ជន​ជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​នៅ​ប្រទេស​បារាំង រឿង​បាត់​បង់​ដី​ដូនតា​ទៅ​ក្រុមហ៊ុន​កៅស៊ូ

រូបភាពឯកសារ៖ ដើមកៅស៊ូ​ ឯចំការ​កៅស៊ូ​ នៅក្នុង​ខេត្ត​មណ្ឌលគីរី​ នៅថ្ងៃ​ទី២៧​ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)​

ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​មណ្ឌល​គិរី​បាន​អះអាង​ថា​ហេតុ​ផល​ដែល​តុលាការ​នៅ​ប្រទេស​បារាំង​ច្រាន​ចោល​បណ្តឹង​របស់​ពួកគេ គឺ​ដោយសារ​ថា​ជន​ជាតិ​ដើម​ភាគតិចមិន​មាន​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​តាម​ច្បាប់ ដែល​ការ​អះអាង​នេះ​ពួកគេមិន​អាច​ទទួល​យក​បាន​នោះ​ទេ​ហើយ​នឹងបន្ត​ប្តឹង​ឧទ្ធរណ៍។

សំណុំ​រឿង​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ចំនួន​៩៧​គ្រួសារ​ដែល​មាន​សមាជិក​ប្រមាណ​៥០០​នាក់ នៅ​លើ​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​បារាំង​មួយ​បាន​អូស​បន្លាយ តាំង​ពី​ឆ្នាំ​២០០៨ នៅ​ពេល​ក្រុមហ៊ុន​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​មក​ដាំ​ដើម​កៅស៊ូ ហើយ​ប៉ះ​ពាល់​ដី​របស់​ប្រជា​ពលរដ្ឋ។ ប្រជាជន​បាន​ដាក់​បណ្តឹង​ទៅ​តុលាការ និង​អាជ្ញាធរ​កម្ពុជា​កាល​ពី​កន្លង​ទៅ ប៉ុន្តែ​ពួក​គេ​ថា​មិន​មាន​ដំណោះ​ស្រាយ​នោះ​ទេ ទើប​ពួកគេ​សម្រេច​ចិត្ត​ប្តឹង​ទៅ​ដល់​តុលាការ​ក្នុង​ប្រទេស​បារាំង។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​បាន​ចោទ​ក្រុមហ៊ុន​បារាំង​ថា​បាន​រំលោភ​ដី​សហគមន៍​និងធ្វើឲ្យ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់​បង់​ដី​ព្រៃ​ជំនឿ​ដូន​តា និង​ដី​ព្រៃ​សម្រាប់​អាស្រ័យ​ផល​របស់​ជន​ជាតិ​ដើម​ភាគ​តិច។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១៤ ខែ​កក្ក​ដា ដែល​វីអូអេ​ទទួល​បាន ជនជាតិ​ដើម​ភាគ​តិចបាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា តុលាការ​ណង់ទែរ (Nanterre)​នៃ​ប្រទេស​បារាំង បាន​សម្រេចច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ទាក់​ទង​នឹងទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឈ្មោះ​សុក​ហ្វ៊ិន (Socfin KCD)​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​បារាំង​មួយ​ឈ្មោះ​ប៊ុឡឺរ៉េ​(Bollere) ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​មណ្ឌលគិរី។

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​ច្រាន​ចោល​បណ្តឹង​របស់​ពួកគេ ចៅ​ក្រម​ប្រទេស​បារាំង​ក៏​បាន​សម្រេច​ពិន័យក្រុម​ជនជាតិ​ដើម​ភាគ​តិច​ឲ្យបង់​ការ​ខូច​ខាត​លើនីតិ​វិធី ចំនួន២​ម៉ឺន​អឺរ៉ូ ប្រមាណជាង​២​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ការណ៍​នេះធ្វើ​ឲ្យជន​ជាតិ​ដើម​ភាគ​តិច សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង។ ពួកគេ​ថា​ការ​សម្រេច​ចិត្ត​របស់​ចៅ​ក្រម​ប្រទេស​បារាំង​នេះ មិន​បាន​ឆ្លើយ​តប​នឹង​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច និង​ច្បាប់​របស់​កម្ពុជា​នោះ​ទេ ដែល​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​កាន់​កាប់​ប្រភេទ​ដី​មួយ​ចំនួន។

រូប​ថតកាល​ពី​ថ្ងៃ​ទិ​១៦ ខែ​កក្កដា ឆ្នាម​២០២១ នៃគេហទំព័រ​នៃ​ក្រុមហ៊ុន SOCFIN ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​មក​ដាំ​ដើម​កៅស៊ូ ហើយ​ប៉ះ​ពាល់​ដី​របស់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី។

