កិច្ច​ចរចា​នុយក្លេអ៊ែរ​ជា​មួយ​ អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ដោយ​មាន​ការ​ចង់​ពិភាក្សា​អំពី​បញ្ហា​ប្រទេស​ យេម៉ែន​ និង​អ្នក​ទោស​អាមេរិកាំង

រទេះ Fiaker បាន​ឆ្លង​កាត់​នៅ​ខាង​មុខ​សណ្ឋា​គារ​​​ប្រណីត​​មួយ ​ដែល​ជា​កន្លែង​កិច្ច​ចរ​ចា​នុយ​ក្លេ​អ៊ែ​រ​សម្ងាត់​​មួយ ​ជាមួយ​អ៊ីរ៉ង់​ដែល​ប្រព្រិត្តិ​ឡើង​នៅ ទីក្រុងវីយែន​ ប្រទេសអូទ្រីស ​ថ្ងៃ​ពុធ ទី២២​ ខែមេសា​ ឆ្នាំ​ ២០១៥ ។

កិច្ច​ចរចា​បញ្ហា​នុយក្លេអ៊ែរ​រវាង​ប្រទេស​ អ៊ីរ៉ង​ និង​ប្រទេស​មហា​អំណាច​ប្រាំ​មួយ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ Vienne​ ដោយ​ចង់​លើក​យក​បញ្ហា​ចម្រូង​ចម្រាស​ដទៃ​ទៀត​ទៅ​ពិភាក្សា​គ្នា​ដែរ។​

ភាគី​ទាំង​សង្ខាង​មាន​កាលកំណត់​ដល់​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា​ដើម្បី​ប្តូរ​កិច្ច​ព្រមព្រៀង​ជា​គម្រោង​ឬ​ជា​គោលការណ៍​មួយ​ឲ្យ​ទៅ​ជា​កិច្ច​ព្រមព្រៀង​ផ្តាច់​ព្រ័ត្រ​មួយ​ ដែល​នឹង​រារាំង​ប្រទេស​ អ៊ីរ៉ង់​ មិន​ឲ្យ​អាច​ផលិត​គ្រាប់​បែក​បរមាណូ​មួយ​បាន​ ហើយ​នៅ​ពេល​ជា​មួយ​គ្នា​នោះ​នឹង​បន្ធូរ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុង​ Tehran។​

ស.រ.អា​និយាយ​ថា​ ខ្លួន​មាន​ភស្តុតាង​ដែល​បង្ហាញ​ថា​ អ៊ីរ៉ង់​ បាន​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ Shi'ite​ Houthi​ នៅ​ក្នុង​ប្រទេស​ យេម៉ែន។​ កង​យោធា​អាមេរិកាំង​បាន​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​សមុទ្រ​នៅ​ជិត​ប្រទេស​ យេម៉ែន។​

មន្រ្តី​ស.រ.អា​បាន​និយាយ​ថា​ អស់​លោក​ក៏​នឹង​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ឺរ៉ង់​ អំពី​ករណី​ពលរដ្ឋ​អាមេរិកាំង​ដែល​ជាប់​ឃុំ​និង​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​ ដែរ​ តែ​ថា​នឹង​លើក​រឿង​នេះ​ទៅ​ពិភាក្សា​ដាច់​គ្នា​ពី​កិច្ច​ចរចា​នុយក្លេអ៊ែរ៕​