ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR) បានសម្តែងការព្រួយបារម្ភជាខ្លាំងនៅថ្ងៃអង្គារនេះចំពោះសេចក្តីរាយការណ៍ដែលថាអាជ្ញាធររបស់ប្រទេសកម្ពុជាកំពុងស្វែងរកចាប់ខ្លួននិងបញ្ជូនជនជាតិដើមភាគតិចតំបន់ភ្នំទៅឲ្យរដ្ឋាភិបាលវៀតណាមវិញ។
ដំណាលគ្នានេះអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សHuman Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានទទូចឲ្យអាជ្ញាធរប៉ូលិសកម្ពុជាបញ្ឈប់ទង្វើនេះ«ជាបន្ទាន់»។
នៅក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសនៅយប់ថ្ងៃអង្គារនេះម៉ោងនៅក្នុងប្រទេសកម្ពុជា ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបានថ្លែងថាខ្លួន «ព្រួយបារម្ភយ៉ាងជ្រាលជ្រៅ»ចំពោះសេចក្តីរាយការណ៍ដែលថាកងប៉ូលិសរបស់ប្រទេសកម្ពុជាកំពុងស្វែងរកជនជាតិដើមភាគតិចចារ៉ាយចំនួន១៣នាក់ដើម្បីបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។
ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពខាងលើនេះព្រមទាំងបញ្ឈប់ការណែនាំឲ្យអាជ្ញាធរមូលដ្ឋានតាមស្វែងរកនិងចាប់បញ្ជូនជនភៀសខ្លួនពីតំបន់ខ្ពង់រាបវៀតណាមទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ។
លោកស្រីវីវាន តាន់ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប្រចាំតំបន់មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងបាងកកមកថាអង្គការសហប្រជាជាតិទើបបានទទួលដំណឹងនេះនៅថ្ងៃនេះហើយអង្គការសហប្រជាជាតិទទូចឲ្យប្រទេសកម្ពុជាបញ្ឈប់សេចក្តីព្យាយាមនេះ។
«នៅថ្ងៃនេះយើងទទួលបានដំណឹងពីប្រភពនៅក្នុងប្រទេសថាមានការគំរាមកំហែងរបស់កងប៉ូលិសក្នុងការតាមចាប់ខ្លួននិងបញ្ជូនពួកគេទៅកាន់ប្រទេសវៀតណាមវិញ។ ការណ៍នេះមានចំណុចសំខាន់ពីរ។ ទី១គឺថាយើងបន្តតស៊ូមតិជាមួយរដ្ឋាភិបាលដើម្បីកុំឲ្យបញ្ជូនពួកគេត្រឡប់ទៅកាន់ទីកន្លែងដែលជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់នោះទេ។ ហើយពួកគេត្រូវតែមានលទ្ធភាពទទួលបានសិទ្ធិជ្រកកោណប្រសិនបើពួកគេស្វែងរកសិទ្ធិជ្រកកោណ។ ចំណុចទាំងពីរនេះដែលយើងទទូចឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាម»។
ជនជាតិដើមភាគតិចទាំង១៣នាក់នេះត្រូវគេរាយការណ៍ថាបានគេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមផ្នែកសេរីភាពសាសនា សេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណែតនិងសិទ្ធិដីធ្លី។ហើយពួកគេបានភៀសខ្លួនចូលក្នុងព្រៃនៃខេត្តរតនៈគីរីចាប់តាំងពីចុងខែតុលាមកម្ល៉េះដើម្បីស្វែងរកសិទ្ធិជ្រកកោណនៅប្រទេសទី៣។
ក្នុងចំណោមជនភៀសខ្លួនទាំងនោះមានស្ត្រីម្នាក់ផងដែលទើបនឹងចេញពីពន្ធនាគាររបស់រដ្ឋការក្រុងហាណូយ។
ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាអង្គការសហប្រជាជាតិស្នើឲ្យមានបេសកកម្មរួមមួយរវាងអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលទៅកាន់តំបន់ព្រំដែនដើម្បីយល់ពីស្ថានភាពនិងផ្តល់ភាពងាយស្រួលដល់ជនភៀសខ្លួន។
អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួននេះព្រមានថាការបញ្ជូនខ្លួនជនជាតិដើមភាគតិចចារ៉ាយទៅកាន់ប្រទេសវៀតណាមវិញដោយមិនគោរពតាមគោលការណ៍ស្ម័គ្រចិត្តគឺជាការរំលោភកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ។
នៅថ្ងៃដដែលនេះលោកភីល រ៉ូប៊ើតសុន (Phil Robertson)នាយករងអង្គការHuman Rights Watch ប្រចាំតំបន់អាស៊ីប៉ាស៊ីភិកក៏បានថ្លែងដូចគ្នានេះដែរថាកងប៉ូលិសកម្ពុជាត្រូវ«បញ្ឈប់ជាបន្ទាន់»នូវការតាមស្វែងរក ការឃុំខ្លួននិងបង្ខំឲ្យជនភៀសខ្លួនតំបន់ភ្នំវៀតណាមទាំង១៣នាក់ត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។
លោកភីល រ៉ូប៊ើតសុន លើកឡើងថាកម្ពុជាត្រូវតែអនុញ្ញាតឲ្យជនភៀសខ្លួនទៅទីណាដែលពួកគេចង់ទៅ។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឆ្លើយតបទៅវិញថាក្រុមប៉ូលិសកម្ពុជាមិនដែលបានស្វែងរកចាប់ជនជាតិដើមភាគតិចតំបន់ភ្នំវៀតណាមនោះទេ។
«យើងមិនដែលតាមរកជនជាតិម៉ុងតាញ៉ាដើម្បីបញ្ជូនទៅវិញទេ។ព័ត៌មានឮតែគេថាមិនដឹងថាពិតឬមិនពិតកម្រិតណាទេ។ពាក្យចចាមអារ៉ាមហើយ(គេ)ចេះតែចេញសេចក្តីថ្លែងការណ៍(យើង)អត់ទទួលស្គាល់របាយការណ៍នោះទេ។ យើងមិនដឹងម៉ុងតាញ៉ានៅទីណាផង»។
ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR)នៅពេលនេះកំពុងស្វែងរកឱកាសដើម្បីជួបជាមួយជនជាតិភាគតិចតំបន់ភ្នំវៀតណាមដែលកំពុងលាក់ខ្លួនក្នុងព្រៃនៅខេត្តរតនៈគីរី។
ក៏ប៉ុន្តែក្រសួងមហាផ្ទៃកម្ពុជាមិនទាន់ផ្តល់ការអនុញ្ញាតនៅឡើយរហូតមកទល់នឹងថ្ងៃអង្គារនេះ។
នេះបើយោងតាមលោកស្រីវីវាន តាន់ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប្រចាំតំបន់និងលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ៕