ក្រសួងមហាផ្ទៃស៊ើបអង្កេតមន្រ្តីទទួលបន្ទុកផលិតផលក្លែងក្លាយដែលរងបណ្តឹងទារប្រាក់១០ម៉ឺនដុល្លារពីក្រុមហ៊ុនមួយ

លោក​ ស សុខា ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃនៃប្រទេសកម្ពុជា។ (ក្រសួងមហាផ្ទៃ Ministry of Interior Cambodia/Facebook).

ក្រសួង​មហាផ្ទៃ​កំពុង​ស៊ើប​អង្កេត​លើ​ករណី​ដែល​ក្រុមហ៊ុន​មួយ​បាន​ប្តឹង​លោក ​កឹម ជាតិ ​អនុ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហា​ផ្ទៃ ​ដែល​ទើប​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​យក​ស្រា​ក្រុមហ៊ុន ​និង​ទាមទារ​ក្រុមហ៊ុន​ឱ្យ​បង់​លុយ​ចំនួន​ ១០​ ម៉ឺន​ដុល្លារ​អាមេរិក ​ជា​ថ្នូរ​នឹង​ការ​មិន​បិទ​អាជីវ​កម្ម​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា​ ឈីវទីម៉ិច​ គ្រុប ​(Chhivtimex Group)។ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ។

កាល​ពី​ចុង​សប្តាហ៍ ​លោក ​កឹម ជាតិ ​ដែល​មាន​តួនាទី​ជា​អនុ​ប្រធាន​នៃ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិត​ផល​ក្លែង​ក្លាយ ​ត្រូវ​បាន​ព្រះ​មហា​ត្សក្រ​ ឡាយ​ព្រះហត្ថ​លេខា ​បញ្ចប់​មុខ​តំណែង​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហា​ផ្ទៃ។ ​នេះ​បើ​តាម​ព្រះ​រាជក្រឹត្យ​ចុះថ្ងៃ​ទី ១៤ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣​ ដែល​វីអូអេ​ទទួល​បាន។​

លោក ​ទូច សុឃៈ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា​ ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវ​ជ្រាវ ​និង​ស៊ើប​អង្កេត​លើ​ករណី​លោក ​កឹម ជាតិ។​

លោក​ថ្លែង​ថា៖​ «យើង​ត្រូវ​ពិនិត្យ​មើល​ថា​តើ​ទីមួយ ​គាត់​ពិតជា​បាន​យក​ស្រា​គេ​មក​មែន​ [ឬ]​មិន​មែន។​ ទី ២​ គាត់​ពិត​ជា​បាន​យក​លុយ​ពី​គេ​មែន​ [ឬ]​មិន​មែន? ​យើង​ត្រូវ​តែ​រក​អាហ្នឹង​ឱ្យ​ឃើញ​សិន។ ​អ៊ីចឹង​ ក្នុង​ដំណាក់​កាល​នេះ ​គឺ​[ក្រសួង​មហាផ្ទៃ]​កំពុង​តែ​ស៊ើប​អង្កេត​ ស្រាវជ្រាវ​ដើម្បី​រក​ការណ៍​ពិត​ឱ្យ​ឃើញ»។​

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​បន្ថែម​ថា ​ការ​បញ្ចប់​មុខ​តំណែង​របស់​លោក​ កឹម ជាតិ ​ពី​អនុ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហា​ផ្ទៃ ​ដោយ​សារ​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បំពេញ​តួនាទី​ និង​ភារ​កិច្ច ​តាម​បែប​បទ​រដ្ឋបាល។​ លោក​ថា​ ការ​បញ្ចប់​តំណែង​ លោក​ កឹម ជាតិ ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ ពាក់ព័ន្ធ​ករណី​ព្រហ្ម​ទណ្ឌ​ដែល​លោក​ កឹម ជាតិ ​កំពុង​រង​ការ​ចោទ​ប្រកាន់​នោះ​ទេ ​លុះត្រា​ក្រសួង​មហាផ្ទៃ​ស្រាវ​ជ្រាវ​ឱ្យ​ច្បាស់​ជា​មុន​សិន។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​កឹម ជាតិ​ បាន​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​លោក​ធ្លាប់​បាន​បញ្ជាក់​ក្នុង​លិខិត​មួយ​ច្បាប់ ​ចុះ​ថ្ងៃទី​ ២៣​ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៣​ ទៅ​កាន់​លោក ​មៀច សុផាន់ណា ​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ថា ​ខ្លឹម​សារ​នៃ​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន​ «គ្មាន​ភស្តុតាង​ បំផ្លើស​ខុស​ពី​ការណ៍​ពិត»។​

