ក្រសួង​ព័ត៌មាន​បង្កើត​គណៈ​កម្មការ ដែល​អាច​​រិះគន់​អ្នក​កាសែត ឬ​អង្គ​ភាព​​សារ​ព័ត៌មាន​បំពេញ​ការងារ​ខុស​​ក្រម​សីលធម៌

រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

ក្រសួង​ព័ត៌មាន​បង្កើត​គណៈ​កម្មការ​មួយ ដែល​មាន​សមាសភាព​ពី​មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង និង​សមាគម​អង្គការ​សារព័ត៌មានមួយ​ចំនួន ដើម្បី​វាយ​តម្លៃ​ការ​អនុវត្ត​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ដោយ​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន។

គណៈ​កម្មការ​នេះ​នឹង​ដើរ​តួនាទី​ជា​អ្នក​តាម​ដាន វាយ​តម្លៃ និង​លើក​សរសើរ​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន ដែលអនុវត្ត​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន។ ប៉ុន្តែ​គណៈ​កម្មការ​ក៏​អាច​វាយ​តម្លៃ​ឈាន​ដល់​ការ​«ដាក់​វិន័យ​»ចំពោះ​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន ដែល​ប្រព្រឹត្ត​ល្មើស​សីលធម៌​វិជ្ជាជីវៈ​ផង​ដែរ។

គណៈ​កម្មការ​ក៏​មាន​ភារកិច្ច​ក្នុង​ការ​ពិនិត្យ​មើល​ការ​តវ៉ា​ពី​សាធារណ​ជន​ ឬ​អង្គភាព​ស្ថាប័ន​នានា ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ដែល​ទាក់​ទង​នឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​រវាង​អ្នក​សារព័ត៌មាន អង្គភាព​សារព័ត៌មាន ជាមួយ​បុគ្គល​ឬក្រសួង​ស្ថាប័ន ឬ​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន។

បើ​តាម​សេចក្តី​សម្រេច ក្រោយ​ការ​វាយ​តម្លៃ​ហើយ គណៈ​កម្មការ​ស្នើ​សុំ​ការ​សម្រេច​ពី​ថ្នាក់​ដឹកនាំ​ក្រសួង ជា​ការ​លើក​សរសើរ ឬ​ដាក់​វិន័យ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ តាម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន។

សមាសភាព​នៃ​គណៈ​កម្មការ​នេះ មាន​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន​ចំនួន​១០​នាក់ និង​ប្រធាន​សមាគម​អង្គការ​ការពារ​អ្នក​សារព័ត៌មាន​ចំនួន​៥​ ស្ថាប័ន ដែល​រួម​មាន​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា ក្លឹប​អ្នកកាសែត​កម្ពុជា សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(ខេមបូចា) សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ និង​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត។

បើ​តាម​សេចក្តី​សម្រេច កិច្ច​ប្រជុំ​អាច​ដំណើរ​ការ​ទៅ​បាន លុះត្រា​តែ​សមាជិក​មាន​ចំនួន​ពីរ​ភាគ​បី​នៃ​សមាជិក​សរុប​របស់​គណៈ​កម្មការ។ ចំណែក​ការ​សម្រេច​របស់​អង្គ​ប្រជុំ​ដែល​អាច​យក​ជា​ការ​បាន លុះ​ត្រា​តែ​មាន​សំឡេង​៥០​បូក​១​នៃ​សមាជិក​អង្គ​ប្រជុំ។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​មួយ​រូប​នៃ​គណៈ​កម្មការ​នេះ បាន​ថ្លែង​ថា​ការ​អនុវត្ត​ខុស​ពី​ក្រម​សីលធម៌ គណៈ​កម្ម​ការ​នឹង​វាយ​តម្លៃ​ហើយ​ដាក់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ជា​អ្នក​សម្រេច។ លោក​មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​ការ​រិះគន់​ស្ថាប័ន ​ឬ​អ្នក​សារព័ត៌មាន​នឹង​ត្រូវ​ធ្វើ​ជា​សាធារណៈ ឬ​ជា​លក្ខណៈ​ឯកជន​ទៅ​បុគ្គល​ឬ​ស្ថាប័ន​សារព័ត៌មាន។

