បទសម្ភាសន៍ VOA៖ លោកផៃ ស៊ីផាន ថាពាក្យ«សារព័ត៌មានឯករាជ្យ»ត្រូវគេប្រើសម្រាប់ធ្វើបដិវត្តន៍
Your browser doesn’t support HTML5
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ អ្នកសារព័ត៌មានទូទាំងពិភពលោក នឹងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ «សារព័ត៌មានគ្មានការភ័យខ្លាច ឬលម្អៀង» (Journalism without Fear or Favor)។ របាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២០ ចេញផ្សាយដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខ ១៤៤ ក្នុងចំណោមប្រទេសសរុបចំនួន ១៨០ ដែលជាការធ្លាក់ចំណាត់ថ្នាក់៣ឆ្នាំជាប់ៗគ្នា។ ការធ្លាក់ចុះនេះកើតមាន ក្រោយមានការបិទសារព័ត៌មានឯករាជ្យនិងការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន ដែលមិនចំណុះរដ្ឋាភិបាល។ ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា អ្នកសារព័ត៌មានមិនគួរខ្លាចមិនហ៊ានសរសេរអ្វីដែលខ្លួនចង់រាយការណ៍ឡើយ តែមិនត្រូវធ្វើរំលងច្បាប់របស់ប្រទេស។ លោកថា ពាក្យ«សារព័ត៌មានឯករាជ្យ»ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើបដិវត្តន៍។ លោកអូន ឆេងប៉រ នៃ VOA បានរៀបរៀងកិច្ចសម្ភាសន៍នេះពីរាជធានីភ្នំពេញ៕