ការ​ហូរ​ចូល​ដ៏​គំហុក​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​បាន​បង្ក​ឱ្យ​មាន​​អារម្មណ៍​​មិន​ពេញចិត្ត​ខ្លះ​លើ​ជនជាតិ​ចិន

រូបឯកសារ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅក្នុង​ផ្សារទំនើប ​Min Hui International Mall នៅក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពី​ប្រទេសចិន និង​មាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន និង​បំពេញ​តម្រូវការ​អតិថិជនចិន នៅខេត្តព្រះសីហនុ ថ្ងៃទី១៣​ កុម្ភៈ ២០១៩។

ភ្នំពេញ — រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ ការទូត និង​យោធា​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ការ​វិនិយោគ​ ប្រាក់​ឧបត្ថម្ភ និង​កញ្ចប់​ប្រាក់​ជំនួយ​យោធា​ដ៏​ច្រើន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ភ្ញៀវ​ទេសចរណ៍​ កម្មករ និង​អ្នក​ជំនួញ​ចិន​សម្រុក​មក​ប្រទេស​កម្ពុជា​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន។

ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទទួល​បាន​ប្រយោជន៍​ពី​ការ​ហូរ​ចូល​មក​ដល់​របស់​ជនជាតិ​ចិន និង​ប្រាក់​របស់​ចិន ជីវិត​របស់​មនុស្ស​ជាច្រើន​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង។

អ្នក​លក់​ទូរស័ព្ទ​ម្នាក់​នៅ​ក្នុង​សង្កាត់​មួយ​ពោរពេញ​ដោយ​ជនជាតិ​ចិន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ដែលសុំ​ប្រើ​ឈ្មោះ ចេ បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា៖

«ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ មាន​សុវត្ថិភាព​នោះ​ទេ ដោយសារ​តែ​ជនជាតិ​ចិន​មួយ​ចំនួន​បើកបរ​លឿនៗ​ណាស់។ អ្នក​ខ្លះ​ផឹក​ស្រា​ច្រើន និង​និយាយ​ឮៗ»។

បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ធ្វើ​នៅ​ក្នុង​រោងចក្រ​របស់​ចិន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុង​ព្រះសីហនុ ​ក៏​បាន​ត្អូញត្អែរដែរ​ថា ជនជាតិ​ចិន​បើកបរ​លឿនៗ​ពេក។

កម្មករ​ម្នាក់​នោះ​និយាយ​ថា៖ «ជនជាតិ​ចិន​មិន​គោរព​ពលរដ្ឋ​ខ្មែរ​នោះ​ទេ»។

Your browser doesn’t support HTML5

ចិននៅកម្ពុជា៖ ការផ្លាស់ប្តូរវិជ្ជមាន និងអវិជ្ជមាន

លោក ឆន សុគន្ធ ដែល​ជា​អ្នក​បើក​តាក់ស៊ី​ម្នាក់​ មាន​អតិថិជន​បរទេស​ជាច្រើន។

លោក​និយាយ​ថា៖ «នៅ​ពេល​ដែល​ជនជាតិ​ចិន​មក​ធ្វើ​ជំនួញ​នៅ​ទីនេះ ពួកគេ​ខុស​ពី​ជនជាតិ​អឺរ៉ុប»។ លោក​បាន​ពន្យល់​បន្ថែម​ថា៖ «នៅ​ពេល​ដែល​ជនជាតិ​អឺរ៉ុប​មក​ទីនេះ វា​ជា​ការ​ធ្វើ​ជំនួញ​ដើម្បី​អ្នក​ដទៃ ចំណែក​ឯ​ជនជាតិ​ចិន​ធ្វើ​ជំនួញ​តែ​ជាមួយ​នឹង​ជនជាតិ​ចិន​គ្នា​ឯង ហើយ​ពលរដ្ឋ​ខ្មែរ​មិន​អាច​ធ្វើ​ជំនួញ​ជាមួយ​ពួកគេ​បាន​ទេ»។

លោក ថុន រដ្ឋា ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ យល់​ថា ជនជាតិ​ចិនខ្វាយខ្វល់​តែ​ពី​ការ​រក​ប្រាក់​តែ​ប៉ុណ្ណោះ។

