អង្គការ​សេដាក​បាន​ណែនាំ​បច្ចេកទេស​ដំណាំស្រូវ​តាម​ប្រព័ន្ធ​ប្រពល​វប្បកម្ម​

កសិករ​ខ្មែរ​កំពុង​ច្រូត​ស្រូវ​ដាំតាម​លក្ខណៈ​ប្រពៃណី​​​នៅ​តំបន់​សាលា​គម្រូ ខេត្ត​ពោធិ៍សាត់។

ប្រព័ន្ធ​ប្រពល​វប្បកម្មដំណាំស្រូវ ​(ប.វ.ស.) ​ដែ​ល​ជា​បច្ចេកទេស​បង្កើន​ទិន្នផល​ស្រូវ​ ត្រូវ​បាន​ផ្សព្វផ្សាយនៅ​កម្ពុជា​អស់​រយៈ​ពេល​១៣ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​អ្នក​ជំនាញ​កសិកម្ម​យល់​ថា​ វិធី​សាស្ត្រ​ដាំ​ស្រូវថ្មីនេះ​នៅ​មិន​ទាន់​អាច​ផ្លាស់ប្តូរ​ផ្នត់​គំនិត​កសិករ​កម្ពុជា​ភាគ​ច្រើន​នៅ​ឡើយ​ទេ។​

ប្រព័ន្ធ​ប្រពល​វប្បកម្ម​ដំណាំស្រូវ ​(ប.វ.ស.) ដែល​ត្រូវ​បាន​ស្រាវជ្រាវ​ឃើញ​នៅ​ប្រទេស​ម៉ាដាហ្គាស្កា​ (Madagascar) ​ក្នុង​ទស្សវត្សរ៍​១៩៨០​គឺជា​បច្ចេកទេស​ដំណាំ​ស្រូវ​ថ្មី​មួយ​ដែល​ផ្តោត​លើ​ការ​ផ្លាស់ប្តូរ​ទម្លាប់របស់​កសិករ​ តាម​រយៈ​ការ​ប្រើ​ប្រាស់​ធនធាន​ដែល​មាន​ស្រាប់របស់​កសិករ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព។ ​

ខុស​ពី​ការ​ដាំ​ដុះ​បែប​ប្រពៃណី ​ប.វ.ស.​ប្រើ​ជីរ​ធម្មជាតិ​ ឬ​ជីរ​ កំប៉ុស្ត​ ធ្វើ​ស្មៅ​ដើម្បី​ឱ្យ​ដី​មាន​ដង្ហើម​ និង​ស្តុកទឹក​ក្នុង​ស្រែ​ឱ្យ​ត្រឹម​តែ​សើម​ល្មម​ប៉ុណ្ណោះ។​ បន្ទាប់​មកកសិករ​ជ្រើសរើស​តែ​សំណាប​ដែល​ថ្លោះ​ល្អ​យក​ទៅ​ដាំ ​ហើយ​ដោត​តែ​មួយ​ដើម​ក្នុង​មួយ​គុម្ព ដោយ​ទុក​គម្លាត​ឱ្យ​ឆ្ងាយ​ពី​គ្នា​បន្តិច។​

បច្ចេកទេស​នេះ​ត្រូវ​បាន​ណែនាំ​ដល់​កសិករកម្ពុជា​ដោយ​មជ្ឈមណ្ឌល​សិក្សា​និង​ការអភិវឌ្ឍ​កសិកម្ម​កម្ពុជា​ (សេដាក) ​នៅ​ឆ្នាំ​២០០០។​

លោក​យ៉ង់ សាំងកុមារ​ ប្រធាន​អង្គការ​សេដាក​ ថ្លែង​ថា ​ប្រសិន​បើ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​ កសិករ​អាច​បង្កើន​ទិន្នផល​ខ្ពស់​ខ្លាំង​ជាង​មុន។​

