សហមេធាវី​នាំ​មុខ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​តុលាការ​ខ្មែរ​ក្រហម​លាលែង​ពី​តំណែង ដោយ​ត្អូញ​ត្អែរ​ពី​កង្វះ​ការ​គាំទ្រ​ដល់​ការ​ចូលរួម​របស់​ជន​រង​គ្រោះ

រូបថតដែលចេញផ្សាយដោយសាលាក្តីខ្មែរក្រហម នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ បង្ហាញឲ្យឃើញទិដ្ឋភាពទូទៅនៃដំណើរការសវនាការស្តីពីការប្តឹងសាទុក្ខរបស់ ខៀវ សំផន នៅរាជធានីភ្នំពេញ។ (AFP/Nhet Sok Heng/ECCC)

សហ​មេធាវី​នាំ​មុខ​ដើម​បណ្តឹង​រដ្ឋប្បវេណី​អន្តរ​ជាតិ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម ឬ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាកា​រកម្ពុជា(អ.វ.ត.ក) បាន​សម្រេច​លាលែង​ពី​តំណែង ដោយ​បាន​ត្អូញត្អែរ​ពី​កង្វះ​ធនធាន​សម្រាប់​កិច្ច​ការ​ជួប​ជាមួយ​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​ជា​ជន​រង​គ្រោះ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​អ្នកស្រី Megan Hirst ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​វីអូអេ​ទទួល​បាន។ លិខិត​មួយ​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ទៅ​តុលាការ​កំពូល​នៃ​អ.វ.ត.ក។

នៅ​ក្នុង​លិខិត​ដែល​មាន​កម្មវត្ថុ​ស្តីពី​«ការ​ដក​ខ្លួន​លែង​ធ្វើ​ជា​សហមេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​អន្តរ​ជាតិ» អ្នកស្រី Hirstបាន​លើក​ឡើង​ថា​អ្នកស្រី​បាន​គិត​ពិចារណា​ជា​ច្រើន​ខែ​មក​ហើយ ទើប​ឈាន​ដល់​«សេចក្តី​សម្រេច​ដ៏​ឈឺ​ចាប់»មួយ។ អ្នកស្រី​បន្ថែម​ថា​មេធាវី​ពុំ​មាន​ធនធាន​សូម្បី​តែ​សម្រាប់​រៀបចំ​កិច្ច​ប្រជុំ​រវាង​ដើម​បណ្តឹង​រដ្ឋប្បវេណី និង​តំណាង​របស់​ពួកគាត់។

អ្នកស្រី​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា៖ «ក្រុម​របស់​ខ្ញុំ​បាន​បាត់​បង់​ធនធាន​មនុស្ស​សំខាន់ៗ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​លទ្ធភាព​របស់​យើង​ខ្ញុំ​ក្នុង​ការ​តំណាង​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ យ៉ាងណា​មិញ បញ្ហា​ដែល​សំខាន់​នោះ គឺ​មាន​លក្ខណៈ​ជា​មូលដ្ឋាន​ជាង​នេះ។ យើង​ពុំ​មាន​ធនធាន​សូម្បី​តែ​សម្រាប់​រៀបចំ​កិច្ច​ប្រជុំ​រវាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ និង​តំណាង​របស់​ពួកគាត់»។

ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ជា​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម មាន​ចំនួន​៣.៨៦៥នាក់ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​តុលាការ​កូន​កាត់​មួយ​នេះ។ ពួកគេ​ត្រូវ​បាន​តំណាង​ដោយ​ក្រុម​មេធាវី​ជាតិ និង​អន្តរ​ជាតិ​ចំនួន​២០​រូប។ មេធាវី​អាច​ជួប​ជាមួយ​ជន​រង​គ្រោះ​តែ​៥%​នៃ​ជន​រង​គ្រោះ​សរុប​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សហ​មេធាវី​អន្តរ​ជាតិ។

អ្នកស្រី Hirst បន្ថែម​ថា៖ «ដើម​បណ្តឹង​រដ្ឋប្បវេណី​ដ៏​ច្រើន​លើស​លប់​មិន​បាន​ដឹង​ពី​អ្វី​ដែលបាន​កើត​ឡើង​នៅ​អ.វ.ត.ក​ ទេ​នៅ​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ឬ​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ក្រោយ​ពេល​ចេញ​សាល​ដីកា»។

តុលាការ​ខ្មែរ​ក្រហម​ដែល​ជា​តុលាការ​កូនកាត់ គឺ​មាន​ភាគី​ខ្មែរ និង​អង្គការ​សហ​ប្រជាជាតិ គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវ​ការ​នៃ​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌ នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​មាន​ការ​ប្រកាស​សាល​ដីកា​ប្រឆាំង​នឹង​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង​០០២/០២ ដែល​នៅ​រស់​រៀន​មាន​ជីវិត។