លោក ថុន រដ្ឋា បាន​និយាយ​ថា៖ «នៅ​ពេល​ពួកគេ [ជនជាតិ​ចិន] មក​ធ្វើ​ការ​វិនិយោគ ពួកគេ​មិន​ខ្វល់​ពី​សិទ្ធិ​មនុស្ស​នោះ​ទេ។ ពួកគេ​មិន​ខ្វល់​ពី​ច្បាប់​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​ចង់​បាន​ប្រយោជន៍ និង​ផល​ចំណេញ»។

អ្នកស្រី Maggie Eno ​ជា​ស្ថាបនិក និង​សហប្រធាន​នៃ​អង្គការ​ម្លប់​តាប៉ាង ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​មួយ​ធ្វើ​ការ​ការពារ​កុមារ និង​គ្រួសារ​ងាយ​រងគ្រោះ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ អ្នកស្រី​និយាយ​ថា អ្វី​ដែល​ពលរដ្ឋ​ក្នុង​ស្រុក​មាន​ការ​លំបាក​មួយ​ទៀត​នោះ​ គឺ​ឥរិយាបថ​ចោល​សំរាម​របស់​ជនជាតិ​ចិន​ដែល​ជា​អ្នក​ចំណូល​ថ្មី។

អ្នកស្រី Eno និយាយ​ថា៖ «ខ្ញុំ​ឃើញ​ជនជាតិ​ចិន​ជាច្រើន​ជក់​បារី​នៅ​លើ​ឆ្នេរ និង​បោះ​បារី​នោះ​ចោល​ទៅ​ក្នុង​សមុទ្រ»។

ជនជាតិ​អង់គ្លេស​រូប​នេះ​បាន​រស់​នៅ​ និង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​១៧ឆ្នាំ​មក​ហើយ។ អ្នកស្រី​និយាយ​ថា អ្នកស្រី​បាន​មើល​ឃើញ​ថា មាន​ការ​ខឹងសម្បារខ្លាំង​ចំពោះ​ជនជាតិ​ចិន។

អ្នកស្រី Eno និយាយ​ថា៖ «ខ្ញុំ​គិត​ថា មនុស្ស​ជាច្រើន​មាន​គំនិត​មិន​ពេញ​ចិត្ត​នឹង​ជនជាតិ​ចិន។ ការ​រើសអើង​ជាតិ​សាសន៍​កើត​មាន​ឡើង ជាពិសេស​នៅ​តាម​ផ្លូវ​ ដោយសារ​តែ​ពួកគេ​គិត​ថា ជីវភាព​របស់​ពួកគេ​ និង​ចរាចរណ៍​នៅ​លើ​ផ្លូវ​មាន​ការ​ផ្លាស់ប្តូរ ដោយសារ​តែ​ការ​មក​ដល់​របស់​ជនជាតិ​ចិន»។

អ្នកស្រី រ័ត្ន ចន្ទផល្គុណ ជា​សហប្រធាន​អង្គការ​ម្លប់​តាប៉ាង និង​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​គ្រួសារ​ខ្មែរ។

អ្នកស្រី​និយាយ​ថា៖ «នៅ​ពេល​ពួកគេ [ពលរដ្ឋ​ខ្មែរ] ជួប​បញ្ហា​មួយ​ទៅ​បញ្ហា​មួយ ពួកគេ​មាន​ការ​ឆ្អែត​ចិត្ត។ ពួកគេ​ហត់នឿយ។ អ្វី​ដែល​ពួកគេ​យល់​ឃើញ​គឺ​ថា ដោយសារ​តែ​អ្នក [ជនជាតិ​ចិន] ទើប​ខ្ញុំ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ​ ហើយ​រស់​នៅ​កន្លែង​បច្ចុប្បន្ន»។

បដាដ៏ធំមួយនៃតំបន់ឧស្សាហកម្មសេដ្ឋកិច្ចពិសេសរបស់ចិននៅក្រុងព្រះសីហនុ

គំនរសំរាមត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវមួយនៅក្នុងក្រុងព្រះសីហនុ

ការ​ហូរ​ចូលយ៉ាង​គំហុក​របស់​ជនជាតិ​ចិន និង​ប្រាក់​របស់​ចិន​ កំពុង​ក្លាយ​ជា​បញ្ហា​នយោបាយ ដោយសារ​តែ​គណបក្ស​ប្រឆាំង​បាន​ព្រមាន​ពី​កំណើន​ឥទ្ធិពល​របស់​ចិន។

