ក្រុមមន្រ្តីរបស់ឥណ្ឌូនេស៊ីនិយាយថា ប្រទេសអូស្រា្តលីមិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីជួយជនភៀសខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកទេ។ ការរិះគន់នេះត្រូវបានធ្វើឡើងនៅសន្និសីទថ្នាក់តំបន់មួយនៅកោះបាលី។
អស់រយៈពេលជិតមួយឆ្នាំហើយ ចាប់តាំងពីពេលដែលជនភៀសខ្លួនរ៉ុហ៊ីងយ៉ា (Rohingya) មកពីប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសជាច្រើនរយនាក់បានស្លាប់នៅក្នុងសមុទ្រ Andaman ភាគខាងលិចនៃប្រទេសថៃ នៅពេលដែលពួកគេរត់គេចពីការធ្វើទុក្ខបុកម្នេញ។
មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានទៅដល់ត្រឹមប្រទេសឥណ្ឌូនេស៊ី ទីដែលក្រុមអាជ្ញាធរនិយាយថា ពួកគេមិនអាចដោះស្រាយបញ្ហានេះបាន ហើយពួកគេជឿថា ប្រទេសអូស្រ្តាលីមិនមានឆន្ទៈជួយឡើយ។
ចំណុចដែលជាបញ្ហា គឺគោលនយោបាយបិទព្រំដែនដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលកង់បេរ៉ា ដែលត្រូវបានគេហៅថា «ប្រតិបត្តិការអធិបតេយ្យព្រំដែន»។ ប៉ូលិសល្បាតអូស្រ្តាលីបណ្តេញទូកអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលព្យាយាមចូលទៅផ្ទៃទឹកភាគខាងជើងរបស់ប្រទេសនេះ។
អ្នកដំណើរនៅលើទូកចំណាកស្រុកដែលព្យយាមរត់គេចពីការស្ទាក់ចាប់ ត្រូវបានគេបញ្ជូនទៅជំរំនៅក្រៅប្រទេសអូស្រ្តាលី។ ប្រទេសអូស្រា្តលីបានរៀបចំជំរំទាំងនោះនៅក្នុងប្រទេស Papua New Guinea និងកោះតូចមួយឈ្មោះ ណូរូ (Nauru)។
លោក Pierre Marthinus អ្នកវិភាគនយោបាយរបស់ឥណ្ឌូនេស៊ីនិយាយថា រដ្ឋាភិបាលក្រុងហ្សាការតាជឿថាប្រទេសអូស្រ្តាលីមិនមានឆន្ទៈជួយដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានោះទេ។
«ឥណ្ឌូនេស៊ីមានការសង្ស័យចំពោះលទ្ធភាពរបស់អូស្រ្តាលី ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ឬដោះស្រាយវិបត្តិជនភៀសខ្លួននោះ។ ឥណ្ឌូនេស៊ីនៅតែមិនអត់អោន ឬបំភ្លេចឡើយចំពោះប្រតិបត្តិការអធិបតេយ្យភាពព្រំដែនរបស់អូស្រ្តាលី»។
បញ្ហាដ៏ចម្រូងចម្រាសនេះ ជាចំណុចសំខាន់នៃកិច្ចប្រជុំប្រឆាំងការជួញដូរមនុស្សនៅលើកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី។
សន្និសីទ Bali Process មានប្រទេសជាសមាជិកចំនួន៤៨ និងស្ថាប័នអន្តរជាតិនានា ដែលក្នុងនោះរួមមានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិផងដែរ។ សន្និសីទនេះត្រូវបានបង្កើតអស់ជាងមួយទសវត្សរ៍មកហើយ ដើម្បីជួយប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងប្រទេស។
នៅក្នុងសន្និសីទនោះ លោកស្រី Julie Bishop រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានបដិសេធការរិះគន់របស់ឥណ្ឌូនេស៊ី ដោយអះអាងថា ប្រទេសរបស់គាត់មានកម្មវិធីល្អបំផុតក្នុងចំណោមកម្មវិធីតាំងទីលំនៅឡើងវិញសម្រាប់ជនភៀសខ្លួននៅក្នុងពិភពលោក។
រដ្ឋាភិបាលក្រុងកង់បេរ៉ាផ្តល់ជម្រកដល់ជនភៀសខ្លួនចំនួន១៣.៧៥០នាក់នៅក្រោមកិច្ចព្រមព្រៀងជាសកលផ្សេងៗគ្នាជាច្រើនរៀងរាល់ឆ្នាំ។ តួលេខច្រើនបែបនេះគឺដោយសារតែការកើនឡើងជិតដល់១៩.០០០នាក់ក្នុងរយៈពេលបីឆ្នាំនេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