បើ​តាម​អ្នកស្រី Hirst កង្វះ​ទំនាក់​ទំនង​នាំ​ឲ្យ​មេធាវី​មិន​អាច​ពិភាក្សា​ជាមួយ​ជន​រង​គ្រោះ​ទៅ​លើ​បញ្ហា​សំខាន់ៗ និង​ការ​អាច​ចូល​ទៅ​មើល​ឯកសារ​របស់​តុលាការ​ជា​សាធារណៈ ដែល​រួម​ទាំង​ព័ត៌មាន​លម្អិត​របស់ឯកជន​អំពី​ឧក្រិដ្ឋ​កម្ម​សង្រ្គាម និង​ព័ត៌មាន​អំពី​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ជន​រងគ្រោះ​បាន​ឆ្លង​កាត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១​លាន​៧​សែន​នាក់។

ចាប់​តាំង​ពី​ការ​បង្កើត​ក្នុង​ឆ្នាំ​២០០៦ តុលាការ​កូន​កាត់​មួយ​នេះ​បាន​ចំណាយ​ប្រាក់​ជាង​៣០០​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ផ្សេងៗ។ តុលាការ​នេះ​បាន​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ចំនួន​៣​រូប គឺ​មាន​លោក កាំង ហ្កេកអ៊ាវ ហៅ​ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង និង​មេដឹកនាំ​លោក នួន ជា ដែល​បាន​ស្លាប់ និង​លោក ខៀវ សំផន ដែល​នៅ​រស់​រៀន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

អ្នកស្រី Hirst ឲ្យ​ដឹង​ទៀត​ថា​ក្នុង​អំឡុង​ពេល​នេះ តុលាការ​ខ្មែរ​ក្រហម​មិន​បាន​ផ្តល់​ប្រាក់​ដល់​មេធាវី ដើម្បី​ជួប​ជាមួយ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឡើយ។ ប៉ុន្តែ​មាន​តែ​មេធាវី​៣​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​តុលាការ​ផ្តល់​ប្រាក់ ដើម្បី​ទូទាត់​លើ​ការ​ចំណាយ​សម្រាប់​ការ​ជួប​ជាមួយ​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។

បើ​តាម​អ្នកស្រី Hirst សហ​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ត្រូវ​បាន​រំពឹង​ថា​នឹង​ស្វែង​រក​ជំនួយ​ថវិកា​ដោយ​ឯក​រាជ្យ​ពី​ប្រភព​ខាង​ក្រៅ ដើម្បី​ជួយ​សម្រួល​ដល់​កិច្ច​ការ​តំណាង​ដែល​ជា​កិច្ចការ​ស្នូល​របស់​ខ្លួន។

អ្នកស្រី Hirst បញ្ជាក់​ថា៖ «លទ្ធភាព​របស់​យើង​ចំពោះ​កិច្ច​ការ​នេះ​ត្រូវ​បាន​កំហិត តាម​រយៈ​ការ​បែង​ចែក​ធនធាន​មនុស្ស​ដ៏​ស្តួច​ស្តើង​ផ្ទាល់​ខ្លួន​ ដែល​លាត​សន្ធឹង​ទៅ​លើ​ការងារ​នៃ​កិច្ច​ដំណើរ​ការ​នីតិវិធី​តាម​ផ្លូវ​តុលាការ​ផង​ និង​ដោយ​មាន​ការ​បន្ថយ​នូវ​ចំណាប់​អារម្មណ៍​ពី​ម្ចាស់​ជំនួយ»។

អ្នកស្រី​បន្ថែម​ថា​នៅ​ឆ្នាំ​នេះ មេធាវី​អាច​ជួប​ជាមួយ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រមាណ​២០​នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​ពួកគេ​ទទួល​បាន​ជំនួយ​ពី​អង្គការ​អាល្លឺម៉ង់​GIZ ដែល​ជា​ទីភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។

ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​មិន​បាន​ផ្តល់​ការ​ពន្យល់​សម្រាប់​កង្វះ​ថវិកា​នៃ​ការ​គាំទ្រ​ដល់​ការ​ចូលរួម​របស់​ជន​រងគ្រោះ​ឡើយ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​របស់​តុលាការ​ខ្មែរ​ក្រហម ប្រាប់​វីអូអេ​ថា​អ.វ.ត.ក នៅ​តែ​បន្ត​គាំទ្រ​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី និង​តួនាទី​សំខាន់​ ដែល​ពួក​គេ​មាន​នៅ​ក្នុង​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌។ លោក​មិន​បាន​ផ្តល់​ការ​ពន្យល់​ថា​តើ​តុលាការ​កំពុង​ដោះ​ស្រាយ​កង្វះ​ខាត​ថវិកា​សម្រាប់​ទំនាក់​ទំនង​រវាង​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និង​មេធាវី​របស់​ពួកគេ យ៉ាងណា​ឡើយ។