លោក ទាវ វណ្ណុល គឺជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​មួយ​ត្រូវបាន​បង្កើត​ឡើង​ ពេល​ដែល​គណបក្ស​សម រង្ស៊ី ត្រូវ​ប្តូរ​ឈ្មោះ។ លោក​បាន​និយាយ​ថា ដោយសារ​តែ​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត កាលពី​ពេល​មុន​ពលរដ្ឋ​ខ្មែរ​មិន​ចូលចិត្ត​ជនជាតិ​វៀតណាម ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​ខឹង​ជនជាតិ​ចិន​ខ្លាំង​ជាង​វៀតណាម។

លោក ទាវ វណ្ណុល បាន​និយាយ​ថា៖ «ឥឡូវ​នេះ ការ​ខឹងសម្បារបាន​ប្តូរ​ទៅ​រក​ជនជាតិ​ចិន​វិញ ដោយសារ​តែ​នៅ​ពេល​ជនជាតិ​ចិន​មក​ទីនេះ ពួកគេ​មិន​គោរព​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ ពួកគេ​មិន​គោរព​ច្បាប់​នៅ​កម្ពុជា​ទេ។ លើស​ពី​នេះ ឥរិយាបថ​និង​ទង្វើ​របស់​ពួកគេ​មក​លើ​ពលរដ្ឋ អាក្រក់​ខ្លាំង​ណាស់»។

អ្នកស្រី រ័ត្ន ចន្ទផល្គុណ និយាយ​ថា អ្នកស្រី​បាន​ឃើញ​ជនជាតិ​ចិន​មាន​ឥរិយាបថ​អាក្រក់ ប៉ុន្តែ​អ្នកស្រី​ក៏​មាន​មិត្តភក្តិ​ចិន​ល្អ​មួយ​ចំនួន និង​បាន​ឃើញ​ជនជាតិ​ធ្វើ​រឿង​ល្អៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

អ្នក​ស្រី​បាន​និយាយ​ថា៖ «ប៉ុន្មាន​ថ្ងៃ​មុន [ក្នុង​ខែសីហា] ផ្លូវ​ត្រូវ​បាន​លិច​ទឹក​យ៉ាង​ខ្លាំង នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ។ វា​ស្ថិត​នៅ​កម្ពស់​នេះ»។ អ្នកស្រី​បាន​ចង្អុល​ទៅ​ចង្កេះ​អ្នកស្រី ដើម្បី​ប្រាប់​ថា​ ទឹក​ជំនន់​មាន​កម្ពស់​ណា​នៅ​ពេល​នោះ។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​ឃើញ​ម៉ូតូ​កង់បី​មួយ​ដួល ហើយ​ជនជាតិ​ចិន​មួយ​ក្រុម​រត់​ទៅ​ជួយ​លើក​ម៉ូតូ​កង់បី​នោះ»។

ខណៈ​ពេល​ដែល​មាន​អារម្មណ៍​មិន​ពេញចិត្ត​លើ​ជនជាតិ​ចិន​នោះ អ្នក​ខ្លះ​ជឿ​ថា មិន​គួរ​បន្ទោស​ទៅ​លើ​ជនជាតិ​ចិន​តែ​ម្ខាងនោះ​ទេ ដោយសារ​តែ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី Eno និយាយ​ថា៖ «យ៉ាង​ហោច​ណាស់ ពួកគេ​ភាគច្រើន​មិន​បាន​មក​ទីនេះ​ដោយ​ខុស​ច្បាប់​នោះ​ទេ»។

ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ធ្វើ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​របស់​ចិន​មួយ​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​បាន​យល់​ស្រប​ថា វា​មិន​យុត្តិធម៌​នោះ​ទេ​ក្នុង​ការ​បន្ទោស​ជនជាតិ​ចិន​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង​នោះ»។

នាង​និយាយ​ថា៖ «ពួកគេ​មក​ទីនេះ​ដើម្បី​សាងសង់​រោងចក្រ ហើយ​ពួកគេ​ធ្វើ​ល្អ។ មនុស្ស​មួយ​ចំនួន​និយាយ​ថា ជនជាតិ​មក​ទីនេះ​យក​ដី​របស់​ពួក​យើង។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​លក់​ដី​ តើ​គេ​អាច​យក​ដី​របស់​យើង​បាន​យ៉ាង​ដូចម្តេច?»

