រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ព្រមាន​ប្តឹង​វិទ្យុ​ ដែល​ជួល​ម៉ោង​ផ្សាយ​ឱ្យ​ VOA ​ អាស៊ីសេរី​ និង​គណបក្ស​ជំទាស់​ ​ខុស​ពី​កិច្ច​សន្យា

លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ថ្លែង​អំពី​ចំណាត់​ការ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​នៅកម្ពុជា​នៅក្នុង​សន្និសីទ​សារព័តមាន​ នៅថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៧។​ (ហ៊ាន សុជាតា/VOA)

«បញ្ហា​ហ្នឹង​មិនមែន​បិទ​ដោយ​សារ​តែ​វិទ្យុ​ហ្នឹង​ផ្សាយ​​អាស៊ីសេរី​ ​ឬ​ VOA ​ទេ។​ ​ពី​ព្រោះ​​នៅ​ក្នុង​កិច្ចសន្យា​នៅ​ពេល​ដែល​សុំ​បើក​ស្ថានីយ​ ​គឺ​ម្ចាស់​ស្ថានីយ​ទាំងអស់​សុទ្ធ​តែ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ជួល​ម៉ោង​របស់​ខ្លួន​ ​គឺ​ត្រូវ​ឆ្លង​​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន។​ អីចឹង​វិទ្យុ​មួយ​ចំនួន​​នោះ​គឺ​អត់​បាន​ឆ្លង​ ​អីចឹង​ក្រសួង​គឺ​ត្រូវ​​តែ​បិទ​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​​ដែល​ត្រូវ​ការ​​មាន​ការ​​រឹតបន្តឹង​​ផ្នែក​ច្បាប់​ក្នុង​​ការ​ផ្សព្វផ្សាយ​នេះ»។​​

ស្ថាប័ន​វិទ្យុ​ឯកជន​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ជួល​ម៉ោង​ផ្សាយឲ្យ​វិទ្យុ ​VOA​ ​វិទ្យុអាស៊ីសេរី​ ​(RFA)​ ​និង​គណ​បក្ស​ប្រឆាំង ​អាច​រង​ការ​ប្តឹង​ផ្តល់​ទៅតុលាការ​ពាក់ព័ន្ធ​នឹង«បទ​រំលោភ​លើ​ទំនុក​ចិត្ត»​ ​ចំពោះ​ការ​ជួល​ម៉ោងខុស​ពី​កិច្ច​សន្យាជា​មួយ​ក្រសួងព័ត៌មាន។​ ​នេះ​បើតាម​ការ​អះអាង​របស់លោករដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ខៀវ កាញារីទ្ធ​ ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។​

ក្នុង​សន្និសីទ​មួយពាក់ព័ន្ធ​នឹង​ការ​ផ្អាក​ ​និង​បិទ​វិទ្យុ​មួយ​ចំនួនមិន​ឲ្យ​ផ្សព្វផ្សាយ​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ខៀវ កាញារីទ្ធ​ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មានលើក​ឡើង​ថា​ ​កិច្ច​សន្យា​រវាង​ម្ចាស់​ស្ថានីយ​ទាំងអស់​បាន​បញ្ជាក់​ថា​ ​ក្នុង​ការ​ជួល​ម៉ោង​ផ្សាយត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ជា​មុន​ ​ប៉ុន្តែ​លោក​ថា​ ​វិទ្យុ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ការផ្សាយ​ដោយ​សារ​ពួកគេ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង។​ ​លោក​បន្ថែម​ថា​ ​អ្នក​ច្បាប់​របស់​លោក​កំពុង​ពិនិត្យ​លើ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែលបាន​ជួល​ម៉ោង​ឲ្យ​ ​VOA​ ​និង​វិទ្យុអាស៊ី​សេរី​ ​(RFA)​ ​ហើយលោក​អះអាង​ថា​ ​វិទ្យុ​ទាំង​នោះ​នឹង​ត្រូវ​ប្រឈម​ការ​ប្តឹង​ទៅ​តុលាការ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​ការជួល​ម៉ោង​ផ្សាយ​ខុស​កិច្ច​សន្យា​ជាមួយ​ក្រសួង។​លោកខៀវ កាញារីទ្ធ​បញ្ជាក់​ថា៖​

