ភ្នាក់ងារអ៊ីរ៉ង់ម្នាក់ត្រូវបានចោទប្រកាន់ថាមានការពាក់ព័ន្ធនៅក្នុងផែនការសម្ងាត់ដើម្បីធ្វើឃាតអតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton ដែលនេះត្រូវបានគេសន្មតថាជាការសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់នាយឧត្តមសេនីយ៍ដ៏មានឥទ្ធិពលមួយរូបរបស់អ៊ីរ៉ង់កាលពីឆ្នាំ ២០២០។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ។
ជនសង្ស័យដែលមានឈ្មោះថា Shahram Poursafi ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកកំណត់ថាជាសមាជិកម្នាក់នៃយោធារបស់ប្រទេសអ៊ីរ៉ង់។ ឥឡូវនេះ ជននេះកំពុងត្រូវបានទីភ្នាក់ងារសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាមេរិកតាមចាប់ខ្លួនក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងផែនការឃាតកម្មស៊ីឈ្នួលសម្ងាត់។
រដ្ឋអាជ្ញាបានបញ្ជាក់ថា ផែនការសម្ងាត់ដើម្បីធ្វើឃាតលោក Bolton ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិនៅក្នុងសម័យលោក Donald Trump ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកនេះ ទំនងជាធ្វើឡើងដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ ២០២០ ដែលបានសម្លាប់នាយឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani។
ក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា ជនឈ្មោះ Poursafi នេះបានព្យាយាមជួលមនុស្សនៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក ដើម្បីសម្លាប់លោក Bolton នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឬក៏នៅរដ្ឋ Maryland ដែលនៅក្បែររដ្ឋធានីវ៉ាស៊ីនតោន។
ផែនការសម្ងាត់នេះត្រូវបានលេចឡើងអស់រយៈពេលជាច្រើនខែតាំងពីចុងឆ្នាំមុនមក ដោយមានពេលមួយជនឈ្មោះ Poursafi នេះបានប្រាប់អ្នកដែលជននេះត្រៀមជួលនៅសហរដ្ឋអាមេរិកថា «ខ្លួនរងសម្ពាធពី «ពលរដ្ឋខ្លួន»» ដើម្បីឱ្យការធ្វើឃាតនេះធ្វើឡើងឱ្យបានលឿន។ ឥឡូវនេះ ជននេះកំពុងរត់គេចខ្លួននៅបរទេស។
អ៊ីរ៉ង់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកនេះមានលក្ខណៈនយោបាយ៕
អាមេរិកចោទភ្នាក់ងារអ៊ីរ៉ង់ម្នាក់ថាមានផែនការធ្វើឃាតអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក
វ៉ាស៊ីនតោន —