លោក ហុង​ គឹមសួន ដែល​ជា​មេធាវី​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ភាគី​ជាតិ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ គាំទ្រ​ការ​ត្អូញ​ត្អែរ​របស់​អ្នកស្រី​Hirst និង​និយាយ​ថា​សំណើ​របស់​លោក​សម្រាប់​ថវិកា​កាល​ពី​កន្លង​ទៅ ក៏​ត្រូវ​បាន​ច្រាន​ចោល​ជា​បន្ត​បន្ទាប់​ដែរ។ លោក​បន្ថែម​ថា​ប្រាក់​ឧបត្ថម្ភ​របស់​លោក​ត្រូវ​បាន​ផ្តល់​ដោយ​អង្គការ​ក្នុង​ស្រុក​ឈ្មោះ​ថា​ក្រុម​អ្នក​ច្បាប់​ការពា​រសិទ្ធិ​កម្ពុជា ហៅ​កាត់​ថា​CDP (Cambodia Defenders Project)។

លោក​ថ្លែង​ថា៖ «យើង​ត្រូវ​ការ​លុយ​ចុះ​ជួប​ដើម​បណ្តឹង ដើម​បណ្តឹង​ច្រើន​មែន ក៏​ប៉ុន្តែ​យើង​មិន​មែន​ចុះ ទាំង​រាប់​ពាន់ រាប់​ម៉ឺន​នាក់​ឯណា។ ថា​តឹង​ចិត្ត តឹង​ទ្រូង ដែល​វា​គ្មាន​ថវិកា​ធ្វើ​ការងារ»។

លោក​បន្ថែម​ថា៖ «មនុស្ស​យើង​គេ​ធ្វើ​កើត​តើ បើ​ទោះ​ថា​ខ្ទង់​ចំណាយ​វា​គ្មាន​ទេ ក៏​គេ​ប្រជុំ​អាច​សម្រេច​បាន​ដែរ។ ការ​ចំណាយ​ដើម្បី​ឲ្យ​មេធាវី​នាំ​មុខ​បរទេស ឬ​ក៏​ខ្មែរ ឬ​ក៏​មេធាវី​ខ្មែរ​ដូច​ពួក​ខ្ញុំ មាន​ថវិកា​សមរម្យ មិន​មែន​ទារ​ច្រើន​ដូច​គេ​ធ្វើ​ការ​ណា។ គួរ​តែ​បែង​ចែក​ដែរ លុយ​រាប់​រយ​លាន​ដុល្លារ​ណា មិន​មែន​ម៉ឺន​ណា»។

លោក យន់ ប៊ីន ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​រួច​ផុត​ពី​ការ​សម្លាប់​វាយ​ដាក់​ក្នុង​រណ្តៅ និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ ថ្លែង​ថា​លោក​មិន​សូវ​បាន​ជួប​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឡើយ ដែល​លោក​ចង់​បាន​ការ​ជួប​ជា​ប្រចាំ ដើម្បី​លោក​អាច​និយាយ​រឿង​ពី​អតីត​កាល​របស់​លោក និង​ដឹង​ពី​ដំណើរ​ការ​របស់​តុលាការ។

លោក​បញ្ជាក់​ថា៖ «តុលាការ​គាត់​មិន​សូវ​ខ្វល់​ខ្វាយ​ប៉ុន្មាន​ផង​មើល​ទៅ ព្រោះ​ដើម​បណ្តឹង​ដូច​លែង​ចង់​ហៅ​ហើយ លែង​ជួប​ហើយ»។

បើ​តាម​លោក យន់ ប៊ីន ដើម​បណ្តឹង​ពីរ​នាក់​ក្នុង​ភូមិ​កំណើត​របស់​លោក​ក្នុង​ឃុំ​ព្រះធាតុ ខេត្ត​ត្បូង​ឃ្មុំ បាន​ស្លាប់ ហើយ​ម្នាក់​ទៀត​កំពុង​ឈឺ​ធ្ងន់​ធ្ងរ។

លោក យន់ ប៊ីន អាយុ​៦៧​ឆ្នាំ ថ្លែង​ថា​លោក​ត្រូវ​បាន​ផ្តល់​ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​មក​ភ្នំពេញ ក្នុង​ការ​ចូលរួម​ផ្តល់​សក្ខីកម្ម​របស់​លោក​កាល​ពី​កន្លង​ទៅ និង​ស្តាប់​ការ​ប្រកាស​សាល​ដីកា​ផ្សេងៗ។

លោក​ឲ្យ​ដឹង​ថា​លោក​ចង់​បាន​សំណង​ជា​ប្រាក់​មួយ​ចំនួន ប្រសិន​បើ​មាន បន្ថែម​លើ​ការ​សាង​សង់​ចេតិយ​សម្រាប់​ការ​ឧទ្ទិស​កុសល​ជារួម។

