ក្មេងៗជំនាន់ក្រោយប្រើអ៊ីនធើណេតបញ្ឆេះឲ្យមានមហាបាតុកម្មទូទាំងប្រទេសទុយនេស៊ីបណ្តេញលោកប្រធានាធិបតី ហ្ស៊ីន អិល អាប៊ិឌិន បិន អាលី (Zine el Abidine Ben Ali) ឲ្យនិរទេសខ្លួនទៅបរទេស។
ព្រឹត្តិការណ៍នេះត្រូវបានហៅថា បដិវត្តន៍ចាស្ម៊ីន ឬ បដិវត្តន៍ផ្កាម្លិះ (Jasmine Revolution) ប៉ុន្តែអ្នកខ្លះហៅថាបដិវត្តន៍ហ្វេសប៊ុក (Facebook Revolution)។ ធ្វីតធ័រ (Twitters) អ៊ីម៉េល និងប្លក (blog) បានប្រមូលផ្តុំការធ្វើបាតុកម្មតវ៉ារាប់សប្តាហ៍មកហើយនៅទូទាំងប្រទេសទុយនេស៊ី ដែលតាំងនៅក្នុងទ្វីបអាហ្រ្វិកភាគខាងជើង ប្រឆាំងនឹងរបបផ្តាច់ការរបស់លោកប្រធានាធិបតី ហ្ស៊ីន អិល អាប៊ិឌិន បិន អាលី (Zine el Abidine Ben Ali) ដែលកាន់អំណាចដ៏យូរ។
នៅតាមផ្លូវក្នុងរដ្ឋធានី ជនទុយនេស៊ីក្មេងៗ ដូចជា ម៉ារូអិន ហ្ការ៉ា (Marouen Gara) ដែលជាបុគ្គលិកទូរគមនាគមន៍អាយុ២៧ឆ្នាំ ដឹងប្រាកដថា អាវុធថ្មីបំផុតសម្រាប់ការផ្លាស់ប្តូរគឺ ប្រព័ន្ធអ៊ីនធើណេត។ ហ្ការ៉ា ហៅព្រឹត្តិការណ៍នេះថាជាបដិវត្តន៍អ៊ីនធើណេត។ អ្នកសរសេរប្លកអាចជៀសផុតពីការពិនិត្យចាប់ពិរុទ្ធ និងប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីផ្ញើចេញទៅទូទាំងប្រទេសទុយនេស៊ី និងជុំវិញពិភពលោកនូវសេចក្តីទុក្ខសោកអំពីកង្វះលទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាលផ្តាច់ការរបស់លោក បិន អាលី មានការអត់ឱនតិចតួចចំពោះសេរីភាពអ៊ីនធើណេត។ រដ្ឋាភិបាលបានបិទគេហទំព័រជាច្រើន ហើយចាប់ខ្លួនអ្នកសរសេរប្លកមួយចំនួន។
ប៉ុន្តែជនទុយនេស៊ីវ័យក្មេងដូច នាងសាលូអាហ៍ ដាលហ៊ូមី (Salouah Dalhoumi) ដែលអង្គុយនៅឯហាងកាហ្វេអ៊ីនធើណេតមួយនៅក្រុងទុយនីស បានរកឃើញវិធីបញ្ជូនសារចេញ។ នាងនិយាយថា អាជ្ញាធរទុយនេស៊ី ជាដំបូងព្យាយាមទប់បំបិទវីដេអូទូរស័ព្ទដៃស្តីអំពីការសម្លាប់អ្នកតវ៉ាប្រឆាំង កាលពីខែធ្នូ ដែលជំរុញឲ្យមានការបះបោរជាតិមួយ។ នាងដាលហ៊ូមីបន្តថា៖
«គាត់បង្កើតហ្វាយវ៉ល (Firewall) ដើម្បីទប់ស្កាត់ការចែកចាយវីដេអូនេះ។ ប៉ុន្តែយើងអាចដាក់បញ្ចូលវីដេអូក្នុងអ៊ីនធើណេត និងទាញយកវាដាក់ក្នុងកុំព្យូទ័រដៃ ហើយក្រោយមកចែកចាយឲ្យប្រជាពលរដ្ឋ»។
