លោក Prabowo Subianto អះអាង​ថា​ខ្លួន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឥណ្ឌូណេស៊ី

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​លោក Prabowo Subianto ស្វាគមន៍​អ្នក​គាំទ្រនៅទីក្រុងហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍​ទី​១៥ កុម្ភៈ ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​លោក Prabowo Subianto ដែល​ជា​បេក្ខជន​នាំមុខ​សម្រាប់​តំណែង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ប្រកាស​ជ័យជម្នះ ក្រោយពី​ការ​រាប់​សន្លឹកឆ្នោត​មិន​ផ្លូវការ​បាន​បង្ហាញ​ថា​លោក​នាំ​មុខ​ដាច់​គូ​ប្រជែង ២ នាក់​ទៀត។

មនុស្ស​រាប់​ពាន់​នាក់​បាន​ហ៊ោ​កញ្ជ្រៀវ ពេល​លោក Prabowo ស្វាគមន៍​ក្រុម​អ្នក​គាំទ្រ​នៅ​ពហុកីឡដ្ឋាន​ក្នុង​ស្រុក​មួយ​កន្លែង​កាលពី​ថ្ងៃ​ពុធ។ លោកបាន​ហៅ​លទ្ធផល​ក្រៅ​ផ្លូវការ​នេះ​ថា​ជា «ជ័យជម្នះ​របស់​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំងអស់» និង​បាន​ប្តេជ្ញា​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​មាន​ការ​ចូលរួម​ពី​យុវជន​ដែល​មាន​សមត្ថភាព​ល្អ​បំផុត​របស់​ឥណ្ឌូណេស៊ី។

លទ្ធផល​បោះឆ្នោត​មិន​ផ្លូវការ​ដែល​រាប់​ដោយ​ក្រុម​ស្ទង់មតិ​ការ​បោះឆ្នោត​ឯករាជ្យ​ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ក្រោយពី​ការ​បោះឆ្នោត​បាន​បិទ​បញ្ចប់​នៅ​ម៉ោង ១ រសៀល ម៉ោង​ក្នុង​ទីក្រុង​ហ្សាការតា បាន​បង្ហាញ​ថា លោក Prabowoទទួល​បាន​សំឡេង​ឆ្នោត​ប្រមាណ ៦០% បើ​ធៀប​ជាមួយ​នឹង​អតីត​អភិបាល​ក្រុង​ហ្សាការតា​លោក Anies Beswadan ដែល​ទទួល​បាន​សំឡេង​ឆ្នោត​តែ​ប្រមាណ​ជាង ២០% បន្តិចបន្តួច​ប៉ុណ្ណោះ។ អតីត​អភិបាល​ខេត្ត​ម្នាក់​ទៀត​លោក Ganjar Pranowo ស្ថិត​នៅ​លំដាប់​ទី ៣ ដាច់ឆ្ងាយ​ពី​គេ។

បើ​លោក Prabowo ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង ៥០% នៃ​សន្លឹកឆ្នោត​ដែល​បាន​បោះ​សរុប រួម​ទាំង​យ៉ាង​តិច ២០% នៃ​សន្លឹកឆ្នោត​ដែល​បាន​បោះ​ក្នុង​ខេត្ត​ចំនួន​ពាក់​កណ្តាល​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ពេល​ដែល​លទ្ធផល​ផ្លូវការ​ត្រូវ​បាន​ប្រកាស នោះ​លោក​នឹង​ឈ្នះ​តំណែង​ប្រធានាធិបតី​ទាំងស្រុង​ដោយ​មិន​ចាំបាច់​ត្រូវ​បោះឆ្នោត​ជុំ​ទី​ពីរ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ទេ។

ការ​បូក​សរុប​សន្លឹកឆ្នោត​ចុងក្រោយ​នឹង​រួចរាល់​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Matthew Miller បាន​បញ្ជាក់​អំពី​ការប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​នេះ​ថា៖ «ការ​បោះឆ្នោត​នេះ​គឺ​ជា​ការ​ស្តែង​ឱ្យ​ឃើញ​អំពី​ថិរភាព​និង​ភាព​រឹងមាំ​ខ្លាំងក្លា​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ​និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត»។

លោក Miller បាន​បន្ថែម​ថា៖ «យើង​ទន្ទឹង​រង់ចាំ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត [ឥណ្ឌូណេស៊ី]»៕

លោក Richard Greenនៃ VOA រួមចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។