ចំនួនភ្ញៀវទេសចរបរទេសដែលចូលមកប្រទេសកម្ពុជាបានធ្លាក់ចុះ៥២%ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះគឺចុះពីជាង២លាន៤សែននាក់មកនៅត្រឹមជាង១លាន១សែននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Xinhua ដែលបានចេញផ្សាយនៅថ្ងៃទី១៦ខែមិថុនានេះ។
សេចក្តីរាយការណ៍ព័ត៌មាននេះ ដែលយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍កម្ពុជា ក៏បានដកស្រង់សម្តីរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបាននិយាយកាលពីខែមុនថា កម្ពុជាអាចនឹងបាត់បង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ៣ពាន់លានដុល្លារនៅឆ្នាំ២០២០នេះ ដោយសារតែការធ្លាក់ចុះភ្ញៀវទេសចរបរទេសក្នុងគ្រាដែលមានការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩។
វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់មួយក្នុងចំណោមវិស័យ៤ដែលជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាដោយបានទាក់ទាញភ្ញៀវទេសចរបរទេស៦លាន៦សែននាក់កាលពីឆ្នាំមុន និងផ្តល់ចំណូលជិត៥ពាន់លានដុល្លារអាមេរិកដល់កម្ពុជា។
សារព័ត៌មានរដ្ឋចិនដដែលបានរាយការណ៍ថា គ្រាន់តែនៅក្នុងខែមេសាឆ្នាំ២០២០ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះរហូតដល់៩៩ភាគរយ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំមុនគឺធ្លាក់ពីចំនួន៥៣៧៦៥៦នាក់មកនៅត្រឹមតែ៤៨៤១នាក់ប៉ុណ្ណោះ ដោយសារតែកូវីដ១៩។
គិតត្រឹមថ្ងៃទី១៤ខែមិថុនានេះ កម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩សរុបចំនួន១២៨នាក់ ក្នុងនោះ១២៥នាក់បានជាសះស្បើយ ហើយសល់៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងទីក្រុងភ្នំពេញ។ នេះបើផ្អែកតាមក្រសួងសុខាភិបាលកម្ពុជា៕