អង្គការអន្តរជាតិចំនួន ៣ បង្កើតញត្តិតាមអនឡាញដើម្បីប្រមូលការគាំទ្រទាមទារឱ្យមានការដោះលែងសកម្មជនចលនាមាតាធម្មជាតិចំនួន ៥ នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែកក្កដា។
អង្គការអន្តរជាតិចំនួន ៣ នោះរួមមាន Rainforest Rescue, Stiftung Asienhaus និង FIAN ក្នុងគោលបំណងប្រមូលអ្នកគាំទ្រចំនួន ១៥ ម៉ឺននាក់ ដើម្បីស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជនបរិស្ថានទាំងនោះដោយឥតលក្ខខណ្ឌ ព្រមទាំងបញ្ឈប់រាល់ទម្រង់នៃការយាយី និងបៀតបៀនគ្រប់ប្រភេទមកលើសកម្មជនបរិស្ថាន។
ក្នុងញត្តិអនឡាញនោះបានសរសេរថា សកម្មជនវ័យក្មេងទាំងនោះបានធ្វើការដោយមិនចេះនឿយហត់ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ហើយដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ ពួកគេមិនត្រូវទទួលទណ្ឌកម្មចំពោះរឿងនេះទេ។ ការអភិរក្សធម្មជាតិមិនមែនជាឧក្រិដ្ឋកម្មឡើយ។
ញត្តិដដែលនោះបញ្ជាក់ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «យើងសូមអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកបរិស្ថានដែលកំពុងជាប់ពន្ធនាគារជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ទម្លាក់ចោលការចោទប្រកាន់ និងការផាកពិន័យទាំងអស់ ហើយបញ្ចប់ការគាបសង្កត់ និងការបៀតបៀនដោយឥតឈប់ឈរនៃចលនាការពារបរិស្ថាន»។
អ្នកស្រី Marianne Klute ប្រធានអង្គការ Rainforest Rescue ប្រាប់វីអូអេនៅថ្ងៃទី ៨ ខែកក្កដានេះថា ការបង្កើតញត្តិប្រមូលការគាំទ្រនេះ គឺដោយសាររដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ និងបន្តធ្វើទុក្ខបុកម្នេញមកលើសកម្មជន ដែលធ្វើការលើការងារការពារបរិស្ថាន។ អ្នកស្រីថា សកម្មជនចលនាមាតាធម្មជាតិកម្ពុជា បានធ្វើយុទ្ធនាការដោយសន្តិវិធីដើម្បីការពារបរិស្ថាន និងប្រទេសជាតិតែប៉ុណ្ណោះ។
អ្នកស្រីបន្តថា ញត្តិនេះត្រូវបានធ្វើឡើងបន្តពីញត្តិដែលបានបង្កើតតាំងពីឆ្នាំ ២០២១ នៅពេលដែលសកម្មជនមាតាធម្មជាតិត្រូវបានចាប់ខ្លួនលើកទី ១។ អ្នកស្រីថា ហត្ថលេខាអនឡាញដែលនឹងប្រមូលបានគ្រប់ចំនួន នឹងដាក់ទៅនាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងបរិស្ថាន និងបណ្តាស្ថានទូតនានាប្រចាំប្រទេសកម្ពុជា ដោយរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងគោរពសិទ្ធិអ្នកការពារបរិស្ថាន និងយកចិត្តទុកដាក់ពីកង្វល់បរិស្ថានធម្មជាតិ។
អ្នកស្រីប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនង Signal ថា៖ «ញត្តិនេះនឹងត្រូវបិទបន្ទាប់ពីអ្នកជាប់នៅក្នុងពន្ធនាគារត្រូវបានដោះលែង ហើយការចោទប្រកាន់ប្រឆាំងនឹងសកម្មជនចលនាមាតាធម្មជាតិទាំងដប់នាក់ត្រូវបានទម្លាក់»។
និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលចូលរួមចុះហត្ថលេខាលើញត្តិអនឡាញ កញ្ញា ចាន់ សំបូរ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការចាប់ខ្លួនសកម្មជនបរិស្ថានដាក់ពន្ធនាគារជាអំពើអយុត្តិធម៌ ដោយសកម្មភាពរបស់ពួកគេទាំងនោះកើតចេញពីការលះបង់ និងឆន្ទៈស្រឡាញ់ធនធានធម្មជាតិពិតប្រាកដ។
កញ្ញាឆ្លើយប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងសង្គមថា៖ «ខ្ញុំគាំទ្រឱ្យមានការដោះលែងសកម្មជនទាំង ៥ នាក់ ព្រោះសកម្មភាពដែលពួកគាត់បានធ្វើវាមិនមែនជាសកម្មភាពខុសច្បាប់នោះទេ តែជាសកម្មភាពដែលស្រលាញ់ និងការពារធនធានធម្មជាតិរបស់ប្រទេសខ្លួនតែប៉ុណ្ណោះ ម្យ៉ាងក៏មិនចង់ឃើញមានការជាន់ពន្លិចពីថ្នាក់ដឹកនាំដែលមានអំណាចមកគាបសង្កត់ធនធានមនុស្សដែលល្អស្មោះត្រង់ ជួយដល់ប្រទេសជាតិឱ្យមានភាពរីកចម្រើននោះដែរ»។