«ប្រសិន​បើ​អនុវត្ត​បាន​ពេញ​លេញ​ល្អ​ កសិករ​អាច​ធ្វើកើន​បាន​ពីរ​ទៅ​បី​ដង។​ ឧទាហរណ៍​គាត់​ធ្លាប់​ធ្វើ​បាន​២​តោន​អញ្ចឹង ​គាត់​អាច​កើន​ដល់​៤​តោន ​ឬ​ក៏​៥​តោន។ ​ប៉ុន្តែ​ចំពោះ​អ្នក​ដែលគាត់​អនុវត្ត​បាន​ខ្លះ​ ទិន្នផល​គាត់​ក៏​អាច​កើន​ពី​២០​ទៅ​៣០​ភាគ​រយ​ដែរ ​ស៊ី​សង​លើ​កម្រិត​នៃ​ការ​កែ​របស់​គាត់»។​

បច្ចុប្បន្ន​នេះ​ បច្ចេសទេស​ប.វ.ស.​ត្រូវ​បាន​អនុវត្ត​ដោយ​កសិករ​ខ្មែរជាង​២​សែន​គ្រួសារ​ ឬ​ប្រហែល​១​លាន​នាក់។​

លោក​រស់ ម៉ៅ​ជា​កសិករ​អាយុ​៥៥​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​តាកែវ​ដែល​បាន​អនុវត្ត​បច្ចេក​ទេស​ប.វ.ស.​នេះ។​

«កាល​ពីមុន​ ខ្ញុំ​អាច​ធ្វើ​បាន​១​តោន​ក្នុង​មួយ​ហិកតា​ ​ប៉ុន្តែ​ក្រោយ​ពី​ខ្ញុំ​បាន​ប្រើប.វ.ស​..ក្នុង​ឆ្នាំ​២០០៣​មក ​ខ្ញុំ​ទទួល​ផល​បាន​២​តោន ​ក្រោយ​មក​៣​តោន​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​ប្រមូល​ផល​បាន​៥​តោន​ក្នុង​មួយ​ឆ្នាំ»។​

កសិករ​រស់ ម៉ៅ​ថ្លែង​ថា ​ការ​ធ្វើ​ស្រែ​តាម​បច្ចេក​ទេសប​.វ.ស.​ត្រូវ​ការ​ការ​ថែទាំ​ប្រហាក់​ប្រហែល​គ្នា​ហ្នឹង​ការ​ដាំដុះ​លក្ខណៈ​ប្រពៃណី​ដែរ ​ប៉ុន្តែ​កសិករ​មួយ​ចំនួន​ក្នុង​ភូមិ​របស់​លោក​នៅ​តែ​មិន​ព្រម​អនុវត្ត​តាម​ មូលហេតុ​មក​ពី​ពួក​គេ​ថ្នឹក​នឹង​ការ​ដាំ​ដុះ​បែប​ប្រពៃណី​នេះ។​

យ៉ាង​ណា​ក៏​ដោយ ​តាម​ការ​កត់​សម្គាល់​របស់​លោក​យ៉ង់ សាំង​កុមារ ​ភាគ​ច្រើនក្នុង​ចំណោម​កសិករ​ប្រហែល​៦០​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​កម្ពុជា​សរុប​នៅ​តែ​បន្ត​ធ្វើ​ស្រែតាម​បែប​ប្រពៃណី ​ដែលជា​ទូទៅទទួល​ផល​បាន​ត្រឹម​តែ​២​ហិកតាក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

អ្នកស្រី​ហៃ ស្រ៊ីន កសិករ​អាយុ​៥៧​ឆ្នាំ​ម្នាក់ក្នុង​ឃុំ​កញ្ជៀ្រច​ ខេត្ត​ព្រៃវែង ថ្លែង​ថា​គ្រួសារ​អ្នកស្រី​ ​មិនបាន​ដឹង​ពី​បច្ចេកទេស​នេះ។

«​ខ្ញុំ​មិន​ប្រើ​បច្ចេកទេសនេះ​ទេ ពី​ព្រោះ​អត់​មាន​ពី​ណា​គេ​មក​បង្រៀន​ខ្ញុំ​ទេ។ ខ្ញុំ​នឹង​ប្រើ​ដែរ​បើ​ខ្ញុំ​ដឹង ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ខ្ញុំ»។​

អ្នកស្រី ហៃ ស្រ៊ីន ប្រមូល​ផលស្រូវ​បាន​ប្រហែល២​តោន​ក្នុង​មួយ​ហិកតា​។

លោក យ៉ង់ សាំង​កុមារ យល់​ថា​រដ្ឋាភិបាល​គួរ​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ថែម​ទៀត​ដើម្បី​បញ្ចៀប​បច្ចេកទេស​នេះ​ដល់​កសិករ​ឱ្យ​បាន​ទូលំទូលាយ។

