ប្រទេស​ឥណ្ឌូណេស៊ី​រុះរើ​គណៈរដ្ឋមន្ត្រី និង​តែង​តាំង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថ្មី

  • Reuters

រូបឯកសារ៖ រូបថតដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ បង្ហាញឲ្យឃើញលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែងសុន្ទរកថាអំពីស្ថានភាពនយោបាយក្នុងប្រទេស នៅវិមានរដ្ឋាភិបាលក្នុងទីក្រុង Bogor ជាទីដែលលោកបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ Joko Widodo បាន​ប្រកាស​សើរើ​គណៈរដ្ឋមន្ត្រី​របស់​លោកនៅ​ថ្ងៃពុធ​នេះ​ ដោយ​បាន​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថ្មី​ បន្ទាប់ពីមាន​បញ្ហា​ចម្រូង​ចម្រាស​ទៅលើ​គោលនយោបាយ​មិន​ច្បាស់​លាស់​មួយ​ចំ​នួន ស្តី​ពី​ការ​នាំ​ចេញ​ប្រេង​ដូង​ក្នុង​ពេល​កន្លង​ទៅ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅ​វិមាន​រដ្ឋ លោក​ប្រធានាធិបតី Widodo បាន​សម្ពោធ​ការ​ចូលកាន់​តំណែង​របស់​លោក​ Zukifli Hasan ដែល​ជា​ប្រធាន​គណបក្សអំណាច​ជាតិ (National Mandate Party) និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​ក្នុង​ចំណោម​ការ​ផ្លាស់ប្តូរ​មួយ​ចំនួន​ទៀត។

ការ​ហាមប្រាម​ការ​នាំចេញ​នូវ​ដូង​ប្រេង​ឥណ្ឌូណេស៊ី​ដែល​មាន​រយៈពេល​៣​សប្តាហ៍​ ហើយ​ដែល​ត្រូវ​បាន​លុបចោល​វិញ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​នោះ​ ​បានបង្កើត​ឱ្យ​មាន​ក្តី​បារម្ភ​នៅ​លើ​ទី​ផ្សារ​ពិភពលោក ហើយ​បាន​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួនមនុស្ស​មួយ​ចំនួន​ ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ ក្រោយ​ពីមាន​ការ​ស៊ើប​អង្កេត​មួយ​ដោយ​អគ្គ​រដ្ឋអាជ្ញា​រួច​មក។

លោក​ប្រធានាធិបតី Widodo កំពុង​កាន់​តំណែង​ក្នុង​អាណត្តិទី២​របស់​លោក។ លោក​ក៏​បាន​ប្រកាស​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង​រៀបចំ​ដែនដីផង​ដែរ​ ដោយ​លោក​បាន​តែង​តាំង​អតីត​មេបញ្ជាការ​កងទ័ព​លោក​ Hadi Tjahjanto ឱ្យ​កាន់​តំណែង​នេះ៕