លោកស្រី ក្លែរ ស្ពែនសឺរ (Clair Spencer) ប្រធានកម្មវិធីកិច្ចការមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងនៃវិទ្យាស្ថានគោលនយោបាយ ឈែធឹម ហោស (Chatham House) នៃទីក្រុងឡុងដ៍ មានប្រសាសន៍ថា ទីបំផុត យុវជនទុយនេស៊ីបង្ហាញឲ្យឃើញថា ពួកគេឆ្លាតជាងក្រុមចាប់ពិរុទ្ធរបស់រដ្ឋាភិបាល។ លោកថ្លែងថា៖
«នៅពេលអ្វីមួយត្រូវបានហាមប្រាមក្នុងប្រព័ន្ធអ៊ីនធើណេត ពេលនោះគឺមានអ្នករកវិធីបំបែក។ ដូច្នេះយុទ្ធសាស្រ្តគ្រប់គ្រងរបស់រដ្ឋាភិបាលមិនបានផលប៉ុន្មានទេក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ»។
សារអ៊ីនធើណេតជាច្រើន ត្រូវបានផ្សព្វផ្សាយទូទាំពិភពលោកយ៉ាងឆាប់រហ័ស ដោយបានភ្ជាប់ទំនាក់ទំនងជនទុយនេស៊ីទាំងឡាយនៅបរទេសទៅនឹងព្រឹត្តិការណ៍នៅក្នុងប្រទេសកំណើតរបស់គេ។ លោក ម៉ូហាម៉ិដ បិន ហាហ្ស៊ូហ្ស (Mohamed Ben Hazouz) វិស្វករសុហ្វវ៉ែរកុំព្យូទ័រ (Software) ដែលកំពុងរស់នៅទីក្រុងប៉ារីស អានសារទាំងនេះ។ គាត់បានជិះយន្តហោះទៅកាន់ទីក្រុងទុយនីស កាលពីព្រឹកថ្ងៃសុក្រដើម្បីចួលរួមក្នុងមហាបាតុកម្មដែលបានបណ្តេញលោក បិន អាលី ចេញពីតំណែង។ លោក ហាហ្ស៊ូហ្ស និយាយថា៖
«ក្នុងនាមជាវិស្វករសុហ្វវែរ ខ្ញុំគិតថា នេះជាបដិវត្តន៍អ៊ីនធើណេតទីមួយក្នុងពិភពលោក។ នៅក្នុងពិភពលោកថ្មីនៃអ៊ីនធើណេត បដិវត្តន៍នេះចាប់ផ្តើមពីទ្វីបអាហ្វ្រិក»។
ធាតុមួយចំនួនដែលបង្កើតឲ្យមានបដិវត្តន៍អ៊ីនធើណេតនៅទុយនេស៊ី ក៏មាននៅទីកន្លែងផ្សេងទៀតនៅក្នុងពិភពអារ៉ាប់ដែរ ដែលមានរដ្ឋាភិបាលផ្តាច់ការ មានអត្រាអត់ការងារធ្វើខ្ពស់ មានហាងកាហ្វេអ៊ីនធើណេត និងមានប្រជាពលរដ្ឋមានចំណេះដឹងច្រើន ជាពិសេសយុវជនសកម្មដែលចូលរួមជាមួយគេ។ លោកស្រី ក្លែរ ស្ពែនសឺរ មានប្រសាសន៍ថា៖
«គួរត្រូវបានចោទសួរ ថាតើពួកគេនឹងប្រមូលផ្តុំគ្នាដូចអ្វីដែលយើងបានឃើញនៅទុយនេស៊ី នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះដែរឬទេ? ប៉ុន្តែខ្ញុំយល់ថា និន្នាការយូរអង្វែងនោះ គឺថា នេះជាជំនាន់មួយដែលមានចំណេះដឹង ដែលពេញដោយព័ត៌មាន ដែលមានការទាមទារសិទ្ធិចូលរួមថែមទៀត ដើម្បីទទួលបានតួនាទីជាពលរដ្ឋនៅក្នុងរដ្ឋរបស់គេ ដោយមិនអង្គុយស្ងៀមតាមការបោះឆ្នោតលួចបន្លំ ខ្វះតំណាងនយោបាយ និងខ្វះការចូលរួមក្នុងវិស័យសេដ្ឋកិច្ចនោះទេ»។
បដិវត្តន៍អ៊ីនធើណេតទុយនេស៊ី នៅតែកំពុងបន្ត។ មេរៀនដែលបដិវត្តន៍នេះនឹងផ្តល់ឲ្យពិភពអារ៉ាប់ទាំងមូល នៅតែមិនទាន់ច្បាស់លាស់នៅឡើយ៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