ឥណ្ឌូណេស៊ី​រៀបចំ​សមយុទ្ធ​យោធា​ពហុ​ជាតិ​ដ៏​ធំ

យោធាមកពីសហរដ្ឋអាមេរិកចូលរួមនៅក្នុងពិធីបើកសមយុទ្ធយោធារួមគ្នា Super Garuda Shield នៅមជ្ឈមណ្ឌលអាកាសចរណ៍កងទ័ពជើងទឹកឥណ្ឌូនេស៊ីនៅទីក្រុង Sidoarjo កោះជ្វាខាងកើត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។

ទាហាន​រាប់​ពាន់​នាក់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី សហរដ្ឋ​អាមេរិក និង​ប្រទេស ៨ ផ្សេង​ទៀត​បាន​ចាប់ផ្ដើម​សមយុទ្ធ​រយៈពេល ២ សប្ដាហ៍​កាលពី​ថ្ងៃ​ចន្ទ ដោយ​ផ្ដោត​លើ​សមត្ថភាព​រួម​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

សមយុទ្ធ​ប្រចាំ​ឆ្នាំ​ដែល​គេ​ស្គាល់​ថា «ខែល​មហា​គ្រុឌ» នេះ​បាន​ចាប់ផ្ដើម​នៅក្នុង​តំបន់ Sidoarjo នៃ​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ទាហាន​ឥណ្ឌូណេស៊ី​ជាង ៤.៤០០ នាក់​ចូលរួម​នៅក្នុង​សមយុទ្ធ​នេះ។

យោធា​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា ទាហាន​សហរដ្ឋ​អាមេរិក​ប្រហែល ១.៨០០ នាក់​និង​ទាហាន​មកពី​ប្រទេស​ផ្សេង​ទៀត​ចំនួន​រាប់​រយ​នាក់​ក៏​នឹង​ចូលរួម​នៅក្នុង​សមយុទ្ធ​នេះ​ផងដែរ។

សមយុទ្ធ​នេះ ដែល​ធ្វើឡើង​ដំបូង​នៅក្នុង​ឆ្នាំ ២០០៧ បាន​វិវត្ត​ក្លាយទៅជា «ព្រឹត្តិការណ៍​រួម​ពហុជាតិ​លំដាប់​ពិភពលោក​ដែល​រៀបចំ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​រួម​របស់​យើង»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្ដមសេនីយ៍ទោ Joseph Harris មេបញ្ជាការ​នៃ​កងឆ្មាំ​ជាតិ​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ Hawaii។

សមយុទ្ធ​រយៈពេល ២ សប្ដាហ៍​នេះ​នឹង​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី ៦ ខែ​កញ្ញា​ខាងមុខ​នៅ​ទីតាំង​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ឥណ្ឌូណេស៊ី។ សមយុទ្ធ​នេះ​នឹង​មាន​វត្តមាន​ចូលរួម​ផងដែរ​ពី​អ្នក​ចូលរួម​មកពី​ប្រទេស​អូស្ត្រាលី ជប៉ុន ចក្រភព​អង់គ្លេស សិង្ហបុរី កូរ៉េ​ខាងត្បូង កាណាដា នូវែលសេឡង់ និង​បារាំង។

ប្រទេស​ប្រេស៊ីល អាល្លឺម៉ង់ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ហូឡង់ ទីម័រ​ខាងកើត និង​ប៉ាពូអាស៊ីនូវែលហ្គីណេ​នឹង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នេះ​ក្នុង​នាម​ជា​ប្រទេស​សង្កេតការណ៍៕