លោក​ប្រាប់​វីអូអេ​ថា​៖ «ដូច​ខ្ញុំ​បាន​បញ្ជាក់​អញ្ចឹង គណៈ​កម្មការ​នេះ​ពិនិត្យ​វាយ​តម្លៃ​ជូន​ថ្នាក់​ដឹកនាំ ដើម្បី​ពិនិត្យ​និង​សម្រេច។ ដូច្នេះ​ការ​សម្រេច​ជា​ចុង​ក្រោយ តាម​នីតិវិធី​បែប​ណា​នោះ គឺ​ជា​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ព័ត៌មាន»។

នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​«ក្រម​សីលធម៌ក្នុង​ការ​ផ្សាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក» កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា​បច្ចុប្បន្ន​នេះ សមាគម​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ហ៊ាន​រិះ​គន់​អ្នក​កាសែត​ដែល​បំពេញ​ការងារ​មិន​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា​៖« មក​ដល់​ឥឡូវ​យើង​ឃើញ​សមាគម​មាន​ជាង​៥០​មែន។ តើ​មាន​សមាគម​ណាមួយ​ហ៊ាន​ថ្កោល​ទោស​អ្នក​កាសែត​យើង​ដែល​សរសេរ​ខុស​វិជ្ជាជីវៈ​ទេ? អត់​មាន​សមាគម​ណាមួយ​ហ៊ាន​ទេ។ ហ្នឹងដែល​ជា​ចំណុច​ខ្សោយ​ដែល​ធ្វើ​ឲ្យ​អ្នក​កាសែត​មួយ​ចំនួន​ចេះ​តែ​រសាត់ រង្រ្កៀក​ចេញ​ពី​ផ្លូវ​ល្អ​របស់​យើង»។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា​ការ​លើក​កម្ពស់​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាននិង​ស្ថាប័ន​សារព័ត៌មាន ជា​រឿង​ល្អ​មួយ ដែល​ភាគី​ទាំង​អស់​ត្រូវ​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​។ លោក​បន្ថែម​ថា​គណៈ​កម្មការ​នេះ​មាន​សិទ្ធិ​អំណាច​ច្រើន​ទៅ​ខាង​ក្រសួង​ព័ត៌មាន ដោយ​សារ​សមាស​ភាព​នៃ​គណៈ​កម្មការ​មាន​មន្រ្តីក្រសួង​ព័ត៌​មាន​ច្រើន។ ការណ៍​នេះ​លោក​បារម្ភ​អំពី​«ភាព​អយុត្តិ​ធម៌»​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ណាមួយ ដែល​ត្រូវ​ការ​សំឡេង​៥០​បូក​១។

លោក​បន្ថែម​ថាលោក​នៅ​តែ​មាន​ចម្ងល់​នៅ​ឡើយ​ចំពោះ​ការ​អនុវត្ត​ជាក់​ស្តែង​របស់​គណៈ​កម្មការ​មួយ​នេះ ដោយ​សារ​កន្លង​ទៅ អ្នក​សារព័ត៌​មាន​ឯករាជ្យ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិ​បាល។

លោក​ថ្លែង​ថា៖ «ពេល​ខ្លះ​ដូច​ជា​គាត់​កោត​សរសើរស្ថាប័ន​ដែល​រាយការណ៍​អំពី​អំពើ​ល្អ​ ឬ​សកម្មភាព​ល្អៗ​របស់​រដ្ឋាភិបាល ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ឯក​រាជ្យ​ដែល​គាត់​លើក​ពី​ចំណុច​ខ្វះ​ខាត​មក​បង្ហាញ​ដល់​សាធារណជន​ឲ្យ​បាន​ដឹង ហើយ​នេះ​ក៏​ជា​តួនាទី​សំខាន់​របស់​អ្នក​សារព័ត៌មាន​នោះ បែរ​ជា​ពេល​ខ្លះត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់ថា​ជា​អ្នក​សារព័ត៌មាន​ប្រឆាំង ឬ​ក្រុម​ប្រឆាំងអី​ទៅ​វិញ»។

លោក អ៊ិត សូធឿត បន្ថែម​ថា​ការ​រិះគន់​លើ​ការ​អនុវត្ត​ក្រម​សីលធម៌ ជា​ជំហាន​ដំបូង លោក​យល់​ថា​គួរ​តែ​ទាក់​ទង​ទៅ​ស្ថាប័ន ឬ​បុគ្គល​ដោយ​ផ្ទាល់​ដើម្បី​ណែនាំជា​មុន​សិន។ លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​វគ្គ​បណ្តុះ​បណ្តាល​ដល់​អ្នក​កាសែត ដើម្បី​ពង្រឹង​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ ដោយ​សារ​អ្នក​សារព័ត៌មាន​ខ្លះ​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​នោះ​ទេ៕