អ្នកស្រី រ័ត្ន ចន្ទផល្គុណ យល់​ថា ពលរដ្ឋ​ខ្មែរ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ខ្មែរ​ដែល​មិន​បាន​ជួយ​ពួកគេ​នៅ​ពេល​ពួកគេ​ត្រូវ​ការ​ជំនួយ។

វិនិយោគិន​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​យល់​ថា វា​ជា​រឿង​ធម្មតា​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ការ​មិន​ពេញ​ចិត្ត​ខ្លះ​ចំពោះ​ជនជាតិ​ចិន។

លោក Fei Lu ដែល​ជា​នាយក​គម្រោង​របស់​ក្រុមហ៊ុន New Landmark ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ ដោយ​ផ្តោត​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​និយាយ​ថា៖ «នៅ​កន្លែង​ណា​ក៏​ដោយ នៅ​អឺរ៉ុប អាមេរិក ចិន ជប៉ុន ឬ​កូរ៉េ​ខាង​ត្បូង នៅ​ពេល​អ្នក​មាន​អ្នក​ខាង​ក្រៅ​ហូរ​ចូល​យ៉ាង​ច្រើនគំហុក​ដើម្បីមក​ធ្វើ​ការ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​ធំ វា​គេច​មិន​ផុត​ទេ​ដែល​ថា ពលរដ្ឋ​ក្នុង​ស្រុក​នឹង​រង​ផល​ប៉ះពាល់។ ដោយសារ​តែ​វា​ពាក់ព័ន្ធ​ការ​ផ្លាស់ប្តូរ​ទម្លាប់»។

លោក​និយាយ​ថា អ្វីៗ​ក៏​ដោយ​ មានកត្តា​ទាំង​សង​ខាង។ លោក​ថា៖ «នៅ​ពេល​ដែល​អ្នក​មើល​ឃើញ​ថា​ វា​ជា​បញ្ហា ខ្ញុំ​មើល​ឃើញ​ថា​ វា​ជា​អ្វី​មួយ​ដែល​នាំ​យក​បច្ចេកវិទ្យា​ទំនើបៗ និង​គំនិត​ថ្មីៗ រួម​ទាំង​ការ​អភិវឌ្ឍផ្លោះ​ទៅ​មុខ​លឿន​សម្រាប់​ទីក្រុង​ទាំង​មូល​ផង​ដែរ»។

ជនជាតិ​ចិន​ជាច្រើន​យល់​ស្រប​ថា ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​គម្រោង​ជា​ច្រើន​នៃ​គម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ដ៏​មាន​មហិច្ឆតា​ កំពុង​លើក​កម្ពស់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក Jiaping Zhou ដែល​ជា​អ្នក​តំណាង​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន Hubei Hengji Intelligence Equipment Corp ជា​មនុស្ស​ម្នាក់​ដែល​គិត​ដូច្នេះ។

លោក Zhou ស្ថិត​នៅ​តំបន់​តារាសាគរ​ដើម្បី​រក​មើល​ឱកាស​វិនិយោគ។ លោក​បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា៖ «ខ្ញុំ​មក​ប្រទេស​កម្ពុជា ដោយ​សង្ឃឹម​ថា ​នឹង​នាំ​យក​បច្ចេកវិទ្យា​ទំនើបៗ​របស់​ចិន​ទៅ​កាន់​ប្រទេស​នានា​ ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅ​ឡើយ តាមរយៈ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​រុងរឿង​នៅ​ទីនោះ»។

លោក Zhang ដែល​ជា​កម្មករ​សំណង់​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ជឿ​ថា គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ជា​គម្រោង​ល្អ​សម្រាប់​កម្ពុជា​ដែរ។

បុរសម្នាក់កំពុងថតរូបទិដ្ឋភាពឆ្នេរសមុទ្រតារាសាគរ នៅខេត្តកោះកុង ដែលជាគម្រោងអភិវឌ្ឍតំបន់ឆ្នេរដ៏ធំមួយរបស់ចិននៅក្នុងប្រទេសកម្ពុជា។

