ក្រុម​អ្នកស៊ើបអង្កេត​អាមេរិក​ស្វែងរក​គោលបំណង​នៃ​អ្នកចង់​ធ្វើឃាត​លោក Trump

រូបឯកសារ៖ លោក Ryan Routh ត្រូវបានគេឃើញនៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ។

ក្រុម​អ្នកស៊ើប​អង្កេត​របស់​សហរដ្ឋ​អាមេរិក​កំពុង​ចូលមើលតាម​គណនី​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម​និង​ការបង្ហោះផ្សេង​ទៀត​របស់​ជនសង្ស័យ​នៅ​ក្នុង​ការប៉ុនប៉ង​ធ្វើឃាត​ កាល​ពី​ថ្ងៃ​អាទិត្យ​របស់​អតីត​ប្រធានាធិបតី លោក Donald Trump ដោយ​ព្យាយាម​កំណត់​ពី​ហេតុផល​និង​ថាតើ​មាន​នរណា​ម្នាក់​ផ្សេង​ទៀត​អាច​ពាក់ព័ន្ធ​ឬ​អត់។

អនុ​ប្រធាន​ប៉ូលិស​ក្នុង​រដ្ឋ Florida បាន​ចាប់​ខ្លួន លោក Ryan Wesley Routh អាយុ៥៨ ឆ្នាំ ដោយ​បញ្ឈប់​លោក​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កាលពី​ថ្ងៃ​អាទិត្យ ប្រហែល​មួយ​ម៉ោង​បន្ទាប់​ពី​លោក​បាន​រត់​ចេញ​ពី​ក្លឹប​កីឡា​វាយកូន​ហ្គោល​អន្តរជាតិ Trump របស់​លោក​អតីត​ប្រធានាធិបតី​នៅ​ទីក្រុង West Palm Beach រដ្ឋ Florida។

ក្រុម​មន្ត្រី​បាន​និយាយ​ថាទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ទូរសព្ទ​ដៃ​របស់ លោក Routh បង្ហាញ​ថាលោក​បាន​រង់ចាំ​រយៈពេល១២ម៉ោង ដោយ​លាក់​ខ្លួន​នៅ​ក្នុង​គុម្ពោត​ព្រៃមួយ​ចំនួនតាម​របង​ដែកនៅ​ចន្លោះ​រន្ធកូន​ហ្គោល​ទី៥ និងទី៧។

លោក Routh ត្រូវ​បាន​អាជ្ញាធរ​សហព័ន្ធ​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​អាវុធ​ថា​ក្នុងនាម​ជា​ជន​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​កាត់​ទោស និង​កាន់​កាប់​អាវុធ​ដែល​មាន​លេខ​សៀរៀល​ដែល​បាន​លុប​ចោល។

កាលពី​ថ្ងៃ​អង្គារ អភិបាល​រដ្ឋ Florida លោក Ron DeSantis ដែល​ត្រូវ​បាន​ផ្តួល​ដោយ លោក Trump ក្នុង​ការប្រកូត​យក​បេក្ខភាព​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ឆ្នាំ ២០២៤បាន​និយាយ​ថាអាជ្ញាធរ​រដ្ឋ​នឹង​ស៊ើបអង្កេត​ឧប្បត្តិហេតុ​នេះ​ផង​ដែរ។

លោក DeSantis បាន​និយាយ​ថា​លោក​មិន​មាន​ទំនុក​ចិត្តលើ​រដ្ឋាភិបាល​សហព័ន្ធ​ក្នុង​ការធ្វើការ​ស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព​នោះ​ទេ។

អាជ្ញាធរ​បាន​និយាយ​ថាលោក Routh បាន​រត់​គេច​ខ្លួន​នៅ​ក្នុង​រថយន្ត Nissan ពណ៌​ខ្មៅ បន្ទាប់​ពី​កង​អង្គរក្ស​ប្រធានាធិបតី​បាន​បាញ់​យ៉ាង​ហោច​ណាស់​បួន​បង់ទៅកាន់ទិសដៅ​របស់​លោក បន្ទាប់​ពី​ប្រទះ​ឃើញ​កាំភ្លើង​វែង​មួយ​ដើម តម្រង់​កាណុង​កាត់ចូលរបង​ទីលានវាយកូនហ្គោល៕