ទិវាសិទ្ធិនារី​ឆ្នាំ​២០២៤​ និង​តួនាទី​ស្ត្រី​​ក្នុង​វិស័យ​សេដ្ឋកិច្ច

រូបឯកសារ៖ ស្ត្រី​ច្រៀង​និង​រាំ​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​កីឡដ្ឋាន Mobolaji Johnson ក្នុង​ទីក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

ទិវាសិទ្ធិនារី​អន្តរជាតិ​ដែល​ជា​យុទ្ធនាការ​ប្រចាំ​ឆ្នាំ​មួយ​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ផ្សព្វផ្សាយកិច្ចប្រឹងប្រែងបង្កើត​សមភាព​យេនឌ័រ​នៅជុំវិញ​ពិភពលោកនោះ​ នៅ​ឆ្នាំ​នេះ​ទិវា​នេះ​ប្រារព្ធធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ​ទី​៨ ​ខែ​មីនា​ ​ក្រោម​ប្រធាន​បទ​ «វិនិយោគ​លើ​ស្ត្រី​ ​បង្កើន​ការ​រីកចម្រើន»។ នេះ​ជាគំនិត​មួយដែលបង្កើត​ឱ្យ​មាន​ស្ថិរភាពសេដ្ឋកិច្ច​របស់​ស្ត្រី អាច​ជា​ដំណើរ​ដ៏​វែង​ឆា្ងយ​មួយ​ ក្នុង​ការ​សម្រេច​បាន​នូវ​កិច្ចប្រឹងប្រែង​ដែល​មាន​សមភាព។ ​

អ្នក​ស្រី​ Jemimah Njuki ប្រធាន​ផ្នែក​ផ្តល់​អំណាច​សេដ្ឋកិច្ចនៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លើ​ស្ត្រី ឬ UN Women ​បាន​និយាយ​ថា​ ប្រធាបទសម្រាប់​ការប្រារព្ធទិវា​សិទ្ធិនារី​ក្នុង​ឆ្នាំ​នេះ​ គឺមាន​លក្ខណៈ​បន្ទាន់​ ពី​ព្រោះ «​ពិភព​លោកកំពុង​ស្ថិត​ក្នុង​របត់​ផ្លូវដ៏​សំខាន់​មួយសម្រាប់សមភាព​យេនឌ័រ»។

អ្នក​ស្រីកត់​សម្កាល់​ថា​ ​ក្នុង​ពិភពលោក​ សិទ្ធិ​ស្រី្ត​កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង​ ឬ​ក៏​មាន​ការ​ដើរ​ថយ​ក្រោយ​នៅ​កន្លែង​ខ្លះ​ ដែល​ស្ត្រី​ធ្លាប់​គិត​ថា គេធ្លាប់​ធ្វើ​ឱ្យ​មាន​ការ​ចម្រើន​ទៅ​មុខ​លើ​បញ្ហា​សិទ្ធិស្ត្រី​។ យោង​តាម​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លើ​ស្ត្រី មាន​ស្ត្រី​ម្នាក់ក្នុង​ចំណោម​១០នាក់​ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ខ្លាំង​បំផុត។

ការ​សិក្សារបស់​អង្គការ​នេះ​បង្ហាញ​ថា​ មាន​ស្ត្រី​និង​ក្មេង​ស្រី​ប្រមាណ​៣៤០លាន​នាក់​ ដែល​ស្មើ​៨​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ស្ត្រី​សរុបទាំង​អស់​នៅ​លើពិភពលោក នឹង​មិន​អាចរំដោះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ​ខ្លាំង​ត្រឹម​ឆ្នាំ​២០៣០​បាន​ទេ ប្រសិនបើ​និន្នាការ​នៅ​តែ​បន្ត ​ដូច​អ្វីដែល​គេ​កំពុង​មាន​នា​ពេល​នេះ។​

ស្ត្រី​ជា​រឿយ​ៗទទួល​បន្ទុក​ថែ​ទាំ​គ្រួសារ​និង​ចាត់​ចែង​ប្រាក់កាសក្នុង​គ្រួសារ​ ជា​ពិសេស​ក្នុង​ពេល​មាន​វិបត្តិ នៅ​ពេល​ដែល​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​ថែទាំនិង​រដ្ឋាភិបាល។​