រូបឯកសារ៖ ប្រជាពលរដ្ឋ​ដើរកាត់​ការតុបតែង​លំអ​រ​អម​ស្វាគមន៍​លោកប្រធានា​ធិបតី​ចិន​ Xi Jinping (ឆ្វេង)និង​រូប​ថត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបរមនាថ​នរោត្តម​សីហមុនី ​ក្នុងទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជារបស់​លោកប្រធានាធិបតី​ចិន​មក​កម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

លោក​បាន​និយាយ​ដោយ​មាន​មោទនភាព​ថា៖ «គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង​ (Xi Jinping) របស់​យើង​ គឺ​ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​គ្រប់​ទីកន្លែង​នៅ​ក្នុង​ពិភពលោក។ វា​ជា​រឿង​ល្អ​ដោយសារ​តែ​វា​អាច​ជួយ​ឱ្យ​អ្នក​ក្រ​ក្លាយ​ជា​អ្នក​មាន​បាន​ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បារម្ភ​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​រដ្ឋចំណុះ​មួយ​របស់​ចិន ដោយសារ​តែ​ចិន​ជា​ម្ចាស់​បំណុល និង​អ្នក​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​របស់​កម្ពុជា និង​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់​តែ​ខ្លាំង​ទៅៗ។

លោក ទាវ វណ្ណុល ដែល​ជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន និយាយ​ថា លោក​មិន​បារម្ភ​ថា​ ចិន​នឹង​លេប​យក​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​លោក​បារម្ភ​អំពី​ឥទ្ធិពល​ចិន​មក​លើ​កម្ពុជា និង​លទ្ធភាព​ដែល​ប្រវត្តិសាស្ត្រ​អាច​កើត​ឡើង​ម្តង​ទៀត។

លោក ទាវ វណ្ណុល​ និយាយ​ថា៖ «ប្រសិន​បើ​អ្នក​មើល​ប្រវត្តិសាស្ត្រ នៅ​ក្នុង​ឆ្នាំ១៩៦៥ សម្តេច​សីហនុ​បាន​ទាត់​អាមេរិក​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ក្រោយ​មក​ប្រទេស​ចិន​បាន​ក្លាយ​ជា​បង​ធំ​របស់​កម្ពុជា»។

លោក​បន្ត​ថា៖ «អ្នក​បាន​ឃើញ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៩៦៥ ដល់​ឆ្នាំ១៩៧០ ​រួច​ហើយ។ សង្គ្រាម​បាន​កើត​ឡើង។ នៅ​ក្នុង​ឆ្នាំ១៩៧៥ ប៉ុល ពត ដែល​ជា​អ្នក​មាន​គំនិត​កុម្មុយនិស្ត​បែប​ចិន​បាន​ដណ្តើម​យក​ការ​ដឹកនាំ​ប្រទេស។ អ្នក​ឃើញ​ហើយ​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​របៀប​ណា។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​បារម្ភ​បំផុត។ ខ្ញុំ​បារម្ភ​ថា ពួកគេ​នឹង​ដើរ​តាម​ប្រវត្តិសាស្ត្រ​ម្តង​ទៀត»។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់ VOA នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​ការិយាល័យ​របស់​លោក​ នៅ​ឯ​អគារ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​អគារ​សាងសង់​ដោយ​ទឹកប្រាក់​ជំនួយ​របស់​ចិន​ ថា ប្រវត្តិសាស្ត្រ​មិនប្រាកដ​ថា​ត្រូវកើត​ឡើង​ម្តង​ទៀត​នោះ​ទេ។ លោក​បាន​ផ្តល់​ឧទាហរណ៍​ពី​ទំនាក់ទំនង​វៀតណាម​និង​អាមេរិក។

លោក​បាន​និយាយ​ថា៖ «ពួកគេ​[វៀតណាម]​បាន​ចាប់ និង​សម្លាប់​ពលរដ្ឋ​អាមេរិកាំង ប៉ុន្តែ​ពួកគេ​នៅត្រឡប់​មក​វិញ ចាប់​ដៃ​គ្នា​ និង​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ គេ​មិន​បាន​ដើរ​តាម​ប្រវត្តិសាស្ត្រ​នោះ​ទេ។ ដូច្នេះ​សូម​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​បញ្ជាក់​ចំណុច​នេះ​សិន​ទៅ»។