«បញ្ហា​ហ្នឹង​មិនមែន​បិទ​ដោយ​សារ​តែ​វិទ្យុ​ហ្នឹង​ផ្សាយអាស៊ីសេរី​ ​ឬ​ VOA ​ទេ។​ ​ពី​ព្រោះនៅ​ក្នុង​កិច្ចសន្យា​នៅ​ពេល​ដែល​សុំ​បើក​ស្ថានីយ​ ​គឺ​ម្ចាស់​ស្ថានីយ​ទាំងអស់​សុទ្ធ​តែ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ជួល​ម៉ោង​របស់​ខ្លួន​ ​គឺ​ត្រូវ​ឆ្លងសុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន។​ អីចឹង​វិទ្យុ​មួយ​ចំនួននោះ​គឺ​អត់​បាន​ឆ្លង​ ​អីចឹង​ក្រសួង​គឺ​ត្រូវតែ​បិទ​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដែល​ត្រូវ​ការមាន​ការរឹតបន្តឹងផ្នែក​ច្បាប់​ក្នុងការ​ផ្សព្វផ្សាយ​នេះ»។

រដ្ឋ​មន្ត្រី​រូប​នេះ​បន្ថែម​ថា​ ​ក្រសួង​ព័ត៌មានកំពុង​ពិនិត្យ​មើល​ស្ថាប័ន​វិទ្យុ​មួយ​ចំនួន​ទៀត​នៅ​តាម​បណ្តា​ខេត្ត​ ​ដែល​លោក​អះអាង​ថា ​នឹងត្រូវ​ផ្អាក​ ​និង​បិទ​ជា​បន្ត​បន្ទាប់។​ ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​ការ​ចេញ​ចំណាត់​ការ​បិទ​ ​និង​ផ្អាក​ការ​ផ្សាយរបស់​ស្ថាប័ន​មួយ​ចំនួន​នេះគឺ​ ដើម្បី​រៀបចំ​មិនឲ្យស្ថាន​ការណ៍​នៃ​ការ​ផ្សាយ​ព័ត៌មាន​ដូច​កាល​ពី​ឆ្នាំ​២០១៣​ កើត​ឡើង​ម្តង​ទៀត។​

លោកខៀវ កាញារីទ្ធ​មាន​ប្រសាសន៍​ថា៖​

«ក្នុង​ឆ្នាំ​២០១៣គឺ​ មាន​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត។​ ​យើង​បាន​ដឹង​ហើយ​អំពី​បញ្ហា​ដែលនិយាយថា​ ​ទឹក​ជ្រលក់​អត់​ធានា​បាន។​ យើង​និយាយហើយ​ពី​ពាក្យ​យួន​ច្រើន​ណាស់​ចូល​មក​បោះឆ្នោត។ ​ ​យើង​និយាយ​ច្រើន​ណាស់​ការ​បន្លំ​សន្លឹក​ឆ្នោត។​ ​អីចឹងទេ​យើង​អត់​ឲ្យ​មាន​បញ្ហា​ហ្នឹង​ទៀត​ទេ»។​

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​ក្រសួង​ព័ត៌មាន​បាន​ជូន​ដំណឹង​ឲ្យ​បញ្ឈប់​ការផ្សាយ​របស់​ស្ថានីយ​វិទ្យុ​មហា​នគរ​ ​FM៩៣.៥ MHz ​ទំាង​ស្រុង​ ​ខណៈ​វិទ្យុ​នេះ​បាន​ជួល​ផ្សាយ​កម្មវិធី​ព័ត៌មានឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ ​វិទ្យុ​អាស៊ីសេរី​ ​និង​ ​VOA។​ ​ស្របពេល​ជាមួយ​គ្នា​នោះ​ ​នាយិកា​វិទ្យុ​សំឡេង​ស្រ្តី​ ​FM១០២ MHz​ ​បាន​បញ្ឈប់​ការ​ជួល​ម៉ោងផ្សាយ​បន្តនៅ​ពេល​យប់​ឲ្យវិទ្យុ​អាស៊ីសេរី​ ​និង​ VOA​ ​ដោយ​បន្ត​ជួល​ផ្សាយ​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ។​

