កន្លែងលក់ដូរដែលមានតូបជាតង់ក្បែរចំណតរថយន្តក្រុង Tirtonadi ក្នុងទីក្រុង Solo ខេត្ត Central Java ប្រទេសឥណ្ឌូណេស៊ី សម្បូរចម្រុះដោយតូបលក់អាហារដែលអ្នកស្រុកចូលចិត្ត។
តូបលក់ម្ហូបអាហារ ដែលអ្នកស្រុកហៅថា "warung” មានបិទបញ្ជីមុខម្ហូបលើបង្គោលមួយដែលដាក់នៅក្បែរតូប។ គេឃើញមានមុខម្ហូបសាច់ឆ្កែបែបនេះលក់នៅតាមតូបនានា។
លោក Anton Kristian ក្នុងវ័យជាង ៣០ឆ្នាំ ដែលជាអ្នកចូលចិត្តបរិភោគសាច់ឆ្កែ បាននិយាយថា មិត្តរួមថ្នាក់លោកម្នាក់បានណែនាំលោកឲ្យហូបសាច់ឆ្កែកាលពី ៥ឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក គាត់ចាប់ផ្ដើមចូលចិត្តហូបសាច់ឆ្កែនៅពេលចេញទៅហូបក្រៅជាមួយមិត្តភក្តិ។
លោក Kristian និយាយដូច្នេះថា៖ «ភិនភាគសាច់ឆ្កែស្រដៀងនឹងសាច់គោដែរ គ្រាន់តែវាផុយ និងមានរសជាតិប្លែកមួយបែបតែប៉ុណ្ណោះ»។
លោក Kristian គឺជាអ្នកចូលចិត្តសាច់ឆ្កែធ្វើជាម្ហូបឈ្មោះ tongseng ដែលជាសម្លការីហឹរ មានលាយប៉េងប៉ោះ ដំឡូងបារាំង និងស្ពៃក្ដោប ដូចសម្លការីសាច់ពពែ សាច់ចៀម ឬសាច់គោដែរ។
អភិបាលខេត្ត Central Java លោក Ganjar Pranowo បន្ទាប់ពីបានប្រជុំកាលពីដើមខែធ្នូ ឆ្នាំមុន ជាមួយអ្នកតំណាងអង្គការលុបបំបាត់ការបរិភោគសាច់ឆ្កែនៅឥណ្ឌូណេស៊ី (Dog Meat Free Indonesia) បានប្រាប់សមាជិកក្រុមប្រឹក្សាក្រុង និងមន្ត្រីរដ្ឋបាលនានាឲ្យធ្វើសេចក្ដីព្រាងច្បាប់ហាមឃាត់ការលក់ និងបរិភោគសាច់ឆ្កែនៅទីក្រុង Solo ដែលជាទីក្រុងល្បីឈ្មោះថាមានលក់សាច់ឆ្កែដ៏ឆ្ងាញ់។
លោកបានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីមិនចាត់ទុកសាច់ឆ្កែជាសាច់សម្រាប់មនុស្សបរិភោគនោះទេ។ លោកបានបន្ថែមថា ការហាមឃាត់ប្រជាជនមិនឱ្យបរិភោគសាច់ឆ្កែ គឺដោយសារលោកគិតថាវាអាចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្កែឆ្កួតបាន។
មេរោគឆ្កែឆ្កួត គឺកើតមានក្នុងតំបន់មួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍។ សត្វឆ្កែជាប្រភពផ្ទុកជំងឺឆ្កែឆ្កួតនិងជាភ្នាក់ងារចម្លងជំងឺនេះ។ ជំងឺឆ្កែឆ្កួត គឺជាដើមហេតុដែលធ្វើឱ្យមនុស្សស្លាប់ដោយសារជំងឺនេះចំនួន ៩៩ភាគរយ។
អង្គការលុបបំបាត់ការបរិភោគសាច់ឆ្កែនៅឥណ្ឌូណេស៊ីនេះជឿថា ដោយសារពលរដ្ឋឥណ្ឌូណេស៊ី ៧ ភាគរយបរិភោគសាច់ឆ្កែ នោះមានន័យថាមានសត្វឆ្កែរាប់លានក្បាលត្រូវបានសម្លាប់យកសាច់ជារៀងរាល់ឆ្នាំ។
