តុលាការ​ឥណ្ឌូនេស៊ី​ច្រាន​ចោល​បណ្តឹង​ឧទ្ធរ​ណ៍​លើ​ការ​ប្រហារ​ជីវិត​ជន​ជាតិ​អូស្រ្តាលី

រូបភាព​ឯកសារ៖ រូប​ថត​បញ្ចូល​គ្នា​ដែល​ថត​កាល​ពី​ថ្ងៃ​ទី​២៤ និង​ ២៦​ ខែ​កុម្ភៈ ឆ្នាំ​២០០៦ បង្ហាញ​ពី​ជន​ជាតិ​អូស្រ្តាលី​២​រូប​ Myuran Sukumaran, ឆ្វេង​ និងAndrew Chan ដែល​ជា​អ្នក​ទោស​ជួញ​ដូរ​គ្រឿង​ញៀន នៅ​ក្នុង​សវនាការ​កាត់​ក្តី​របស់​ពួក​គេ​ នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី។​

តុលាការ​ឥណ្ឌូនេស៊ី​បាន​ច្រាន​ចោលការអំពាវនាវ​ដ៏​ខ្លាំង​មួយ​សុំ​ឲ្យ​សម្រាល​ទោសអ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ជន​ជាតិ​អូស្រ្តាលី​២​នាក់​ ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីប្រហារ​ជីវិត​ ស្ថិត​ក្នុង​ករណមួយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជូរ​ចត់​រវាង​ប្រទេស​ឥណ្ឌូនេស៊ី​និង​អូស្រ្តាលី។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ លោក Joko Widodo ​បាន​បដិសេធ​ការសម្រាល​ទោស​ដល់​អ្នក​ទោស​២​នាក់​នោះ។ ​នៅ​ថ្ងៃ​អង្គារ​នេះ​ តុលាការ​ទីក្រុង​ហ្សាការតា​បាន​សម្រេច​ថា ​លោក​មាន​សិទ្ធិ​ធ្វើ​ការប្រហារ​ជីវិត ​ហើយ​តុលាការ​មិន​អាចច្រាន​ចោល​ការសម្រេច​នេះ​ទេ។

រដ្ឋាភិបាល​អូស្រ្តាលី​បាន​បង្កើន​សំពាធ​ខាង​ការទូតលើ​ឥណ្ឌូនេស៊ី​ ​ដើម្បី​ទុក​ជីវិត​ជន​ជាតិ​អូស្រ្តាលី​២​នាក់គឺ Myuran Sukumaran និង​ Andrew Chan ​ដែល​នឹង​ត្រូវ​ប្រហារ​ជី​វិត​ដោយ​ការ​បាញ់​សម្លាប់​ជា​ក្រុម។

នៅ​ថ្ងៃ​អង្គារ​នេះ​ លោកប្រធានាធិបតី​ Widodo ​បានទទូច​ឲ្យ​រដ្ឋាភិបាល​របស់​លោក​បន្ត​ការ​ប្រហារ​ជីវិត​ជន​ជាតិ​អូស្រ្តាលី​ទាំង​២​នាក់​នោះ​ជាមួយ​នឹង​មនុស្ស​៩​នាក់​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រហារ​ជី​វិត ​ហើយ​បាន​ព្រមានរដ្ឋាភិបាល​បរទេស​កុំ​ឲ្យ​ព្យាយាម​អូស​បន្លាយ​បញ្ហា​នេះ។

លោក​ប្រធានាធិបតី Widodo បាន​និយាយ​ថា​ «កុំ​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ប្រហារ​ជីវិត​នេះ។ ​នេះ​ជា​អធិបតេយ្យ​ភាព​ខាងតុលាការ​និង​នយោបាយ​របស់​ឥណ្ឌូនេស៊ី‍»។ ​លោក​ប្រធានា​ធិបតី​បាន​និយាយ​ទៀត​ថា ​លោក​បាន​ទទួល​ទូរស័ព្ទ​ពី​មេដឹកនាំ​បារាំង​និង​ប្រេស៊ីលដែល​មាន​ពលរដ្ឋ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រហារ​ជី​វិត​ដែរ។

កាល​ពី​ដំបូង​ជន​ជាតិ​អូស្រ្តាលី​ទាំង​២​នាក់​នេះ​គ្រោង​នឹង​ត្រូវ​ប្រហារ​ជីវិតនៅ​ក្នុង​ខែ​កុម្ភៈ​នេះ ​ក៏​ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​រហូត​ដល់​មួយ​ខែ​ ពី​ព្រោះ​តែ​មូលហេតុ​ខាង​ដឹក​ជញ្ជូន​៕