លោក​ មៀច សុផាន់ណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​មិន​ទាន់​មាន​អ្វី​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ។​

មេធាវី​ការពារក្តី​ឱ្យ​ក្រុមហ៊ុន ​ឈីវទីម៉ិច ​គ្រុប​ បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​អគ្គាធិការ​ដ្ឋាន​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី ៦ ​ខែ​តុលា ​ឆ្នាំ ​២០២៣ ​ដោយ​ប្តឹង​លោក ​កឹម ជាតិ​ អនុ​ប្រធាន​គណៈ​កម្មាធិការ​នៃ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែង​ក្លាយ​ និង​ក្រុម​ការងារ​របស់​អង្គ​ភាព​នេះ ​ពាក់ព័ន្ធ​នឹង​ការ​យក​ស្រា​របស់​ក្រុមហ៊ុន​ចំនួន​ ៤៨ ​ដប​ និង​ជំរិត​ទារ​លុយ​ចំនួន​ ១០​ ម៉ឺន​ដុល្លារ​អាមេរិក​ ជា​ថ្នូរ​នឹង​ការ​មិន​បិទ​ផ្អាក​ដំណើរ​ការ​អាជីវ​កម្ម ​កាល​ពី​ឆ្នាំ​ ២០២១។​ នេះបើ​តាម​ពាក្យ​បណ្តឹង ​និង​ការ​អះអាង​របស់​លោក​មេធាវី​ អ៊ូច សុភត្រា​ ដែល​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

មេធាវី ​អ៊ូច សុភត្រា ​បន្ថែម​ថា​ ការណ៍​ដែល​ក្រុមហ៊ុន​ឱ្យ​លុយ​ទៅ​ក្រុម​ការងារ​របស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែង​ក្លាយ ​ដែល​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ក្រុមហ៊ុន​កាល​ពីឆ្នាំ​ ២០២១ ​ដោយ​សារ​មន្ត្រី​ព្រមាន​បិទ​ឃ្លាំង​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​អាជីវ​កម្ម​ ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​តាម​ច្បាប់។​

លោក​មេធាវី​ប្រាប់​វីអូអេ​ថា៖ ​«គេ​ថា ​បើ​យើង​អត់​ឱ្យ​[លុយ] ​គេ​នឹង​បិទ​ឃ្លាំង​របស់​យើង​ហ្នឹង។​ អ៊ីចឹង​ឃ្លាំង​ហ្នឹង ជា​អាជីវ​កម្ម​របស់​យើង​នៅ​ហ្នឹង»។​

ពាក្យ​បណ្តឹង​របស់​លោក​មេធាវី ​អ៊ូច សុភត្រា​ ដែល​ប្តឹង​ទៅ​កាន់​អគ្គាធិការ​ក្រសួង​មហាផ្ទៃ​រៀប​រាប់​ថា៖​ «កាល​ពី​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១ ​ក្រុម​ការងារ​របស់​អង្គភាព​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិត​ផល​ក្លែង​ក្លាយ ​ដែល​ដឹកនាំ​ដោយ​លោក ​កឹម ជាតិ​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​នៃ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិត​ផល​ក្លែង​ក្លាយ ​បាន​ចូល​មក​ក្នុង​ទីតាំង​ឃ្លាំង​ស្រា​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​កូន​ក្តី​ខ្ញុំ​បាទ ​ដោយ​ចោទ​ប្រកាន់ថា​ ​ផលិត​ផល​របស់​ក្រុមហ៊ុន​កូន​ក្តី​ខ្ញុំ​បាទ ​មាន​ដូចជា​ស្រា​ចម្រុះ ​និង​ប្រេង​កូឡា ​ប្រេង​ខ្យល់​ មិន​ស្រប​ច្បាប់ ​ហើយ​តម្រូវ​ឱ្យ​ដកហូត​ស្រាមួយ​ចំនួន​ទៅ​ពិនិត្យ​ និង​តម្រូវ​ឱ្យ​បិទ​សៀល​លើ​ទ្វារ​ឃ្លាំង​មិន​ឱ្យ​ក្រុមហ៊ុន​កូន​ក្តី​ខ្ញុំ​បាទ​ធ្វើ​អាជីវកម្ម​បាន ​និង​ទាមទារ​ប្រាក់​ចំនួន​ ១០០.០០០ ​ដុល្លារ​អាមេរិក​ ជា​ថ្នូរ​នឹង​ការ​បើក​ឱ្យ​ដំណើរ​ការ​អាជីវ​កម្ម​ធម្មតា​វិញ។​ ដោយ​ខ្លាច​រាំង​ស្ទះ​ដល់​ដំណើរ​ការ​អាជីវ​កម្ម​ក្រុមហ៊ុន ​កូន​ក្តី​ខ្ញុំ​បាទ​ក៏​បាន​យល់​ព្រម​ប្រគល់​សាច់​ប្រាក់​សុទ្ធ​ឱ្យ​ក្រុម​ឯកឧត្តម​ កឹម ជាតិ ​តាម​ការ​ទាមទារ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ និង​បង្គាប់​ឱ្យ​តំណាង​ក្រុមហ៊ុន​ផ្តិត​មេដៃ​ព្រម​ទទួល​លើ​កិច្ច​សន្យា​ស្នើ​សុំ​កែ​ប្រែ​កំហុស​ ដោយ​លិខិត​នោះ​ ពុំ​មាន​ចុះ​លេខ​ចេញ​របស់​លេខាធិការ​ដ្ឋាន​ជា​ផ្លូវ​ការ​ឡើយ»។​

