អ៊ីរ៉ង់​រិះគន់​ខ្លាំងៗ​លើ​ការ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាមេរិក

រូបឯកសារ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់កងទ័ពអាកាសអាមេរិក C-17 និង F-22 ចូលរួមនៅក្នុងសមយុទ្ធរួមគ្នាជាមួយកងទ័ពអាកាសកូរ៉េខាងត្បូង នៅប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Esmaeil Baghaei បាន​រិះគន់​កាលពី​ថ្ងៃ​ចន្ទ​លើ​អ្វី​ដែល​លោក​ហៅ​ថា​ជា «វត្តមាន​ធ្វើ​ឲ្យ​មាន​អស្ថិរភាព» របស់​សហរដ្ឋ​អាមេរិក ក្រោយពី​អាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Baghaei បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដោយ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ការ​បញ្ចូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​នោះ​ថា៖ «យើង​តែងតែ​ជឿ​ថា​វត្តមាន​របស់​អាមេរិក​នៅក្នុង​តំបន់​នេះ​គឺ​ជា​វត្តមាន​ធ្វើ​ឲ្យ​មាន​អស្ថិរភាព»។ លោក​បាន​បន្ថែម​ថា ករណី​នេះ «នឹង​មិន​បន្ទច់បង្អាក់​ដល់​ការ​តាំងចិត្ត [របស់​អ៊ីរ៉ង់] ក្នុង​ការ​ការពារ​ខ្លួន​នោះទេ»។

យោធា​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា​ការ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​គឺ​ជា​ការ​ព្រមាន​ដល់​អ៊ីរ៉ង់ ក្រោយពី​អ៊ីរ៉ង់​បាន​ប្តេជ្ញា​ថា​នឹង​ឆ្លើយតប​ចំពោះ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីតាំង​យោធា​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ២៦ ខែ​តុលា។

ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​នោះ​គឺ​ដើម្បី​សងសឹក​ចំពោះ​ការ​បាញ់​ស្រោច​ម៉ីស៊ីល​របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា។ ការ​បាញ់​មីស៊ីល​របស់​អ៊ីរ៉ង់​លើ​អ៊ីស្រាអែល​នោះ​គឺ​ដើម្បី​សងសឹក​ចំពោះ​ការ​សម្លាប់​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​អ៊ីរ៉ង់​គាំទ្រ​និង​ការ​សម្លាប់​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ម្នាក់។

លោក Baghaei ថា ការ​ឆ្លើយតប​របស់​អ៊ីរ៉ង់​នឹង​មាន​លក្ខណៈ «ដាច់ខាត​និង​ដាច់ណាត់»។

លោក​បាន​បន្ថែម​ថា អ៊ីរ៉ង់​បាន​គាំទ្រ «រាល់​គំនិត​ផ្តួចផ្តើម​និង​កិច្ច​ប្រឹងប្រែង​ទាំងអស់» ដើម្បី​ជំរុញ​ឲ្យ​មាន​បទឈប់បាញ់​នៅ​តំបន់​ហ្កាហ្សា​និង​នៅ​ប្រទេស​លីបង់។ អ៊ីស្រាអែល​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់​នៅ​ហ្កាហ្សា​និង​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា​នៅ​លីបង់​ដែល​អ៊ីរ៉ង់​គាំទ្រ៕