រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថាលោកមិនមានកំហុសឡើយក្នុងករណីគណបក្សភ្លើងទៀនមិនបានចូលរួមការបោះឆ្នោតនាថ្ងៃទី ២៣ ខែកក្កដា នៅពេលដែលមានការចោទប្រកាន់ថាក្រសួងមហាផ្ទៃមិនបានចេញលិខិតបញ្ជាក់ច្បាប់ដើមដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវការ។
លោក ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីមួយកន្លែងក្នុងខេត្តបាត់ដំបង។
លោកស ខេង ថ្លែងថា៖ «អ្វីដែលក្រសួងមហាផ្ទៃបានឆ្លើយទៅគាត់ មិនមែនឆ្លើយដោយស្មានទេ។ ហើយដោយគ្មានការពិភាក្សាគ្នានឹងសំណើសំណូមពររបស់គាត់[គណបក្សភ្លើងទៀន]នោះទេ។ គាត់បានសំណូមពរយ៉ាងដូច្នោះ សុំឱ្យបញ្ជាក់ឱ្យគាត់។ យើងក៏បានបញ្ជាក់ជូនគាត់តាមសំណើនោះ។ ឥឡូវបើតិះទៀនរិះគន់មកខ្ញុំថាខ្ញុំធ្វើខុស ក៏អត់បានដែរ ពីព្រោះ[ខ្ញុំ]ធ្វើតាមសំណើរបស់គាត់ដែលគាត់បានស្នើ។ អ៊ីចឹងបើខ្ញុំខុស គាត់ក៏ខុសដែរ ព្រោះគាត់អ្នកស្នើមកអ៊ីចឹង»។
លោក ស ខេង មិនបានពន្យល់ថាតើហេតុអ្វីបានជាក្រសួងមហាផ្ទៃមិនអាចបញ្ជាក់ប្រកាសលេខ១៩៣ ដែលស្ថាប័នរៀបចំការបោះឆ្នោតត្រូវការពីគណបក្សភ្លើងទៀន ហើយគណបក្សអះអាងថាប្រកាសនោះបានបាត់។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាគណបក្សភ្លើងទៀនបានព្យាយាមទាមទារស្នើសុំទៅក្រសួងមហាផ្ទៃសុំការបញ្ជាក់បែបណា ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់គណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតបាន។ ប៉ុន្តែលោកថាក្រសួងមហាផ្ទៃមិនអាចចេញសេចក្តីចម្លងបញ្ជាក់អំពីឯកសារច្បាប់ដើមសម្រាប់គណបក្សភ្លើងទៀនបាននោះទេ ដែលជាហេតុធ្វើឱ្យគណបក្សមួយនេះមិនត្រូវបានចុះបញ្ជីដោយស្ថាប័នរៀបចំការបោះឆ្នោត។
លោកថ្លែងថា៖«យើងបានគិតហើយក្រោយការបោះឆ្នោតជាតិរួច យើងនឹងទៅសុំជួបក្រសួងមហាផ្ទៃម្តងទៀតឱ្យបញ្ជាក់ជំហរឱ្យច្បាស់ តើគណបក្សភ្លើងទៀនហ្នឹងស្របច្បាប់ដែរឬទេ ហើយចេញនូវលិខិតទុតិយតាឬក៏ធ្វើយ៉ាងណា ដើម្បីបញ្ជាក់ជាមួយនឹងគ.ជ.ប ដើម្បីថាយើងអាចយកឯកសារប្រើប្រាស់នោះ ទៅប្រើការនៅពេលដែលមានការបោះឆ្នោតខាងមុខទៀត។ នេះគឺជារឿងសំខាន់ ហើយបើក្រសួងមហាផ្ទៃធ្វើបាន ឬមិនបាននោះ[ត្រូវតែ] ប្រកាសប្រាប់ជាសាធារណៈអំពីមូលហេតុហ្នឹងទៅ»។
លោកស្នើឱ្យក្រសួងមហាផ្ទៃគួរតែមានការបញ្ជាក់ឱ្យបានច្បាស់លាស់ជាសាធារណៈ ជុំវិញករណីនេះ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យបន្តទៅទៀត។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាក្រសួងមិនទាន់អាចសម្រេចយ៉ាងណាលើករណីនេះទេ។
លោកបញ្ជាក់ថា៖ «ទាល់តែរដ្ឋាភិបាលអាណត្តិមកថ្មីលោកសម្រេច ក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលថ្មីអាណត្តិទី៧ លោកជាអ្នកសម្រេច[បែប]ម៉េច។ បច្ចុប្បន្ននេះ យើងស្ថិតនៅក្នុងរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន។ [រដ្ឋាភិបាលអាណត្តិ]ទី៧ ទុកឱ្យរដ្ឋាភិបាលអាណត្តិថ្មីសម្រេចទៅ»។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានតិះតៀនគណបក្សភ្លើងទៀនថាការខ្វះខាតឯកសារចុះបញ្ជីឈ្មោះរបស់គណបក្ស មិនមែនជារឿងចៃដន្យទេ ហើយលោកយល់ថាវាជាឧបាយកលនយោបាយ ដើម្បីឱ្យបរទេសដាក់សម្ពាធមកលើកម្ពុជា។
គួរបញ្ជាក់ថាការបោះឆ្នោតដែលនឹងជ្រើសរើសតំណាងរាស្រ្តចំនួន១២៥រូបនាថ្ងៃទី២៣ ខែកក្កដាខាងមុខ នឹងអវត្តមានគណបក្សជំទាស់ដ៏ធំមួយ គឺគណបក្សភ្លើងទៀន ដែលធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់៕