ក្រសួងមហាផ្ទៃអះអាងថា ពាក្យស្លោកនេះ ផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់មួយចំនួនទៀត ក៏ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ខ្លួននឹងមានចំណាត់ការយ៉ាងណានោះទេ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនព្រមដកពាក្យស្លោកនេះចេញ។
ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សសង្គ្រោះជាតិដកចេញនូវពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលមានចែងនៅក្នុងគោលនយោបាយអាទិភាព៥ចំណុចរបស់គណបក្សប្រឆាំងនេះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០១៧នេះ។ ក្រសួងលើកឡើងថា សារនេះមានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ។
ការស្នើនេះធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី២២ ខែមីនា របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ។
លោក ស ខេង លើកឡើងនៅក្នុងលិខិតនេះថា សារ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» មានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ព្រមទាំងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ។
លោក ស ខេង ស្នើឱ្យគណបក្សសង្គ្រោះជាតិចាត់ចែងអនុវត្តតាមសំណើនេះ «ប្រកបដោយការទទួលខុសត្រូវ»។
នៅក្នុងលិខិតដដែលនេះ ក្រសួងមហាផ្ទៃក៏បានប្រាប់ទៅគណបក្សប្រឆាំងផងដែរថា សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងមន្ត្រី៣រូបផ្សេងទៀតជាអនុប្រធានគណបក្សសង្គ្រោះជាតិនោះ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បដិសេធអត្ថាធិប្បាយបន្ថែមថាតើពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» មានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗត្រង់មាត្រាណា ឬចំណុចណានោះទេ។
លោក ខៀវ សុភ័គ ថ្លែងប្រាប់ VOAនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងនឹងរង់ចាំការឆ្លើយតបពីគណបក្សសង្គ្រោះជាតិ។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថាក្រសួងនឹងចាត់វិធានការអ្វីបន្តទៀតនោះទេ ករណីគណបក្សសង្គ្រោះជាតិមិនអនុវត្តតាម។
«វិធានការផ្សេងៗ វាពាក់ព័ន្ធអីផ្សេងៗ យើងអាចដឹងទាំងអស់គ្នា។ ឧទាហរណ៍ថាមិនដូរ អាហ្នឹងអាស្រ័យលើ គ.ជ.ប (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) ទេ។ ការបោះឆ្នោតយ៉ាងម៉េច បេក្ខភាពឧទ្ទេសនាមយ៉ាងម៉េច បានមិនបានមិនមែនក្រសួងមហាផ្ទៃសម្រេចទេ អាស្រ័យលើច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលោកសម្រេច»។
ពាក់ព័ន្ធនឹងការជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ លោក ខៀវ សុភ័គ បញ្ជាក់ប្រាប់ VOA ថា លោក សម រង្ស៊ី បានលាលែងតំណែងប្រធានគណបក្សកាលពីខែកុម្ភៈ គឺសល់រយៈពេលតិចជាង១៨ខែ មុនចប់អាណត្តិ។
លោកថា យោងតាមលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលតិចជាង១៨ខែដូចនេះ អនុប្រធានគណបក្សត្រូវបំពេញតួនាទីជាប្រធានស្ដីទី និងជ្រើសរើសអនុប្រធានថ្មីម្នាក់ ដើម្បីបំពេញការងាររហូតចប់អាណត្តិ។
លោក ខៀវ សុភ័គ បន្តទៀតថា ការជ្រើសរើសប្រធាននិងអនុប្រធានគណបក្សថ្មីអាចធ្វើទៅបាន លុះត្រាតែរយៈពេលដែលនៅសល់បន្ទាប់ពីការលាលែងរបស់ប្រធាននៅមានរយៈពេលច្រើនជាង១៨ខែ។ ទោះយ៉ាងណា លោកថា នេះជាបញ្ហាផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ហើយក្រសួងគ្រាន់តែជូនដំណឹងប៉ុណ្ណោះ។
«ស្រេចតែគាត់ទេ បើខុសៗទៅ។ ទុកឱ្យខុសអ៊ីចឹងរហូតទៅវាមានអី ស្រេចតែគាត់តើ។ យើងទៅមានសិទ្ធិអំណាចឯណាទៅបង្ខំគាត់ អ្នកឯងត្រូវកែតម្រូវអី អាហ្នឹងរឿងផ្ទៃក្នុងគាត់ទេ។ បើគាត់ថា ខុសក៏ខុស តាមតែខុសរហូតទៅ វាមានទៅស្អី។ យើងគ្រាន់តែ[ប្រាប់]តើ! យើងក៏អបអរសាទរចំពោះការប្រព្រឹត្តខុសឆ្គងរបស់គាត់។ វាមិនមែនជាកិច្ចការងារប្រទេសជាតិឯណា? អាហ្នឹងផ្ទៃក្នុងរបស់បក្សគាត់តើ!»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បដិសេធអត្ថាធិប្បាយឆ្លើយតបនឹងការលើកឡើងរបស់ក្រសួងមហាផ្ទៃ។ លោកប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សប្រឆាំងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ឬមន្ត្រីតំណាងក្រសួង ដើម្បីពិភាក្សាពីបញ្ហាទាំង២នេះ។
លោក យឹម សុវណ្ណ ឱ្យដឹងទៀតថា គណបក្សសង្គ្រោះជាតិនឹងចាត់តាំងមន្ត្រីតំណាង៥រូបទៅប្រជុំ នៅពេលទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ។
«ដើម្បីពិភាក្សាអ្វីដែលសម្ដេចបានលើក[នៅក្នុងលិខិត] ពីព្រោះយើងឆ្លើយឆ្លងលិខិតវាពិបាកណាស់! យើងចង់ជួបផ្ទាល់ស្រួលនិយាយ ឬក៏បានលឿន។ វាបានខ្លឹមសារទៅវិញទៅមក វាបានពន្យល់គ្នាទៅវិញទៅមក»។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្ន បញ្ហាពាក្យស្លោក និងសារឃោសនានៃយុទ្ធនាការបោះឆ្នោត ស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ គ.ជ.ប នៅឡើយ។
លោក ហង្ស ពុទ្ធា បន្តថា គ.ជ.ប គ្រប់គ្រងលើពាក្យស្លោក និងខ្លឹមសារនៃការឃោសនារបស់គណបក្សនយោបាយចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា។ លោកបន្ថែមថា នៅក្នុងអំឡុងពេលនេះ គ.ជ.ប អាចចាត់ជាវិធានការ ប្រសិនបើមានពាក្យបណ្ដឹងពីគណបក្សនយោបាយឬភាគីណាមួយ។
«បាទប្រសិនបើមាន Complaint [ពាក្យបណ្ដឹង]ពីភាគីណាមួយ បាន គ.ជ.ប រៀបចំនូវការពិចារណាបាទ»។
ពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ត្រូវបានបង្កើតឡើងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិកាលពីដើមខែមីនានេះ ដោយភ្ជាប់ជាមួយនឹងគោលនយោបាយ៥ចំណុច សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៤ ខែមិថុនាខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗនឹងពាក្យស្លោកនេះ។ ក្រោយមក គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារឱ្យគណបក្សសង្គ្រោះជាតិកែតម្រូវពាក្យស្លោកនេះ។
គណបក្សកាន់អំណាច ក៏បានគំរាមប្ដឹងគណបក្សសង្គ្រោះជាតិផងដែរ ដោយលើកឡើងថា ខ្លឹមសារនៃពាក្យស្លោកនោះមានចរិតញុះញង់ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំសង្កាត់ដែលកំពុងបម្រើការងារនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ថា ការប្រើប្រាស់ពាក្យស្លោកនេះ មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ៕