ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បានធ្វើឲ្យមនុស្សភាគច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិនបានត្រៀមខ្លួនទុកជាមុន។ ខណៈដែលវីរុសកូរ៉ូណាប្រភេទថ្មីបន្តរាតត្បាតនៅសហរដ្ឋអាមេរិកនិងជុំវិញពិភពលោក អាជីវកម្មនិងស្ថាប័នសង្គមនានាស្រវាស្រទេញព្យាយាមឆ្លើយតបនឹងវិបត្តិនេះ។ អ្នកស្រីវេជ្ជបណ្ឌិត ស្រីរ៉ម គុយ វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងនិងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅមហាវិទ្យាល័យ Baylor College ក្នុងរដ្ឋ Texas បានបង្កើត«ហិបសម្ភារៈត្រៀមនឹងកូវីដ១៩»តាមអនឡាញមួយដែលមានសំណួរមួយចំនួនដើម្បីវាយតម្លៃនិងឯកសារពិគ្រោះសម្រាប់ជួយអាជីវកម្មនិងស្ថាប័នវិស័យសុខាភិបាលនានាត្រៀមខ្លួនចំពោះវិបត្តិជំងឺកូវីដ១៩។ អ្នកស្រីវេជ្ជបណ្ឌិត បានថ្លែងប្រាប់លោក សឹង សុផាត នៃ VOA នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៥ ខែមេសា ថា ខណៈដែលមិនមានអ្នកណាម្នាក់អាចត្រៀមខ្លួននឹងវិបត្តិការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ឲ្យបាន១០០%ក្តី ក៏ឯកសារពិគ្រោះនេះអាចជួយអ្នកដឹកនាំស្ថាប័នវាយតម្លៃស្ថានភាពប្រតិបត្តិការបានឆាប់រហ័សនិងរៀបចំផែនការឆ្លើយតបនឹងវិបត្តិនេះជាពិសេសនៅក្នុងបណ្តាប្រទេសទាំងឡាយដែលស្ថិតនៅក្នុងដំណាក់កាលដំបូងៗនៃការចាប់រាតត្បាតនៃកូវីដ១៩នៅឡើយដូចប្រទេសកម្ពុជាជាដើម។
ខាងក្រោមជាតំណភ្ជាប់ទៅកាន់ «ហិបសម្ភារៈត្រៀមនឹងកូវីដ១៩» ជាសំណួរពិគ្រោះជាភាសាអង់គ្លេស។
សម្រាប់ស្ថាប័នវិស័យសុខាភិបាល
សម្រាប់អាជីវកម្មនិងស្ថាប័នមិនមែនសុខាភិបាល