បទសម្ភាសន៍ VOA៖ អ្នកនិពន្ធ Abby Seiff ថា «យើងគួរនៅមានសង្ឃឹមថា បញ្ហាបឹងទន្លេសាបនឹងអាចប្រសើរឡើងវិញ»
Your browser doesn’t support HTML5
កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសមួយមានផលនេសាទចម្រុះបំផុតក្នុងពិភពលោកដោយសារប្រព័ន្ធអេកូឡូស៊ីពិសេសមួយនៃទន្លេមេគង្គ និងបឹងទន្លេសាប។ ប្រព័ន្ធអេកូឡូស៊ីនេះបានទ្រទ្រង់ការនេសាទ និងការធ្វើស្រែចំការ របស់ប្រជានេសាទ និងប្រជាកសិករ រាប់លាននាក់តាំងពីបុរាណមក។ ប៉ុន្តែឥឡូវនេះ បឹងទន្លេសាបកំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ។ សៀវភៅថ្មីមួយក្បាលដែលមានកម្រាស់១៣០ទំព័រ និពន្ធដោយអ្នកកាសែតអាមេរិកាំងម្នាក់គឺ កញ្ញា Abby Seiff ដែលមានចំណងជើងថា «Troubling the Water: A Dying Lake and A vanishing World in Cambodia» បានរៀបរាប់អំពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់ប្រជាជនកម្ពុជា និងបឹងនេះ ក៏ដូចជាការគំរាមកំហែងដែលបង្កឡើងដោយការនេសាទហួសកម្រិត ផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ និងការប្រែប្រួលអាកាសធាតុ។ កញ្ញា Abby Seiff ធ្លាប់បានធ្វើការជាអ្នកយកព័ត៌មាននៅកម្ពុជាជាង ១០ ឆ្នាំ។ អ្នកនាង ខាន់ សុគុំមនោ នៃវីអូអេខ្មែរ បានសន្ទនាជាមួយអ្នកកាសែតរូបនេះអំពីសៀវភៅរបស់នាង ដែលទើបត្រូវបានបោះពុម្ពកាលពីខែមីនាកន្លងទៅ។