អ្នក​នាំ​ពាក្យ​របស់​រាជរដ្ឋាភិបាល​រូប​នេះ ​បន្ត​រៀបរាប់​ថា កត្តា​មួយ​ចំនួន​ដូច​ជា​ រដ្ឋធម្មនុញ្ញ​កម្ពុជា របប​ពហុភាគី និង​វត្តមាន​របស់​គណបក្ស​នយោបាយ​ដែលលម្អៀង​ទៅ​រកសហរដ្ឋ​អាមេរិក និង​ប្រទេស​មហាអំណាច​លោក​ខាង​លិច​ធានា​បាន​ថា ពលរដ្ឋ​ខ្មែរ​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ខ្លួន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ចិន​នោះ​ទេ។

នៅពេល​សួរ​ថា​តើ​កម្ពុជា​អាច​នឹង​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​លើ​ដី​កម្ពុជា​ឬ​យ៉ាង​ណា លោក ផៃ​ ស៊ីផាន និយាយ​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​តែ​កម្ពុជា​ត្រូវ​តែ​ជា​ប្រទេស​អព្យាក្រឹត មាន​អធិបតេយ្យភាព និង​ឯករាជ្យ។

លោក អ៊ូ វីវៈ ​គឺជា​ស្ថាបនិក​អង្គការ​វេទិកា​អនាគត​ដែល​ជា​អង្គការ​ស្រាវជ្រាវ​ និង​ជា​វិភាគ​ឯករាជ្យ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​ក៏​ជឿ​ថា គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ចិន​នឹង​លេប​យក​ប្រទេស​កម្ពុជា​ឬ​យ៉ាង​នោះ​ទេ។

លោក អ៊ូ វីរៈ ​និយាយ​ថា៖ «ខ្ញុំ​អាច​និយាយ​ថា ប្រទេស​កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ចិន​នោះ​ទេ។ ខ្ញុំ​គិត​ថា ​យើង​អាច​ងាយ​គិតដូច្នេះ​ បើ​យើង​មើល​ស្ថានភាព​បច្ចុប្បន្ន​ ទិសដៅ​យើង​កំពុង​ងាកទៅ​រក​ក្នុង​ពេល​បច្ចុប្បន្ន»។

លោក​គិត​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ចំណាយ​ពេល​ទប់ទល់​ជាមួយ​នឹង​ប្រទេស​លោក​ខាង​លិច និង​ចិន ហើយ​ព្យាយាម​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ជំនួយ​បរទេស​ និង​អំណាច​ប្រទេស​លោក​ខាង​លិច នោះ​កម្ពុជា​នឹង​មាន​ឱកាស​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផ្លូវ​ស្ថិរភាព​មួយ។

នៅ​ក្នុង​ការដ្ឋាន​សាងសង់​របស់​អគារ​ខារ៉ាអូខេ​មួយ​កន្លែងនៅ​ក្នុង​រាជធានី​ភ្នំពេញ កម្មករ​ចិន និង​ខ្មែរ​ធ្វើ​ការ​ជាមួយ​គ្នា។ ទោះ​ជា​ពួកគេ​មាន​ប្រវត្តិ ភាសា ប្រាក់​ឈ្នួល និង​កន្លែង​ស្នាក់​នៅ​ផ្សេង​គ្នា​ក្តី តាម​រយៈ​ការ​ធ្វើ​ការ និង​រស់នៅ​ជាមួយ​គ្នា ពួកគេ​បាន​ក្លាយ​ជា​សហការី និង​អ្នក​ជិតខាង​ល្អ។ កូនៗ​របស់​កម្មករ​ខ្មែរ​ដែល​រស់នៅ​ក្បែរ​ការដ្ឋាន​ឧស្សាហ៍​មក​លេង​កម្មករ​ចិន​នៅ​ក្នុង​កន្លែង​ស្នាក់នៅ​របស់​កម្មករ​ចិន​ណាស់។

កម្មករ​ចិន​ម្នាក់​និយាយ​ថា៖ «ពួកគេ​គោរព​យើង​ដែល​ជា​ជនជាតិ​ចិន»។ លោក​បន្ថែម​ថា៖ «យើង​ក៏​គោរព​ពួកគេ​វិញ​ដែរ»៕

ប្រែសម្រួលដោយលោក សាយ មុន្នី