លោក ស ខេង ថា​នឹង​ពង្រាយ​កងកម្លាំង​៥០.០០០​នាក់​ដើម្បី​សន្តិសុខ​​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់

ក្រុម​សមត្ថកិច្ច​ចល័ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា​ ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក​ ស ​ខេង ​បញ្ជា​កង​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​ការពារ​សន្តិសុខ​ក្នុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​ ឲ្យ​បាន​ដូច​ការ​បោះ​ឆ្នោត​ជាតិ​ថ្នាក់​ឆ្នាំ​២០១៣ ជាមួយ​ការ​ពង្រាយ​កម្លាំង​ប្រមាណ​ជា​៥០.០០០​នាក់។

ខណៈ​ដែល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់​ក្រសួង​មហាផ្ទៃ​បាន​ត្រៀម​កង​កម្លាំង​ប្រមាណ​ជា​៥០.០០០​នាក់​ ដើម្បី​ដាក់​ពង្រាយ​តាម​ការិយាល័យ​បោះ​ឆ្នោត​ទូទាំង​ប្រទេស។ អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​រំពឹង​ថា ​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ពេល​បោះឆ្នោត នឹង​មិន​មាន​ការ​បំពាក់​អាវុធ​ ឬ​ការ​ចល័ត​ទ័ព​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក​ ស ​ខេង ​បញ្ជា​កង​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​ការពារ​សន្តិសុខ​ក្នុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​ ឲ្យ​បាន​ដូច​ការ​បោះ​ឆ្នោត​ជាតិ​ថ្នាក់​ឆ្នាំ​២០១៣ ជាមួយ​ការ​ពង្រាយ​កម្លាំង​ប្រមាណ​ជា​៥០.០០០​នាក់។

លោក​ ស ​ខេង ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ និង​ប្រកាស​តាំង​ស៊ប់​ក្នុង​ក្រប​ខណ្ឌ​មន្រ្តី​នគរបាល​ជាតិ​កម្ពុជា​ នៅ​បណ្ឌិត​សភា​នគរបាល​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក​ថ្លែង​ថា​ ការ​ការពារ​សន្តិសុខ​ក្នុង​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ​មាន​ភាព​ល្អ​ប្រសើរ​ដូច្នេះ​លោក​ចង់​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ​ខិត​ខំ​ការពារ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ខាងមុខ​នេះ ​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​ ដូច​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាលពី​ឆ្នាំ​២០១៣។

រូបឯកសារ៖ លោក​ ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។ ​(ឡេង ឡែន/VOA)

លោក​ ស ខេង មាន​ប្រសាសន៍​ថា៖

«ពេល​នោះ​គឺ​មិន​មាន​អ្នក​ស្លាប់​ម្នាក់​ក្នុង​ពេល​បោះ​ឆ្នោត​ បើ​ទោះ​បី​ថា ​ការ​ប្រើ​ពាក្យ​ពេចន៍​វោហារសាស្ត្រ​នានា​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ណា​ក៏​ដោយ។ ទាំង​គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ​ អ្នក​នយោបាយ និង​អ្នកនយោបាយ​ ប្រជាពលរដ្ឋ ​និង​ប្រជាពលរដ្ឋ ​សមាជិក​គណបក្ស​មួយ​ និង​សមាជិក​គណបក្សមួយ​ក្តី​ ហើយ​សមត្ថកិច្ច​ជាមួយ​និង​ប្រជាពលរដ្ឋ​ក្តី​ ក៏​មិន​បាន​ប៉ះ​ទង្គិច​គ្នា។​ ដូច្នេះ​សរុប​ទៅ​មិន​មាន​អ្នកណា​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៣​នោះ​ទេ»។

រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​១៧ ​មិថុនា​ ឆ្នាំ​២០១៦​ ដោយ​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ ធ្វើ​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ និង​អនុប្រធាន​លោក ​ទៀ ​បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ រួម​ទាំង​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ ​និង​អភិបាល​គ្រប់​បណ្ដា​រាជធានី​ ខេត្ត​ជា​ច្រើន​រូប​ទៀត​ជា​សមាជិក។