លោក Pranowo និយាយថា៖ «យើងមិនបានស្នើឱ្យចេញជាច្បាប់អ្វីឡើយ ប៉ុន្តែយ៉ាងហោចណាស់គួរតែមានចំណាត់ការណាមួយកាត់បន្ថយការហូបសាច់ឆ្កែ។ ប្រសិនបើមានការហាមប្រាម វាកាន់តែប្រសើរ។ ប្រសិនបើគ្មានបទបញ្ជាណាមួយទេ គ្រោះថ្នាក់នៃជំងឺឆ្កែឆ្កួតនឹងកាន់តែខ្ពស់»។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ជំងឺឆ្កែឆ្កួតកម្រនឹងឆ្លងទៅអ្នកណាដែលបរិភោគសាច់ឆ្កែដែលចម្អិនបានឆ្អិនល្អណាស់។ ហានិភ័យនៃការឆ្លងជំងឺនេះ គឺអាចកើតមានលើមនុស្សដែលប៉ះពាល់សត្វឆ្កែ ដែលសត្វនេះមួយចំនួនគឺជាសត្វចិញ្ចឹម និងកើតមានលើអ្នកដែលសម្លាប់ និងកាប់សាច់ឆ្កែ។ មេរោគឆ្កែឆ្កួតឆ្លងពីទឹកមាត់នៃសត្វដែលមានមេរោគនេះចូលទៅក្នុងខ្លួនមនុស្សតាមរយៈមុខរបួស ឬស្នាមដាច់រលាត់ណាមួយ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។
អង្គការលុបបំបាត់ការបរិភោគសាច់ឆ្កែនៅឥណ្ឌូណេស៊ីនេះចង់ឱ្យមានការលុបបំបាត់ការជួញដូរសាច់ឆ្កែ។ ទិន្នន័យរបស់អង្គការនេះបង្ហាញថា ឆ្កែ ១៣.៧០០ក្បាល ត្រូវបានគេសម្លាប់ជារៀងរាល់ខែក្នុងទីក្រុង Solo។
សាច់ឆ្កែភាគច្រើនត្រូវបានគេដឹកជញ្ជូនមកពីខេត្ត West Java ដែលជាតំបន់ដែលគេមិនទាន់ប្រកាសថាមិនមានជំងឺឆ្កែឆ្កួត។ នេះបើតាមការបញ្ជាក់របស់អង្គការដដែលនេះ។ អង្គការនេះ បានបន្ថែមថា ខេត្ត Central Java ដែលទីក្រុង Solo ស្ថិតក្នុងខេត្តនេះផងដែរនោះ ជាតំបន់គ្មានជំងឺឆ្កែឆ្កួតតាំងពីឆ្នាំ ១៩៩៥ មក ប៉ុន្តែរងការគំរាមកំហែងដោយការកើនឡើងខ្លាំងនូវការបរិភោគសាច់ឆ្កែ។
លោក Pranowo បានជំរុញឱ្យម្ចាស់តូបលក់ម្ហូបអាហារ និងភោជនីយដ្ឋាននានា ដែលមានលក់ម្ហូបសាច់ឆ្កែ ឲ្យជ្រើសយកសាច់ផ្សេងជំនួសវិញ ប្រសិនបើចង់នៅបន្តមុខរបរលក់ម្ហូបអាហារតទៅទៀត។
លោក Hadi Rudyatmo អភិបាលក្រុង Solo បាននិយាយថា ការផ្គត់ផ្គង់សាច់ឆ្កែជាច្រើនធ្វើឱ្យមានមុខម្ហូបសាច់ឆ្កែជាច្រើនប្រភេទនៅក្នុងទីក្រុងនេះ។
លោក Rudyatmo បានបញ្ជាក់ថា៖ «តើការហាមឃាត់ការលក់សាច់ឆ្កែអាចជោគជ័យដែរឬទេ? តាំងពីមុនពេលដែលខ្ញុំកើតមកម្ល៉េះ អ្នកលក់សាច់ឆ្កែបានប្រកបរបរនេះជាយូរមកហើយ»។
ការលុបបំបាត់ការបរិភោគសាច់ឆ្កែគឺជាការប្រឈមនៅកន្លែងផ្សេងៗទៀតក្នុងប្រទេសឥណ្ឌូណេស៊ី។ ទោះបីជាកោះបាលីបានហាមឃាត់ការជួញដូរសាច់ឆ្កែនេះកាលពីឆ្នាំ ២០១៧ ក៏ដោយ ក៏កាលពីខែមេសា និងឧសភា ឆ្នាំ២០១៩ អាជ្ញាធរបានរកឃើញមានតូបលក់ម្ហូបអាហារជាច្រើនដែលលក់សាច់ឆ្កែ។
លោក Rudyatmo ដឹងថា ប្រជាជនដែលប្រកបរបរលក់សាច់ឆ្កែត្រូវរកប្រភពចំណូលផ្សេងដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ លោកបញ្ជាក់ថា បម្រាមដែលបានស្នើឡើងនេះត្រូវធ្វើយ៉ាងណាកុំឲ្យដាក់បន្ទុកហិរញ្ញវត្ថុបន្ថែមទៀតលើអាជ្ញាធរក្រុង Solo។
លោកបានបន្ថែមថា៖ «យើងនឹងធ្វើកិច្ចការនេះជាបណ្តើរៗ។ យើងនឹងពិភាក្សាជាមួយអ្នកលក់ម្ហូបសាច់ឆ្កែទាំងអស់អំពីលទ្ធភាពនៅក្នុងការប្ដូរពីការលក់សាច់ឆ្កែទៅសាច់ផ្សេងទៀត»៕
ប្រែសម្រួលដោយ កោះ សុគន្ធី