យុទ្ធនាការការប្រកួតប្រជែងតំណែងប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី បានចូលក្នុងសប្តាហ៍ចុងក្រោយនៅពេលដែលអភិបាលក្រុង Jakarta លោក Joko Widodo តទល់ជាមួយលោក Prabowo Subianto អតីតមេបញ្ជាការកងទ័ពពិសេស។
នៅពេលដែលពួកអ្នកបោះឆ្នោត១៨៧លាននាក់នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិប តេយ្យធំទី៣របស់ពិភពលោកប្រុងប្រៀបធ្វើដំណើរទៅកាន់ស្ថានីយបោះឆ្នោតនៅថ្ងៃទី៩ ខែកក្កដា ការប្រកួតប្រជែងរវាងបេក្ខជនប្រធានាធិបតីមានក្តីសង្ឃឹមទាំង២ កំពុងក្តៅគគុក។
អស់រយៈពេលប៉ុន្មានខែថ្មីៗនេះ អភិបាលក្រុងដ៏មានប្រជាប្រីយភាពលោក Joko Widodo ឬ Jokowi ដែលជាឈ្មោះគេហៅលោកនៅទីនេះ បានតាមមើលការធ្លាក់ចុះការនាំមុខយ៉ាងស្រួលរបស់លោកពីចំនួនជាង២៥ភាគរយមកដល់លេខមួយខ្ទង់។
ការស្ទង់មតិភាគច្រើន នៅតែដាក់លោក Jokowi នាំមុខ ក៏ប៉ុន្តែបាននាំមុខបន្តិចបន្តួច។ លោក Prabowo Subianto គូប្រកួតប្រជែងរបស់លោកបានធ្វើយុទ្ធនាការយ៉ាងខ្លាំងហើយនៅក្នុងការស្ទង់មតិខ្លះ កំពុងស្ថិតពីក្រោយតែ៣ភាគរយ។
លោក Douglas Ramage អ្នកវិភាគនយោបាយនៅក្រុមហ៊ុន Bower Group Asia និយាយថា លោក Prabowo បានប្រុងប្រៀបខ្លួនជាយូរយារណាស់មកហើយដើម្បីឱកាសនេះ។
«ចូរចងចាំថា នេះជាបេក្ខជនប្រធានាធិបតីដែលអាចជាបេក្ខជនប្រធានាធិបតីដ៏មានបទពិសោធន៍បំផុតមួយក្នុងទ្វីបអាស៊ី។ លោកបានឈរឈ្មោះជាប្រធានាធិបតី៣លើកនៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ លោកកាន់តែស្ទាត់ជំនាញខាងការឃោសនា»។
យុទ្ធនាការរៀបចំបានយ៉ាងល្អរបស់លោក Prabowo ហើយនឹងសន្ទរកថាប្រកបដោយការបញ្ជានិងជាតិនិយមអំពីការទាមទារមកវិញនូវទ្រព្យសម្បត្តិធម្មជាតិរបស់ឥណ្ឌូនេស៊ីកំពុងទាក់ទាញពួកអ្នកបោះឆ្នោតឥណ្ឌូនេស៊ីកាន់តែច្រើនឡើង។ ក៏ប៉ុន្តែការកើនប្រជាប្រិយភាពរបស់លោក ក៏មិនមែនមិនមានភាពចម្រូងចម្រាស់ដែរ។
អតីតឧត្តសេនីយ៍ បានទទួលរងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេសទីម័រខាងកើតហើយនឹងការបញ្ជាឲ្យចាប់ពង្រត់ពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៨ ខណៈដែលលោកធ្វើជាមេបញ្ជាការកងកម្លាំងពិសេស។
ពួកអ្នករិះគន់ ភ័យខ្លាចថា លោក Prabowo ដែលមិនធ្លាប់បានទទួលការកាត់ទោសនៅតុលាការស៊ីវិលលើការចោទប្រកាន់នេះ អាចធ្វើឲ្យថយក្រោយដល់សេរីភាពតាមបែបប្រជាធិបតេយ្យដែលពលរដ្ឋឥណ្ឌូនេស៊ីបានទទួលចាប់តាំងពីការធ្លាក់ចេញពីអំណាចរបស់ប្រធាធិបតី Suharto មក។
កាលពីសប្តាហ៍មុន លោក Robert O. Blake ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ហាក់ដូចជាបានបញ្ចេញយោបល់ដែរ ដោយបានប្រាប់កាសែត The Wall Street Journal ដែលមានទីតាំងក្នុងសហរដ្ឋអាមេរិកថា ខណៈដែលសហរដ្ឋអាមេរិក មិនប្រកាន់ជំហរណាមួយលើការបោះឆ្នោតនោះ សហរដ្ឋអាមេរិក បានជំរុញឲ្យឥណ្ឌូនេស៊ីស៊ើបអង្កេតការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនេះ។