យោង​តាម​របាយការណ៍​វឌ្ឍនភាព​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ផ្តោត​លើ​យេនឌ័រ សម្រាប់​ឆ្នាំ២០២៣​ដោយអង្គការសហប្រជាជាតិ​ទទួល​បន្ទុកលើ​ស្ត្រី ឬ UN Women ​ មាន​គម្លាត​ការ​ផ្តល់​ថវិកា៣៦០ពាន់​លាន​ដុល្លារ​ ពីរដ្ឋាភិបាល​សម្រាប់​អង្គការនានានិង​សម្រាប់​កម្មវិធី​នានា​ ដែល​គាំទ្រ​ដល់​ស្ត្រី​។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ បានធ្វើ​ការងារ​បំពេញ​គម្លាត​ថវិកា​នោះ ​ដោយ​ផ្តល់​ហិរញ្ញប្បទានដល់​កម្មវិធី​ជា​ច្រើន​ ឬ​ផ្តល់ប្រាក់​កម្ចី​ដល់​ស្ត្រី។

អ្នក​ស្រី​ Robyn G. Nietert ជា​ប្រធាន​និង​សហ​ស្ថាបនិក​អង្គការ​គំនិត​ផ្តួចផ្តើមមីក្រូហិរញ្ញវត្ថុរបស់​ស្ត្រី​ ដែល​ជា​អង្គការ​មួយផ្តល់ប្រាក់​កម្ចី​ខ្នាតតូច​ និងបណ្តុះបណ្តាល​ការ​យល់​ដឹងផ្នែក​ហិរញ្ញវត្ថុ​ដល់​ស្ត្រី​ក្រីក្រ​ក្នុង​តំបន់​ជនបទ ​ក្នុង​ប្រទេស​អូហ្គង់ដា កេនយ៉ា​ និង​ប្រទេស​តង់សានី។ អ្នក​ស្រី​និយាយ​ថា​ ​ការ​ផ្តល់​ប្រាក់កម្ចី​ដល់​ស្ត្រីដើម្បីបង្កើត​មុខរបរ​អាជីវកម្ម​ផ្ទាល់​ខ្លួន ជាលទ្ធផល​បង្ហាញ​ថាបទដ្ឋានរស់​នៅ​និង​ការ​គាំទ្រ​ដល់​ក្រុម​គ្រួសាររបស់​គេ​មាន​ភាព​ល្អប្រសើរជាងមុន។

អ្នក​ស្រី Nietert និយាយ​ថា​ «គ្រប់គ្នា​ត្រូវ​មាន​សកម្មភាព​សេដ្ឋកិច្ច បើ​មិន​ដូច​នេះ​ទេនឹង​ត្រូវ​ស្លាប់។ បើ អ្នក​មិនមាន​សកម្មភាព​សេដ្ឋកិច្ច អ្នក​ត្រូវ​ធ្វើ​អ្វី​មួយ ដើម្បី​មាន​ប្រាក់​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ទិញ​ម្ហូបអាហារ​ ​ទឹក​ និង​មាន​កន្លែង​រស់​នៅ។ ដូច​នេះស្ទើរ​តែ​គ្រប់ពេល​ទាំង​អស់​ ដែល​អ្នក​ផ្តល់​ប្រាក់​កម្ចី​ ​អ្នក​បង្កើត​ឱ្យ​មាន​រឿង​ជោគជ័យ​មួយ ពី​ព្រោះ​អ្នកបាន​ជួយ​ដល់​មនុស្ស​ម្នាក់​ដែល​គ្មាន​អ្វី​ទាំងអស់​ អាច​ចាត់ចែង​រស់នៅជា​មួយ​ប្រភព​ហិរញ្ញប្បទាន​មួយ​ ​ដែល​អាច​ជួយផ្ចុង​ផ្តើម​មុខរបរដល់​ពួក​គេ»។

អង្គការគំនិត​ផ្តួចផ្តើម​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ ​ក៏​បាន​ផ្តល់ផង​ដែរ​ នូវ​ការ​បណ្តុះបណ្តាល​ការយល់​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ដើម្បីបង្រៀន​ដល់​ស្ត្រីពី​របៀបចាត់ចែង​លុយកាក់​ នៅពេល​ដែល​ពួកគេ​ទទួលបាន។

​អ្នក​ស្រី Nietert ថ្លែងបន្ថែម​ទៀត​ថា​ «វា​ធ្វើឱ្យ​ស្ត្រី​ទាំង​នោះមាន​អារម្មណ៍​ថា​ ពួកគេអាច​គ្រប់គ្រង​ជីវិត​ខ្លួន​ឯង​បាន​» ខណៈ​ដែល​គេ​យល់​ដឹង​ពី​ការ​កេងប្រវ័ញ្ច​របស់​អង្គការ​ខ្លះ​ ដែល​អះអាង​ថា​គេ​ចង់ផ្តល់​ប្រាក់​កម្ចី​នោះ។

អ្នក​ស្រី​និយាយ​ទៀត​ថា​ «វា​មិន​មែន​ជា​រឿង​អាថ៌កំបាំង​អ្វី​ធំដុំ​ទៀត​ទេ​ អំពី​ការកេងប្រវ័ញ្ចនៅ​ក្នុង​ពិភព​ផ្តល់ប្រាក់កម្ចី​នោះ។ វា​ជា​រឿង​ហួសហេតុ​ខ្លាំង​ ដោយ​មាន​ការប្រាក់​ខ្ពស់​ តម្លៃ​សេវា​ដែល​ត្រូវបង់​មានច្រើន​ហួសហេតុ ត្រូវ​មាន​វត្ថុ​ធានាឬបញ្ចាំ​ច្រើនសន្ធឹកសន្ធាប់ មិន​ទុក​ពេលវេលា​អនុគ្រោះ​ រឹបអូស​យក​របស់​ធានា​បញ្ចាំ​ ដែល​ពេលនោះ​ហើយ​ មិន​អាច​ធ្វើ​ឱ្យអ្នក​ដែល​ខ្ចី​នោះ​អាច​រួច​ផុត​ពី​បំណុល​ដើមឡើយ»។

អ្នក​ស្រី​ក៏​បាន​កត់​សម្កាល់​ផង​ដែរ​ថា​ ការ​ធ្វើ​ការ​ក្នុងសហគមន៍​ជនបទ​តូចតាច​ បង្កើត​ឱ្យ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ និង​ការ​ធានា​ក្នុង​សង្គម​ដែល​ត្រូវ​បាន​អនុវត្ត​ឡើងដោយ​សហគមន៍​ស្រ្តី​ខ្លួន​ឯង ក្នុង​ការ​ធានា​ថា​គេ​នឹងទូទាត់​សង​ប្រាក់​កម្ចី​ទាំង​នោះ​មក​វិញ។ ​

តាម​ការ​ប្រមើមើល​របស់​អ្នកស្រី​ Nietert ប្រាក់កម្ចីលុបបំបាត់ភាព​មិន​ប្រាកដប្រជា​ ដែល​នឹង​ផ្តល់​សេរីភាព​ដល់​ស្ត្រី​ ឱ្យ​យកចិត្តទុកដាក់​លើ​ទិដ្ឋភាព​គ្រួសារ​ ដូច​ជាការថែទាំ​កូន​និង​សុខភាព​ជា​ដើម។ ​

អ្នក​ស្រី Beverley Francis-Gibson ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ Together Women Rise ដែល​ជា​ក្រុមមួយ​ដែល​ផ្តល់ប្រាក់ឧបត្ថម្ភ​ដល់​អង្គការនានា ​ដែល​ផ្តល់​អំណាចដល់​ស្ត្រី​និង​ក្មេងស្រីក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ បាន​ចែក​រំលែកពី​បទពិសោធន៍​របស់​អ្នក​ស្រី ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​អង្គការផ្តល់មូលនិធិ​ TWR ចំនួន​៤​ ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​ធ្វើ​ការដើម្បី​ជួយ​ដល់​ក្មេង​ស្រី។

អ្នក​ស្រី​និយាយ​ថា​ «ក្មេងស្រីៗ​បានប្រាប់​យើង​ថា​ ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​វីរៈ​នារីនៅ​ក្នុង​សហគមន៍​របស់គេ។​ ​ក្មេង​ស្រី​នីមួយៗ​ស្រមៃ​ចង់​ផ្លាស់​ប្តូរ​ពិភពលោក​ មិន​មែន​សម្រាប់តែ​គ្រួសារ​គេ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​គឺ​សម្រាប់​ខ្លួន​របស់ពួកគេ​ផ្ទាល់។ យើង​មាន​ក្មេង​ស្រី​មួយ​ចំនួន​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ ចង់​ក្លាយ​ជា​សមាជិក​រដ្ឋសភា ឬ​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​អន្តរជាតិ​ជា​ដើម។​ យើង​ឃើញក្មេងស្រីខ្លះ​ទៀត​ ​មាន​បំណង​ចង់​ក្លាយ​ជា​មេធាវី​ផង​ដែរ»។

