អ៊ីរ៉ង់​ប្ដេជ្ញា «ឆ្លើយតប​ម៉ឺងម៉ាត់» ចំពោះ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ លោក Esmaeil Baghaei ធ្វើ​សន្និសីទ​កាសែត​ប្រចាំ​សប្តាហ៍​ក្នុង​ទីក្រុង​តេហេរ៉ង់​កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Esmaeil Baghaei បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ីរ៉ង់​នឹង «ឆ្លើយតប​ម៉ឺងម៉ាត់​និង​ប្រកប​ដោយ​ប្រសិទ្ធភាព» ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​អ៊ីស្រាអែល​លើ​ទីតាំង​យោធា​របស់​ខ្លួន​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Baghaei បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «យើង​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​មាន​ដើម្បី​ឆ្លើយតប​ម៉ឺងម៉ាត់​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​ឈ្លានពាន​របស់​របប​ដឹកនាំ​អ៊ីស្រាអែល»។

លោក​បាន​បន្ថែម​ថា៖ «របៀប​នៃ​ការ​ឆ្លើយតប​របស់​យើង​គឺ​អាស្រ័យ​លើ​របៀប​នៃ​ការ​វាយ​ប្រហារ [មក​លើ​យើង]»។

កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន អ៊ីស្រាអែល​បាន​វាយ​ប្រហារ​តាម​អាកាស​លើ​ទីតាំង​យោធា​នានា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ទី ១ ខែ​តុលា​លើ​អ៊ីស្រាអែល ដែល​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​នោះ​គឺ​ជា​ការ​សងសឹក​ផ្ទាល់ខ្លួន​ចំពោះ​ការ​សម្លាប់​ថ្នាក់​ដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ខ្លួន​គាំទ្រ​និង​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​ម្នាក់​របស់​ខ្លួន។

ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​សៅរ៍​នោះ​បាន​ធ្វើឡើង​នៅ​ចំពេល​ដែល​មាន​សង្គ្រាម​ជា​បន្ត​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ក្រុម​ហាម៉ាស់ ដែល​នៅក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​បាន​ពង្រីក​ការ​ផ្ដោត​លើ​ក្រុម​ហេសបូឡា​នៅក្នុង​ប្រទេស​លីបង់​ផងដែរ។

ក្រុម​ទាំងពីរ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ «សម្ព័ន្ធភាព​ក្រុម​តស៊ូ​ដឹកនាំ​ដោយ​អ៊ីរ៉ង់​នៅ​មជ្ឈិម​បូព៌ា» ដែល​រួបរួម​ជាមួយ​នឹង​អ៊ីរ៉ង់​ដើម្បី​ប្រឆាំង​នឹង​អ៊ីស្រាអែល។

លោក Baghaei បាន​និយាយ​ថា បទឈប់បាញ់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​ប្រទេស​លីបង់​នៅតែ​ជា «គោល​បំណង» របស់​ប្រទេស​អ៊ីរ៉ង់៕