«​យើង​មិន​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​ផ្សព្វផ្សាយ​និង​ធ្វើ​ការ​ផ្ទាល់​ជាមួយកសិករ​ទាំង​អស់​ក្នុង​ប្រទេស​ទេ។ យើង​គិត​ថា​ដើម្បី​ឱ្យ​កិច្ចការ​នេះ​បាន​សម្រេច ក្រសួង​កសិកម្ម​ក៏​ដូចជា​រដ្ឋាភិបាល​ហ្នឹង​គួរមាន​ធនធាន​មនុស្ស​និង​ថវិកា​ឱ្យ​បាន​គ្រប់គ្រាន់។ សេដាក​គ្រាន់​តែ​ជា​អង្គការ​មួយប៉ុណ្ណោះ ដូច្នេះ​យើង​ធ្វើ​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន»។​

ប៉ុន្តែ លោក​បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​និង​នេសាទ ថ្លែង​ថារដ្ឋាភិបាល​មាន​ការ​ប្រឹងប្រែងខ្ពស់​ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​បច្ចេកទេសប.វ.ស.​នេះ​ ដោយ​បាន​ដាក់​បច្ចេកទេស​នេះក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​នៅ​ឆ្នាំ​២០០៥ ចំណែក​ឯក្រសួង​កសិកម្ម​បាន​បង្កើត​ស្រែ​គំរូ​ប.វ.ស.​នៅ​គ្រប់​ស្រុក​និង​ខេត្ត​ក្នុង​ប្រទេស។

ទោះ​បី​ជា​យ៉ាង​ណា លោក ហ៊ាន វណ្ណហន​ពន្យល់​ថា បច្ចេកទេស​ប.វ.ស.​មិន​អំណោយ​ផល​គ្រប់​ស្ថានភាព​របស់​កសិករ​ទេ។

«​ប.វ.ស.​អាច​អនុវត្ត​បាន​ល្អ​នៅ​កណ្លែង​ដែល​មាន​ប្រព័ន្ធ​ស្រោចស្រព​ល្អ​រួច​មក​ហើយ ចង់​បង្ហូរ​ចេញ​ឬ​ចូល​បាន​គ្រប់​ពេល។ ទី​ពីរ​កសិករ​ត្រូវ​តែ​ស្រលាញ់​ស្រែ​គាត់​ខ្លាំង នៅ​មើល​ថែទាំ​តែ​ស្រែ។ ប៉ុន្តែ​យើង​ត្រូវ​គិត​ដែរ​ថា​ប្រសិន​បើ​គាត់​យក​ពេល​សល់​ធ្វើ​អ្វី​ផ្សេង​អាច​នឹង​អាច​ឱ្យ​គាត់​រក​ចំណូល​បាន​ច្រើន​ជាង។ សម្រាប់​ខ្ញុំ​ប.វ.ស.​គឺ​ល្អ​សម្រាប់​អ្នក​ដែល​មាន​សមាជិក​គ្រួសារ​ច្រើន​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ដី​ស្រែ​ច្រើន​លើស​ពី​៥​ហិកតាទៅ​ ប.វ.ស.​មិន​អាច​ទៅ​រួច​ទេ ​ព្រោះ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន​ណាស់»។


ប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម​ ហើយ​រដ្ឋាភិបាល​កំពុង​ជំរុញ​ផលិត​កម្ម​ស្រូវដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​មួយ​លាន​តោន​ត្រឹម​ឆ្នាំ​២០១៥។​

លោក​ហ៊ាន វណ្ណហន​បន្ថែម​ថា​ ប្រសិន​បើ​កសិករ​ទូទាំង​ប្រទេស​អនុវត្ត​បច្ចេក​ទេស​ប.វ.ស.​នេះ ​នោះ​កម្ពុជា​នឹង​មិន​អាច​ជំរុញ​ការ​នាំ​ចេញ​ស្រូវ​តាម​គោល​ដៅ​កំណត់​បាន​ទេ ​មូលហេតុ​មក​ពី​កង្វះ​កម្លាំង​ពលកម្ម៕