​ផ្អែកតាម​ការ​សង្កេត​របស់​អ្នក​ស្រី​ បទ​ពិសោធន៍​របស់​អ្នកស្រី​បាន​សង្កត់ធ្ងន់​លើ​ជំនឿ​ចិត្ត​ថា​ នៅ​ពេល​ដែល​សង្គម​ជាតិ​មួយ​ វិនិយោគ​លើ​ស្ត្រី​និង​ក្មេងស្រី​ ​ពួក​គេ​ទទួល​បាន​នូវ​អំណាច ដែល​នឹង​បង្កើត​ពិភពលោក​មួយ​ ដែល​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ សុវត្ថិភាព​ សន្តិភាព​និង​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ជាង​មុន។

ទិវា​សិទ្ធិនារី​អន្តរជាតិគាំទ្រ​ដល់​រដ្ឋាភិបាល​នានា​ ឱ្យធ្វើ​ការ​ចូលរួម​ដោយ​ពេញលេញ​ ដើម្បី​ឆ្លើយតបនូវ​ភាព​ចាំបាច់​ចម្រុះសម្រាប់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​ ដោយ​ប្រើប្រាស់​នូវទំនាក់ទំនង​ជា​មួយផ្នែក​ឯកជន​ និង​សង្គមស៊ីវិល​ ដើម្បី​បង្កើត​ឱ្យ​មាន​ជម្រើសដ៏​ល្អបំផុតក្នុង​ការគាំទ្រ​ដល់​ស្ត្រី។

អ្នក​ស្រី​ Francis-Gibson និយាយ​ថា «យើង​ដឹង​ថា​ ការ​លើក​កម្ពស់​ពិភពលោក​ ​ការ​លើក​កម្ពស់​សហគមន៍​ កើត​ឡើង​ពី​ការ​ចូលរួម​របស់​ក្មេងស្រី​ម្នាក់​និង​ស្រ្តី​ម្នាក់ ​ក្នុង​ពេលមួយ។ ប៉ុន្តែ​យើង​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា ដើម្បីធ្វើ​ឱ្យ​យើង​ទទួល​បាន​លទ្ធផល​ល្អ យើង​ត្រូវ​ដោះស្រាយ​នូវ​មូលហេតុ​ជា​រឹសគល់​ ឬទ្រឹស្តី​ឧបសគ្គ​ជា​ប្រព័ន្ធ​ ដែល​រាំងខ្ទប់​ស្ត្រី​និង​ក្មេង​ស្រីមិនឱ្យ​រស់​នៅ​ក្នុង​ជីវិត​ដ៏​ពេញលេញ​របស់​គេ​បាន​»។

អ្នក​ស្រី​ Njuki​ នៃ​អង្គការ​ស្ត្រី​សហប្រជាជាតិ​ បាន​កត់​សម្កាល់​ថា​ ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរប្រកប​ដោយ​ចីរភាព​ក្នុង​ការបង្កើត​ឱ្យ​មាន​សមភាព សហគមន៍​សាកល​ ត្រូវ​ការ​ទទួល​ស្គាល់​ទាំង​ស្រុងនូវ​តួនាទី​ដ៏​សំខាន់​របស់ស្ត្រី​ជា​មុន​សិន។

អ្នក​ស្រី​បន្ថែម​ទៀត​ថា​ «អ្វី​ដែល​ពិភពលោក​ចាំបាច់ត្រូវ​យល់​ដឹង​នោះគឺ​ថា​ វិបត្តិទាំង​អស់ ​សុទ្ធ​តែ​មាន​ការ​ពាក់ព័ន្ធ​ជា​មួយ​បញ្ហា​ដែល​ស្ត្រី​ប្រឈម។ ការប្រែប្រួល​អាកាសធាតុ​មាន​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​ស្ត្រី​ប្រឈម ​ជម្លោះ​ក៏​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​ស្ត្រី​ប្រឈម​ផងដែរ។ យើង​កំពុង​ឃើញ​ស្ត្រី​កាន់​តែ​ច្រើន​ឡើងៗកំពុង​រស់​នៅ​ក្នុង​ជម្លោះ​។ ដូចនេះ​ យើង​មិន​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន​ ដោយគ្មាន​ការវិនិយោគ​ទៅ​លើ​ស្រ្តីឡើយ។ ពីព្រោះ​បើ​យើង​វិនិយោគ​លើ​ស្ត្រី​ យើង​ឃើញមាន​ការរីក​ចម្រើន​ទៅ​មុខកាន់​តែ​ខ្លាំង​ក្នុង​សង្គម​ និងឃើញសង្គម​មួយមាន​សន្តិភាព​កាន់​តែ​ខ្លាំង​ជាង​មុន»៕

ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