​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ​មាន​ភារកិច្ច​តាមដាន ​ត្រួតពិនិត្យ ​និង​គ្រប់គ្រង​ការ​ប្រើប្រាស់​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ ដើម្បី​ធានា​ដល់​ដំណើរការ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ-ថ្នាក់​ក្រោម​ជាតិ ​ចាប់ពី​ឆ្នាំ​២០១៦-២០១៩។

លោក ​គៀត ​ច័ន្ទថារិទ្ធ ​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់ VOA នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ​កម្លាំង​សមត្ថកិច្ច​ដែល​មាន​ស្លៀកពាក់​ឯកសណ្ឋាន​ប្រមាណ​ជា​៥០.០០០​នាក់ ​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង​២០.០០០​ ការិយាល័យ​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា ​ការ​ដាក់​ពង្រាយ​កម្លាំង​ពី​២ ​ទៅ​៣​នាក់ ​ក្នុង​មួយ​ការិយាល័យ​បោះ​ឆ្នោត​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​អ្នក​បោះឆ្នោត​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«បរិយាកាស​ជា​រួម​មិន​មាន​អី​ត្រូវ​ភ័យ​ខ្លាច ​ប៉ះពាល់​ ឬ​ក៏​មិន​មាន​សញ្ញា​អី​ដែល​យើង​គួរ​ព្រួយ​បារម្ភ​ទេ។ យើង​ក៏​មាន​ពិសោធន៍​ក្នុង​ការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ សុវត្ថិភាព​សម្រាប់​ការ​បោះឆ្នោត​ហ្នឹង​ច្រើន​ដង​មក​ហើយ។​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា​នេះ នឹង​មិន​មាន​បញ្ហា​អី​ទាក់ទង​នឹង​ការ​អសុវត្ថិភាព​ អសន្តិសុខ​ ដែល​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​នោះ​ទេ»។

លោក​ យឿង​ សុធារ៉ា​ មន្រ្តី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្រ្វែល ប្រាប់ VOA ថា​ ការ​ដាក់​ពង្រាយ​កម្លាំង​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ពេល​បោះឆ្នោត​ជា​វិធានការ​ល្អ​ដែលគួរ​តែ​មាន។ ទោះ​ជា​យ៉ាង​ណា​លោក​រំពឹង​ថា​ ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ពេល​បោះឆ្នោត​ នឹង​មិន​មាន​ការ​បំពាក់​អាវុធ ឬ​ការ​ចល័ត​ទ័ព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា៖

«បើ​សិន​ជា​មាន​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ មាន​អាវុធ​ច្រង៉េងច្រង៉ាង​ជុំ​វិញ​មណ្ឌល​បោះឆ្នោត ឬក៏​ក្បែរៗ​មណ្ឌល​បោះឆ្នោត អា​ហ្នឹង​វា​អាច​ជា​សារ​មួយ​មិន​ប្រក្រតី​ហើយ។ យើង​មិន​សង្ឃឹម​ថា ​មាន​រូបភាព​អញ្ចឹង​ទេ»។

ការ​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ នឹង​ធ្វើ​ឡើង នា​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ ច្បាប់​បោះឆ្នោត​ឃុំ​សង្កាត់​និង​ច្បាប់​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​បាន​កំណត់​ឲ្យ​គណបក្ស​នយោបាយ​១ ហែ​ក្បួន​ឃោសនា តែ​ពីរ​ដង​ប៉ុណ្ណោះ ​គឺ​នៅ​ថ្ងៃ​បើក​យុទ្ធនា​ការឃោសនា ​និង​នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ រីឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ មាន​រយៈពេល​តែ​១៤​ថ្ងៃ​ប៉ុណ្ណោះ៕