អ្នកស្រី យី ឆវ័ន្ត​ ​អ្នក​គ្រប់គ្រង​ការ​ផ្សាយ​ស្ថានីយ​វិទ្យុ​មហានគរ​ ​សុំ​មិន​អធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ក្រសួង​ព័ត៌មាន​ទេ។ ​ទោះ​ជា​យ៉ាង​ណា​ ​អ្នកស្រី​ថា​ ​ការ​បញ្ជា​ឲ្យ​បិទ​ការ​ផ្សាយ​ភ្លាមៗធ្វើ​ឲ្យ​ក្រុម​ការងារ​វិទ្យុ​របស់​អ្នកស្រី​កំពុង​ជួប​បញ្ហា​យ៉ាង​ខ្លាំង។​ ​អ្នកស្រី​បន្ថែម​ថា​ ​វិទ្យុ​មហា​នគរ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចរចា​ជាមួយ​ក្រសួង​ព័ត៌មាន​ក្នុង​ពេល​ឆាប់ៗ ធ្វើ​ឲ្យ​យ៉ាង​ឲ្យ​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​ដើម្បី​ឲ្យ​មាន​ការ​បើក​ផ្សាយ​ឡើង​វិញ។​

អ្នកស្រី​ ​យី ឆវ័ន្ត​ ​បញ្ជាក់​ថា៖​

«ពេល​ដែល​ហៅ​ទៅ​ហើយ​ប្រាប់​ថា​ ដក​អាជ្ញាបណ្ណ​ ​និង​មាន​ការបិទ​ការ​ផ្សាយ ​ បង​ក៏​ឆ្ងល់​ដែរ។​ ហើយ​បញ្ហា​នៃ​ហេតុ​ផល​ហ្នឹង​ គឺ​រហូត​មកដល់​ស្មើ​នេះ​គឺ ​យើង​រក​ហេតុ​ផល​ហ្នឹង​ឲ្យ​សមរម្យ​អត់​ទាន់​ឃើញ។​ អីចឹង​ទៅ ឥឡូវនេះ​យើង​អត់​មាន​ធ្វើអី​ក្រៅ​ពី​រង់ចាំ​ ​ហើយ​យើង​កំពុង​ទាក់ទង​ទៅ​លើ​ការងារ​ទាំង​អស់​ហ្នឹង​ ដើម្បី​ឲ្យ​មាន​ការ​ផ្សាយ​ឡើង​វិញ»។​

ចំណែក​អ្នកស្រី​ ​ជា ស៊ុនដាណែត​ ​នាយិកា​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ដែល​គ្រប់គ្រង​ស្ថានីយ​វិទ្យុ ១០២​ ​ក៏​សុំមិនធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មានផង​ដែរ​ ​ដោយ​អ្នកស្រីគ្រាន់តែ​បញ្ជាក់​ថា​ ​អ្នកស្រី​នឹង​ជួល​ម៉ោង​ផ្សាយ​បន្ត​ឲ្យ​វិទ្យុ​អាស៊ីសេរី​ ​និង​ ​VOA​ ​តែ​ពេល​ព្រឹក​ ​ដូច​ក្នុង​កិច្ច​សន្យា​ជាមួយ​ក្រសួង​ព័ត៌មាន​ប៉ុណ្ណោះ។​

លោកស្រី​ ​ជា ស៊ុនដាណែត​ ​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​នឹង​បន្ត​ផ្សាយ​វិទ្យុ​អាស៊ីសេរី​ ​វីអូអេ តាម​ការ​អនុញ្ញាត​របស់​ក្រសួង​ព័ត៌មាន​ដែល​ផ្តល់​ឲ្យ​កន្លះ​ម៉ោង​អាស៊ីសេរី​ ​កន្លះ​ម៉ោង​វីអូអេ​ ​រៀងរាល់​ថ្ងៃ ពេល​ព្រឹក។​ ​VOA​ ​ម៉ោង​ ​៦-៦​កន្លះ​ ​អាស៊ី​សេរី​ម៉ោង​ ​៧-៧​កន្លះ»។​

ក្រៅ​ពី​វិទ្យុ​ធំៗ​ទាំង​ពីរ​ដែល​ជួល​ម៉ោង​ផ្សាយ​បន្ត​ឲ្យ​វិទ្យុ​អាស៊ីសេរី​ ​និង​ ​VOA​ ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​(VOD)​ ​និង​កម្មវិធី​ជាច្រើន​ទៀតដែល​ផ្សាយ​តាមរយៈ​វិទ្យុ​សារិកា​ ​ក៏​ត្រូវ​បាន​ម្ចាស់​កម្ម​សិទ្ធិ​គ្រប់គ្រង​បញ្ឈប់ការ​ជួល​ភ្លាមៗ​ ​ដោយ​មិន​ពន្យល់​ពី​មូលហេតុ​លម្អិត។​ ចំណែក​កាសែត​ជា​ភាសា​អង់គ្លេស​ ឌឹ ខេមបូឌា ដេលី​ ​(The Cambodia Daily)​ ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ឲ្យ​បិទ​នៅ​ ​ថ្ងៃទី០៤​ ​ខែ​កញ្ញាខាង​មុខ ​ប្រសិន​បើ​កាសែត​នេះមិន​ព្រម​បង់​ពន្ធ​ជូន​រដ្ឋ​ ​ដែល​គិត​ចាប់​តាំង​ពីរយៈ​ពេល​១០​ឆ្នាំ​មក​ មាន​ទឹក​ប្រាក់​ចំនួន៦​លាន​៣​សែន​ដុល្លារ​អាមេរិក។​

