អ្នក​មាន​អាជីព​អន្តរជាតិ​ផ្តាស់​ប្តូរ​គំនិត​គ្នា​នៅ​វ៉ាស៊ីនតោន

  • អ៊ឹម សុធារិទ្ធ

នាង​ ឱក គន្ធី មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត (ឆ្វេង) និង​លោក នឹម ឈុន្នី នៃ​អង្គការ​ Possibilities World (កណ្តាល) ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​បញ្ចប់​នៃ​​កម្មវិធី​អាហារូបករណ៍​វិជ្ជាជីវៈ (Professional Fellows) នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កម្មវិធី​អាហារូបករណ៍​វិជ្ជាជីវៈ (Professional Fellows) នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ផ្តល់​ឱកាស​ឲ្យ​អ្នក​មាន​អាជីព​ចំនួន​២២០​នាក់​មក​ពី​៤៤​ប្រទេសជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​កម្មសិក្សា ទស្សនកិច្ចសិក្សា និង​ប្តូរ​បទពិសោធ​ន៍​គ្នា។ ក្នុង​ចំណោម​អ្នក​មាន​អាជីព​ទាំង​នោះ​ពី​រនាក់​មក​ពី​កម្ពុជា។​

នាង​ ឱក គន្ធី មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​កំពតនៃ​កម្ពុជា រំពឹង​ថានឹង​បាន​យល់​ដឹង​អំពី​ការ​ថែទាំ​សុខភាព ការ​ថែទាំ​សុខភាព​សង្គម​និង​ការ​ធានារ៉ាប់​រង​សុខភាព​សកល។

«ខ្ញុំ​មាន ​Plan ត្រឡប់​ទៅ​វិញ។ ខ្ញុំ​នឹង​អាច​យក​អ្វី​ដែល​ខ្ញុំ​បាន​រៀនទៅ ​Apply​ នៅកន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​ព្រោះ​ខ្ញុំ​រំពឹង​ថា ខ្ញុំ​រៀន​ហើយ​ខ្ញុំនឹង​អាច​ជួយ​សម្រួល​ប្រជាជន​នៅ​ក្នុង​ខេត្ត​កំពត​ដែល​ទាក់​ទង​ជា​មួយ​នឹង​សុខភាព។ បញ្ហា​របស់​គាត់​គឺ​ការ​ធ្វើ​ដំណើរ​ទៅ​ទទួល​សេវា​សុខាភិបាល។ ខ្ញុំ​នឹង​រៀបចំ​សរសេរ ​Proposal ទៅ​កម្មវិធី​ដែល​ឧបត្ថម្ភ​នេះ​គឺ​គាត់​មានFund ​សម្រាប់​យើង។ ដូច្នេះ​យើង​ព្យាយាម​សរសេរ​ Proposal ដើម្បី​យក​ Fund​ ហ្នឹង​ដើម្បី​ជួយ​សម្រាប់​កម្មវិធី​នេះ»។​

ចំណែក​លោក នឹម ឈុន្នី នៃ​អង្គការ​ Possibilities World រំពឹង​ថានឹង​បាន​យល់​ដឹង​អំពី​វប្បធម៌​លោកខាង​លិច​និង​ការ​ប្រើប្រាស់​វប្បធម៌​នេះ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍។

«កម្មវិធី​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​បាន​ច្រើន​អំពី​ទំនៀម​ទម្លាប់​ វប្បធម៌​របស់​អាមេរិក​ ហើយ​ពិសេស​ទៀត​អំពីរបៀប​ធ្វើ​ការ​រវាង​រដ្ឋាភិបាល​និង​ NGOs។ តើ​គេ​ធ្វើ​របៀប​ម៉េច​ដើម្បី​ឲ្យ​សហគមន៍​គេ​មាន​ការ​រីកចម្រើន​។ ហើយ​រឿង​សំខាន់​ដែល​ខ្ញុំ​បាន​រៀន​នោះ​គឺ​អំពី​ឆន្ទៈ​និង​ការ​តាំង​ចិត្ត​របស់ ​Business Owners មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ជួបគឺ​គាត់​ធ្វើ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​និង​សហគមន៍​របស់​គាត់​មាន​ការ​រីកចម្រើន។ គាត់​អត់​បាន​គិត​ថា​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ទេ​ដើម្បី​ឲ្យ​ពួក​គាត់​បាន​ជោគជ័យ​នោះ​ តែ​រឿង​សំខាន់​នោះ​គឺ​គាត់​ត្រូវ​ធ្វើ​និង​យល់​អំពី​តម្លៃ​នៃ​អ្វី​ដែល​គាត់​កំពុ​ង​ធ្វើ​តែ​ម្តង»។