មូលហេតុ​ដែល​ក្រុមហ៊ុន​ទើប​ប្តឹង​មក​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ ​កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ​ ២០២៣​ នេះ ​ដោយ​សារ​តែ​ក្រុមហ៊ុន​ទើប​តែ​ឃើញ​ក្រសួង​មហាផ្ទៃ​ផ្សព្វ​ផ្សាយ​ឱ្យ​អ្នក​ទទួល​រង​ភាព​អយុត្តិ​ធម៌​ ដោយ​គណៈ​កម្មាធិការ​នេះ ​មក​ដាក់​ពាក្យ​ប្តឹង​នៅ​អគ្គាធិការ​ដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ។ ​នេះ​បើ​តាម​ពាក្យ​បណ្តឹង។​

លោក​ អ៊ូច សុភត្រា ​ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុម​ហ៊ុន​ ឈីវ​ទីម៉ិច​ គ្រុប ​បាន​ឱ្យ​ដឹង​ទៀត​ថា​ រហូត​មក​ដល់​ពេល​នេះ ​ក្រុមហ៊ុន​មិន​ទាន់​ទទួល​បាន​ស្រា ​និង​លុយ​ចំនួន ​១០ ​ម៉ឺន​ដុល្លារ​អាមេរិក​ត្រឡប់​មក​វិញ​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​របស់​ក្រុមហ៊ុន​ឈីវទីម៉ិច​គ្រុប​បាន​នៅ​ឡើយ​ទេ។ ​ក្រុមហ៊ុន ​ឈីវទីម៉ិច ​គ្រុប ត្រូវ​បាន​គ្រប់គ្រង​ដោយ​ឧកញ៉ា​ម្នាក់​ឈ្មោះ ​ដួង តិច ​ដែល​លោក​ក៏​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ​ថា​ រ៉ូហ្វាខេម​ គ្រុប​ (Roffa Cam Group) ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ​ឈីវទីម៉ិច​ គ្រុប។ ​ក្រុមហ៊ុន​នេះ​បាន​នាំ​ចូល​ផលិត​ផល ​ដូចជា​ស្រា​ ភេសជ្ជៈ ​និង​ផលិតផល​វេជ្ជសាស្រ្ត​ជា​ដើម។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី ​១៥ ​ខែ​កញ្ញា ឆ្នាំ​ ២០២៣ ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​សម្រច​មួយ​ស្តីពី​ការ​ផ្អាក​សកម្ម​ភាព​ស្រាវ​ជ្រាវ ​ស៊ើប​អង្កេត ​និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ​ស្ថិត​នៅ​ក្នុង​សមត្ថ​កិច្ច​ក្រសួង​មហាផ្ទៃ ​ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គាធិការ​ដ្ឋាន​ក្រសួង​មហាផ្ទៃ ​ដើម្បី​ស៊ើប​អង្កេត​ស្រាវជ្រាវ​តាម​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​របស់​មន្ត្រី​នគរបាល​ជាតិ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ៕