លោក​ ​ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​លើក​ឡើង​ថា​ ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើតែ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​គឺជា​ចំណាត់​ការ​ដែល​មិន​ស្មើភាព​ ​និង​ហួស​ហេតុ​ជ្រុល។​ ​លោក​បន្ថែម​ថា ​ចំណាត់​ការ​នា​ពេល​នេះ​អាច​បណ្តាល​មកពីរដ្ឋាភិបាល​បារម្ភ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងនោះ​នឹង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ​ ​ដោយ​លោក​ថា​ ​ប្រជាពល​រដ្ឋ​នឹង​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​ពី​ចំណាត់​ការ​នេះ។

លោក ​ប៉ា ងួនទៀង​ ​បញ្ជាក់​ថា៖​

«អ្វី​ដែល​ជា​ចំណាត់​ការ​នេះ​គឺ​ប្រជា​ពលរដ្ឋ​ទេ​ជា​អ្នកខាត​ ហើយ​សង្គម​ទេ​ជា​អ្នក​ប្រឈម​នឹង​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ ព្រោះ​ទី១ ​ប្រជា​ពលរដ្ឋ​គាត់​បាត់បង់​ព័ត៌មាន​ឯករាជ្យ​ប្រចាំ​ថ្ងៃ​របស់​គាត់ ហើយ​ទី២ ​សង្គម​មួយ​កាលណា​ខ្វះ​ព័ត៌មាន​ឯករាជ្យ​ ​វា​រុញ​ច្រាន​ឲ្យ​សង្គម​ហ្នឹង​កាន់​តែ​ងាក​ទៅ​ផ្លូវ​ងងឹត ​បាន​ន័យ​ថា​ ​ កាន់​តែ​ជួប​ប្រទះ​នូវបញ្ហា​ផ្តាច់ការ​ ​បញ្ហា​អំពើ​ពុករលួយ​អី​កាន់​តែ​ច្រើន។​ ​ហើយ​ទីបំផុត​សង្គម​ហ្នឹង​នឹង​ជួប​វិបត្តិ​កាន់តែ​ច្រើន ​ហើយ​ប្រជាពលរដ្ឋ​កាន់​តែ​រង​ទុក្ខវេទនា»។​

ចំណាត់​ការ​ពន្ធដារលើ​កាសែត​ជា​ភាសា​អង់គ្លេស​ ​ឌឹ ខេមបូឌា​ដេលី​ ​និង​ការបិទ​ ​ឬ​ផ្អាក​មិន​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយរបស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ​ដែលតែង​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល​នោះ​ ត្រូវបាន​ធ្វើ​ឡើង ​ខណៈ​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ ​នា​ឆ្នាំ​២០១៨​ខាង​មុខ។ ចំណាត់​ការ​នេះកើត​ឡើង ​ស្រប​ពេលដែល​រដ្ឋាភិបាល​បាន​សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ​ដែល​ជា​អង្គការ​ទទួល​ថវិកា​ពី​សហ​រដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។

ចំណាត់​ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ស្ថាប័ន​ព័ត៌​មាន​ឯករាជ្យ​ និង​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​នេះបាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​មហា​អំណាច​អាមេរិក។​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ថ្លែង​ ​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ពុធ​ ​ក្នុង​រដ្ឋ​ធានី​ ​Washington​ ដោយស្នើ​ឲ្យ​កម្ពុជាទុក​ស្ថាប័ន​ទាំងនេះ​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​តទៅ​ទៀត​ ​ដើម្បី​ជួយ​ក្នុង​ដំណើរ​ការ​ជួយ​ជំរុញប្រជា​ធិបតេយ្យ​ និង​សេរីភាព​នៃ​សារព័ត៌មាន​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ៕​