ខាង​ម្ហូប​អាហារ​និង​ឱសថ​ស.រ.អា.​ទទួល​ស្គាល់​ប្រព័ន្ធ​របស់​គេ​ប្រកប​ដោយ​ប្រឌិតភាព​ថ្មី​ដែល​កម្ចាត់​មេរោគ​ពី​ម៉ាស់​ចំនួន​៨ម៉ឺន​ក្នុង​មួយ​ថ្ងៃ។​ នៅ​ក្រោយ​មាន​អន្តរាគមន៍​ពី​លោក​ Mike DeWine ​អភិបាល​រដ្ឋ​ Ohio ​ដែល​បាន​អំពាវនាវ​ដោយ​ផ្ទាល់​ដល់​សេតវិមាន​ ទើប​មាន​ការ​ពុះពារ​ការ​ខាង​និយតកម្ម។​ ក្រុមហ៊ុន​ Battelle ​ទទួល​បានការ​យល់ព្រមកាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែមីនា។​

លោក​ Tom Palmer ​ជា​អនុប្រធាន​អង្គការ​ Atlas Network ​ដែល​ជា​អង្គការ​មិន​យក​កម្រៃ​ខាង​គោល​នយោបាយសេដ្ឋកិច្ច​បែប​ផ្សារ​សេរី។​ លោក​និយាយ​ថា ​វិបត្តិ​បច្ចុប្បន្ន​ «បង្ហាញ​ពី​ប្រព័ន្ធ​និយតកម្មដែល​គ្មាន​ដំណើរការដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ដោយពន្យារ​ពេល​ការប្រើ​បច្ចេកទេស​ថ្មី​និង​ទាមទារ​បែបបទ​សម្រាប់​ការ​បង្កើន​សមត្ថ​ភាព​ខាង​វេជ្ជសាស្ត្រ»។​

លោក​ Palmer ​និយាយ​បន្ថែម​ថា៖

«នៅ​ក្នុង​ស.រ.អា.​តម្រូវ​ខាង​ បែបបទ​បាន​រឹតត្បិត​ការ​បង្កើត​គ្លីនិក​ថ្មីៗ ​ និង​ការ​ដំឡើង​ប្រដាប់​ជំនួយ​ដក​ដង្ហើម។ល។ ​ទី​ភ្នាក់ងារ​ដល់ទៅ​បួនផ្សេងៗ​គ្នា​គ្រប់គ្រង​និយតកម្ម​ប្រដាប់​ជំនួយ​ដក​ដង្ហើម។ ​វា​ជា​មរណភាព​ដោយ​សារ​ការិយាធិបតេយ្យ​បែប​នេះ»៕

ប្រែ​សម្រួល​ដោយ​ពិន ស៊ីសុវណ្ណ