កញ្ញារំពឹងថា រដ្ឋាភិបាលកម្ពុជានឹងពិចារណាដោះលែងសកម្មជនបរិស្ថានទាំង ៥ នាក់ឱ្យមានសេរីភាពវិញ ក៏ដូចជារួមចំណែកបន្តលើកកម្ពស់ការការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក សល់ រ៉ា និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមួយរូបទៀតដែលចូលគាំទ្រការដាក់ញត្តិនោះដែរ លើកឡើងថា លោកចង់ឃើញសកម្មជនបរិស្ថានទាំងនោះបន្តសកម្មភាពក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិក្នុងប្រទេសកម្ពុជាបន្តទៀត។ លោកសង្ឃឹមថាក្រោយពីមានការដាក់ញត្តិនេះហើយ សកម្មជនចលនាមាតាធម្មជាតិអាចនឹងត្រូវបានដោះលែងឱ្យពួកគេទាំងនោះទទួលបានសិទ្ធិសេរីភាពត្រឡប់មកវិញ។
លោកថ្លែងថា៖ «វាពិតជាអយុត្តិធម៌មែនទែនតែម្តងចំពោះអ្នកដែលស្រឡាញ់បរិស្ថានដែលពួកគាត់ត្រូវជាប់ទោសដោយសារការពារធនធានធម្មជាតិដែលជាសម្បត្តិរួមទាំងអស់គ្នា ប៉ុន្តែដែលពុករលួយមែនទែនបែរជារួចទោស»។
កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកអាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez Davidson) សហស្ថាបនិកអង្គការមាតាធម្មជាតិ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ចំនួន ៨ ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ចំណែកលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងមនុស្សប្រាំនាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន ៦ ឆ្នាំ ពីបទរួមគំនិតក្បត់។
ក្រោយការប្រកាសសាលក្រមកាត់ទោសសកម្មជនចលនាមាតាធម្មជាតិឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី ៦ ទៅ ៨ ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» សមត្ថកិច្ចបានចាប់ខ្លួនលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក យឹម លាងហ៊ី យកទៅដាក់ពន្ធនាគារនៅតាមបណ្តាខេត្តផ្សេងៗគ្នា។
ឆ្លើយតបនឹងការការបង្កើតញត្តិអនឡាញរទាមទារឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង ៥ នាក់ និងទម្លាក់ចោទបទចោទលើសកម្មជនទាំង ១០ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ថ្លែងថា ការធ្វើញត្តិរបស់អង្គការអន្តរជាតិនេះ គឺជាសិទ្ធិសេរីភាពរបស់អង្គការនោះ ប៉ុន្តែលោកថា កម្ពុជាគឺជារដ្ឋអធិបតេយ្យដោយមានស្ថាប័នបីធំៗ ហើយរាល់ការសម្រេចចិត្តការកាត់ទោសណាមួយជារបស់អំណាចតុលាការ។
លោកបញ្ជាក់ថា៖ «មានតែស្ថាប័នតុលាការតែមួយគត់ដែលមានឆន្ទានុសិទ្ធិក្នុងការសម្រេចរឿងក្តី គ្មានស្ថាប័នណាមួយ ឬអង្គការណាមួយមានសិទ្ធិទៅបង្គាប់បញ្ជាតុលាការបានទេ»។
ក្រោយការកាត់ទោសសកម្មជនមាតាធម្មជាតិទាំង ១០ នាក់ និងចាប់ខ្លួនសកម្មជនទាំង ៥ នាក់ដាក់ពន្ធនាគារ គេឃើញមានការរិះគន់ពីអង្គការអន្តរជាតិនានា និងបណ្តាស្ថានទូតប្រទេសប្រជាធិតេយ្យធំៗនៅកម្ពុជា។
អង្គការសង្គមស៊ីវិលក្នុងស្រុកជាង ៥០ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ចាត់ទុកការផ្តន្ទាទោសលើសកម្មជនមាតាធម្មជាតិថាជា «រឿងគួរឱ្យអាម៉ាស់»។ ពួកគេស្នើឱ្យទម្លាក់ចោលការផ្តន្ទាទោស និងបញ្ឈប់ការចំណាយធនធានសម្រាប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើពួកគេបន្តទៀត៕