សេចក្តីអត្ថាធិប្បាយបានបណ្តាលឲ្យមានការខឹងសម្បារក្នុងចំណោមពួកមន្រ្តីខ្លះនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលនិយាយថា វាជាការមិនអាចទទួលយកបានដែលសហរដ្ឋអាមេរិកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនោះ។ កាលពីថ្ងៃច័ន្ទ លោក Marty Natalegawa រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានពណ៌នាសេចក្តីអត្ថាធិប្បាយនោះថា ជា«កង្វះការវិនិច្ឆ័យដែលពិបាកទទួលយក»។
មនុស្សផ្សេងទៀត ដូចជាលោក Aleksuis Jemadu សាស្រ្តាចារ្យខាងវិទ្យាសាស្រ្តនយោបាយមកពីសាកលវិទ្យាល័យ Pelita Harapan និយាយថា សហរដ្ឋអាមេរិកកំពុងជំរុញមេដឹកនាំដែលមានឆន្ទៈឲ្យទទួលយកគោលនយោបាយការបរទេសសហរដ្ឋអាមេរិកហើយនឹងផលប្រយោជន៍ខាងយុទ្ធសាស្រ្តរបស់ខ្លួន។
«ខ្ញុំគិតថា វាបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលរបស់លោក Prabowo នឹងមានលក្ខណៈជាតិនិយមខ្លាំងពេក ហើយប្រហែលធ្វើឲ្យមិនស្រួលដល់សហរដ្ឋអាមេរិកដើម្បីអញ្ជើញឥណ្ឌូនេស៊ីចូលក្នុងផែនការយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកដើម្បីប្រឈមនឹងការងើបឡើងរបស់ចិននៅពេលនេះ»។
នៅពេលដែលលោក Prabowo សរសៀរទៅរកជ័យជម្នះកាន់តែខ្លាំងឡើង ប្រជាប្រីយភាពរបស់លោកJokowo ទំនងបានរងផលប៉ះពាល់ដោយយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះជាបន្តបន្ទាប់ដែលចោទប្រកាន់ថា លោកជាអ្នកកាន់សាសនាគ្រឹស្តឬជនជាតិចិន។
នៅក្នុងប្រទេសមួយដែលមានអ្នកកាន់សាសនាអ៊ីស្លាមដ៏ច្រើនលើសលុប លោក Jokowi បានត្រូវបង្ខំលះបង់ពេលវេលាដើម្បីកម្ចាត់ពាក្យចចាមអារ៉ាម ដែលអ្នកជំនាញនិយាយថា ការណ៍នេះបានបណ្តាលឲ្យលោកលះបង់ជំហររបស់ខ្លួន។
ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក Jokowi សម្រាប់អភិបាលកិច្ចស្អាតស្អំមួយហើយនឹងរបៀបនៃការដឹកនាំមានប្រជាពលរដ្ឋនិយម បានទាក់ទាញពួកអ្នកបោះឆ្នោតខ្លះ។
លោកស្រី Christine Naomi ជាអ្នកគាំទ្រនិងសកម្មជនខាងសង្គម និយាយថា ការប្រតិបត្តិប្រកបដោយតម្លាភាពរបស់លោក Jokowi នឹងធ្វើឲ្យខ្ទរខ្ទារពេញសភាប្រសិនបើលោកជាប់ឆ្នោត។
លោកស្រី Naomi នៅខាងក្រៅការប្រជុំខាងនយោបាយរបស់លោក Jokowi ក្នុងរដ្ឋធានី Jakarta និយាយថា៖ «មេដឹកនាំល្អនឹងធ្វើឲ្យប្រាកដថា ពួកសមាជិកសភាមានការភ័យខ្លាចដល់ការធ្វើអ្វីខុស។ ឥណ្ឌូនេស៊ី មិនត្រូវការមេដឹកនាំខ្លាំងឬឧត្តមសេនីយ៍ទេ»។ លោកស្រី និយាយបន្តទៀតថា៖ «ក៏ប៉ុន្តែ ឥណ្ឌូនេស៊ី ត្រូវការមេដឹកនាំ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរ»។
ការបោះឆ្នោតនៅឆ្នាំនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងការធ្វើឲ្យជឿនលឿនតាមបែបប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ី នៅពេលដែលប្រទេសនេះនឹងប្រារព្ធជាលើកទីមួយនូវការផ្ទេរអំណាចពីមេដឹកនាំជាប់ឆ្នោតមួយរូបទៅឲ្យមេដឹកនាំជាប់ឆ្នោតមួយរូបទៀត។
ប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono បានបម្រើការ២អាណត្តិដែលជាចំនួនអតិបរមាដែលមានរយៈពេល៥ឆ្នាំក្នុងមួយអាណត្តិហើយមិនអាចមានលទ្ធភាពស្វះស្វែងរកអាណត្តិទី៣បានទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន