បទសម្ភាន៍ VOA៖ ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
Your browser doesn’t support HTML5
ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា«ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរ លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថា នេះជាលើកទីមួយហើយ ដែលអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍បានទទួលជំនួយដោយផ្ទាល់ ដើម្បីអាចថែទាំសុខភាពខ្លួនឯង និងចែករំលែករឿងរ៉ាវ ពិសោធន៍ពេលឆ្លងកាត់របបខ្មែរក្រហម។ លោកបានបន្ថែមថា ក្នុងនាមលោកជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហមដែរនោះ លោកខិតខំស្វែងរកវិធីដែលអាចជួយដល់អ្នករស់រានមានជីវិត ក៏ដូចជាចង់បង្ហាញពីទឹកចិត្តដែលអាចជួយរក្សាភាពជាមនុស្សរបស់ពួកគាត់ និងធ្វើយ៉ាងណាឲ្យវត្តមានរបស់ពួកគាត់ស្ថិតក្នុងការចងចាំរបស់ក្មេងជំនាន់ក្រោយ៕