បច្ចុប្បន្ន​នេះ លោក យន់ ប៊ីន ត្រូវ​បាន​ជួយ​ដោយ​អង្គការ​ចិត្ត​សង្គម និង​អន្តរ​វប្បធម៌ (TPO) ដែល​ផ្តល់​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​លោក ដែល​លោក​ថា​លោក​នៅ​តែ​នឹក​ឃើញ​ជា​និច្ច​នូវ​រឿង​រ៉ាវ​ដែល​លោក​ត្រូវ​បាន​ដឹក​តាម​រថយន្ត យក​ទៅ​វាយ​ចូល​ក្នុង​រណ្តៅ តែ​លោក​នៅ​អាច​រស់​រៀន ហើយ​អាច​រត់​រួច​ចេញ​ពី​រណ្តៅ​បាន។

គេហទំព័រ​របស់​អ.វ.ត.ក ឲ្យ​ដឹង​ថា​ជនរង​គ្រោះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ភាគី​ក្នុង​ដំណើរការ​នីតិវិធី និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទាមទារ​សំណង​ផ្លូវ​ចិត្ត និង​សមូហភាព។ គេហទំព័រ​បន្ត​ថា​ការ​ទទួល​ស្គាល់​បែប​នេះ​ឆ្លុះ​បញ្ចាំង​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​អ.វ.ត.ក ចំពោះ​អាណត្តិ​របស់​ខ្លួន ក្នុង​ការ​ជួយ​ដល់​ប្រជាជន​កម្ពុជា​ស្វែង​រក​យុត្តិធម៌ និង​ការ​ផ្សះផ្សា​ជាតិ ដូចមាន​ចែង​ក្នុង​បុព្វកថា​នៃ​កិច្ចព្រម​ព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ការ​កាត់​សេចក្តី​នៅ​ក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​រយៈ​កាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ថ្លែង​ក្នុង​លិខិត​ចំហ​មួយ​របស់​លោក​ថា​ការ​ដក​ខ្លួន​របស់​អ្នកស្រី Hirst ​បញ្ជាក់​ពី​ការ​«បរាជ័យ​ទាំងមូល» ដើម្បី​សម្រេច​នូវ​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជន​រង​គ្រោះ ក្នុង​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌។ លោក​បន្ថែម​ថា​តុលាការ​ខ្មែរ​ក្រហម​ទទួល​ស្គាល់​ជន​រង​គ្រោះ​ក្នុង​ដំណើរ​ការ​ស្វែង​រក​យុត្តិ​ធម៌ ដូច្នេះ​ពួកគេ​ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​សិទ្ធិ​ក្នុង​ការ​ជម្រាប​អំពី​ដំណើរ​ការ​របស់​តុលាការ។

លោក Peter Maguire ជា​អ្នក​និពន្ធ និង​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ប្រាប់​វីអូអេ​ថា​តុលាការ​ខ្មែរ​ក្រហម​បាន​បង្ហាញ​នូវ​ការ​សាក​ល្បង​សម្រាប់​ការ​ចូលរួម​របស់​ជន​រងគ្រោះ ហើយ​វា​ជា​ការ​សាក​ល្បង​មួយ​ដែលអាច​ផ្តល់​នូវ​យុត្តិធម៌ និង​ជាការ​ព្យាបាល​រោគ​សម្រាប់​ជន​រង​គ្រោះ។ ប៉ុន្តែ​លោក​ថា​ការ​សាក​ល្បង​នេះ​បាន​បរាជ័យ ដូច​បាន​ឆ្លុះ​បញ្ចាំង​ជា​ភស្តុតាង​តាម​រយៈ​លិខិត​ដក​ខ្លួន​របស់​អ្នកស្រី Hirst។

លោក​ការពារ​ការ​អះអាង​ថា​ការ​បញ្ចូល​យន្តការ​នៃ​ការ​ព្យាបាល​រោគ​សម្រាប់​ជន​រងគ្រោះ​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​តុលាការ​សាំញាំ​ខ្លាំង​មែន​ទែន ហើយ​វា​គួរ​តែ​ត្រូវ​បាន​ផ្តល់​ជំនួស​វិញ នៅ​ខាង​ក្រៅ​បន្ទប់​តុលាការ។

លោក Peter Maguire បញ្ជាក់​ថា៖ «ការ​សុំ​តុលាការ​ដែល​ខុស​ឆ្ងាយ​ពី​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ឱ្យ​ផ្សះ​ផ្សា​សង្គម ឬ​បង្រៀន​មេ​រៀន​ប្រវត្តិ​សាស្ត្រ គឺ​ជា​ការ​ស្នើ​សុំ​ច្រើន​ពេក​ហើយ»៕