ប្រទេសអ៊ីរ៉ង់បានជ្រើសរើសយកលោកប្រធានាធិបតី Hassan Rouhani ឲ្យឡើងកាន់តំណែងបន្តទៀត។ ទូរទស្សន៍រដ្ឋក្នុងប្រទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃសៅរ៍នេះថា លោក Rouhani គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដោយយកឈ្នះលើគូប្រជែងដ៏ធំរបស់លោក គឺលោក Ebrahim Raisi ដោយងាយស្រួល។
ជាមួយនឹងសន្លឹកឆ្នោតដែលត្រូវបានរាប់ស្ទើរតែទាំងអស់ លោក Rouhani បានទទួលសំឡេងឆ្នោតគាំទ្រជាងពាក់កណ្តាលក្នុងចំណោមបេក្ខជនប្រធានាធិបតីទាំង៤រូប។
អ្នកបោះឆ្នោតមានចំនួនយ៉ាងច្រើនកាលពីថ្ងៃសុក្រ រហូតធ្វើឲ្យអាជ្ញាធររៀបចំការបោះឆ្នោតបន្ថែមពេលបោះឆ្នោតរហូតដល់ពាក់កណ្តាលអាធ្រាត្រ។ អ្នកបោះឆ្នោតមួយចំនួនឈរតម្រង់ជួររាប់ម៉ោងដើម្បីរង់ចាំបោះឆ្នោត។
មណ្ឌលបោះឆ្នោតជាង៦ម៉ឺនកន្លែងបានប្រតិបត្តិការនៅទូទាំងប្រទេសដើម្បីបម្រើដល់ប្រជាពលរដ្ឋអ៊ីរ៉ង់ដែលបានចុះឈ្មោះបោះឆ្នោតចំនួន៥៦លាននាក់។
លោក Rouhani បានផ្តោតអនាគតនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្រ្តជាមួយនឹងសហរដ្ឋអាមេរិកនិងប្រទេសមហាអំណាចដទៃទៀត ដែលនាំឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលប្រទេសតេហេរ៉ង់។ លោក Raisi បានរិះគន់កិច្ចព្រមព្រៀងនេះ ដោយសារតែវាបានបន្សល់នូវទណ្ឌកម្មទៅលើសេវាធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសអ៊ីរ៉ង់៕