កម្មវិធី​អាហារូបករណ៍​វិជ្ជាជីវៈ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ការិយាល័យ​កិច្ចការ​អប់រំ​និង​វប្បធម៌​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ ឆ្នាំ​នេះ​កម្មវិធី​អារូបករណ៍​វិជ្ជាជីវៈ​ដែល​មាន​រយៈពេល​ប្រាំមួយ​សប្តាហ៍​នេះ​ផ្តោត​លើ​ប្រធានបទ​បី​ គឺ​ការ​ពង្រឹង​ថាមពល​សេដ្ឋកិច្ច ដំណើរការ​នីតិបញ្ញតិ្ត​និង​អភិបាលកិច្ច និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ អ្នក​ចូលរូមមក​ពី​កម្ពុជា​ស្ថិត​ក្នុង​ក្រុម​ការ​ពង្រឹង​ថាមពល​សេដ្ឋកិច្ច។

លោក ម៊ៃឃើល ស្ទែនតុន (Michael Stanton) នាយក​ផ្នែក​អាហារូបករណ៍​វិជ្ជាជីវៈ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​ថា បេក្ខ​ជន​កម្ពុជា​ត្រូវ​បាន​ជ្រើស​ឲ្យ​ស្ថិត​នៅ​ក្នុង​ក្រុម​អនុតំបន់​មេគង្គ។

«យើង​រៀន​ពី​គ្នា​ថា អាមេរិក​នឹង​មាន​ការ​ឲ្យ​តម្លៃ​កាន់​តែ​ជ្រាលជ្រៅ​ថែម​ទៀត​ដល់​ប្រទេស​និង​វប្បធម៌​ដែល​អ្នក​ចូលរួម​តំណាង​ឲ្យហើយ​ដូច​គ្នា​នេះ​ដែរ​អ្នក​ចូលរូម​ដែល​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​នឹងយល់​ដឹង​អំពី​ទំនៀម​ទម្លាប់​និង​វប្បធម៌​និង​បទពិសោធន៍​ផ្សេងៗ​ដែល​អ្នកជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ​នេះ»។

កម្មវិធីអាហារូបករណ៍​វិជ្ជាជីវៈនៃ​ក្រសួង​ការ​បរទេស​ត្រូវ​បាន​រួម​សហការ​ចាត់​ចែង​ដោយ​ស្ថាប័ន​ជា​ដៃ​គួ​ចំនួន១៦​ដែល​ក្នុង​នោះ​មានសាកល​វិទ្យាល័យ​ម៉ុនថាណា (The University of Montana) ដែល​ជា​អ្នក​ចាត់​ចែងក្រុម​មក​ពី​ប្រាំ​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍។

លោក​ស្រី ឌីណា មែនសួរ (Deena Mansour) នាយក​ជំនួយ​នៃ​មជ្ឈមណ្ឌល​Maureen and Mike Mansfield នៃ​សាកលវិទ្យាល័យ​ម៉ុនថាណា បាន​ប្រាប់​វីអូអេ​ថា កម្ពុជា​មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​សមត្ថភាព​ ​ខិតខំ​ធ្វើ​ការ​ ចង់​ចេះ​ចង់​ដឹង​ និង​ចង់​មាន​ការ​អភិវឌ្ឍ​ខ្លួន​ឯង។ ដូច្នេះ​សម្រាប់​លោក​ស្រី​ កម្ពុជា​គឺ​ជា​កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ជ្រើសរើស​បេក្ខជន​ ប៉ុន្តែ​សម្រាប់​បេក្ខជន​គឺ​មាន​ការ​ប្រកួត​ប្រជែងច្រើន។ អ្នក​ចូលរួម​មក​ពីកម្ពុជា​ទាំង​ពីរ​នាក់​ខាង​លើ​នេះ ​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពីបេក្ខជន​ដែល​ដាក់​ពាក្យ​ជាង១០០​នាក់​ ។

«ពួក​គេ​ចេះ​អង់គ្លេស​ស្ទាត់​ជំនាញដើម្បីទទួល​ជោគជ័យក្នុង​កម្មវិធី​ជាភាសា​អង់គេ្លស​ដែល​មាន​រយៈពេល​ប្រាំមួយ​សប្តាហ៍​។ ​ពួក​គេ​តាំង​ចិត្ត​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ។ គេ​ព្យាយាម​ធ្វើ​ការ​ដើម្បី​កម្ពុជា​និង​ក្នុង​វិស័យ​ដែល​គេ​ចូលចិត្ត។ គេ​ជា​មនុស្ស​ដែល​បញ្ចេញ​មតិ​និង​មាន​បំណង​ចង​សម្ព័ន្ធភាព​និង​បង្កើត​ទំនាក់ទំនង​និង​នាំ​អ្វីៗ​ដែល​គេ​បាន​រៀន​ទៅ​ចែក​រំលែក​សហការី​របស់​គេ​នៅ​កម្ពុជា»។

អ្នក​ចូលរួម​ក្នុង​កម្មវិធី​អាហារូបករណ៍​វិជ្ជាជីវៈ​នៃ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​ រីករាយ​នឹង​អ្វី​ដែល​គេ​បាន​រៀនពី​កម្មវិធីនេះ​និង​នាំ​ចំណេះ​និង​បទ​ពិសោធន៍ទាំង​នេះ​ទៅ​អនុវត្ត​នៅ​ប្រទេស​រៀងៗ​ខ្លួន៕