លោក ​សេក សុភ័ណ្ឌ​ មេធាវី​ការពារ​ឲ្យក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង បាន​ប្រាប់​VOAនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​សំអាង​តែ​ហេតុ​ផល​ម្យ៉ាងថា​ជន​ជាតិ​ដើម​ភាគ​តិច​មិន​មាន​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​តាម​ច្បាប់ ទើប​ច្រាន​ចោល​បណ្តឹង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ លោក​បន្ត​ថា​ជន​ជាតិ​ដើម​ភាគ​តិច​នៅមាន​សិទ្ធិ​ផ្សេង​ទៀត​ក្នុង​ការ​អាស្រ័យ​ផល​លើ​ដី​ទំនាស់​នេះ។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​យល់​ហ្នឹង គឺ​គាត់​[ចៅក្រម​របស់​ប្រទេស​បារាំង]​សំអាង​ថាជនជាតិ​ព្នង​៨០​នាក់​ហ្នឹង អត់​ទាន់​បាន​បង្កើត​សិទ្ធិ​កម្មសិទ្ធិ​នៅ​លើ​ដី ស្រប​ទៅ​តាម​ច្បាប់នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។ អញ្ចឹង​តុលាការ​បារាំង​គាត់​សំអាង​តែ​ប៉ុណ្ណឹង។ គាត់​[ចៅក្រម​របស់​ប្រទេស​បារាំង]​បដិសេធ​ច្រាន​ចោល​ពាក្យ​បណ្តឹង​ទាម​ទារ​[របស់​ជន​ជាតិ​ដើម​ភាគ​តិច]​ហ្នឹង...។ ប៉ុន្តែ​ជាក់​ស្តែង​គាត់​[ជន​ជាតិ​ដើម​ភាគ​តិច] អត់​កម្មសិទ្ធិ​ហើយ​អ​ត់​មាន​សិទ្ធិ​ទេ​[ប៉ុន្តែ]គាត់​មាន​សិទ្ធិ​ផ្សេងៗ​ដែល​បាត់​បង់ ដែល​ប៉ះ​ពាល់។ អញ្ចឹង​តុលាការ​បារាំង​គាត់​អត់​ពិចារ​ណា​ចំណុចផ្សេងៗ។ អញ្ចឹង​វា​អត់​ត្រូវ!»។

មេធាវី​រូប​នោះ​បន្ថែម​ថា​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តែ​មានសិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង​ដី​សហគមន៍ ពី​ព្រោះ​ពួក​គេ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​រួច​ហើយ។

លោក​បាន​ថ្លែង​ថា៖ «ពួក​គាត់​ជា​ជន​ជាតិ​ព្នង លក្ខន្តិកៈ​គាត់បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​អស់​ហើយ និង​អត្ត​សញ្ញាណ​គាត់​ចុះ​បញ្ជីនៅ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​ហើយ។ អញ្ចឹង​គាត់​បន្តការ​គ្រប់​គ្រង់​ដី​ហ្នឹង អញ្ចឹង​ទម្រាំតែ​បានតែចេញ​ដី​ជា​កម្មសិទ្ធិ​សមូហ​ភាព​ជូន​ពួក​គាត់។ អញ្ចឹងអ្វី​ដែល​ពួក​គាត់​អ្វី​ដែ​ល​គាត់​មិន​សិទ្ធិ​លើ​ដី លើ​ជំនឿ​ប្រពៃណី ទំនៀម​ទម្លាប់​របស់​គាត់​នៅ​ក្នុង​ព្រៃ​ដែល​ក្រុម​ហ៊ុន​ប៊ុ​ឡឺ​រ៉េ​(Bollere) ក្រុម​ហ៊ុន​សុកហ្វ៊ិន(Socfin) ឈូស​យក​វិនិយោគហ្នឹង វា​ប៉ះ​ពាល់​អស់​ហ្នឹង។ ទោះ​បី​គាត់​អត់​មាន​កម្ម​សិទ្ធិ​ក៏​ដោយ​ប៉ុន្តែ​គាត់​មាន​សិទ្ធិ​អាស្រ័យ​ផល សិទ្ធិ​សង្គម សិទ្ធិ​សេដ្ឋ​កិច្ចនៅ​លើ​ដី​របស់​រដ្ឋ​ហ្នឹង»។

បើ​តាម​មេធាវី​សេក សុភ័ណ្ឌ​ដែល​ការពារ​ក្តី​ឲ្យ​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា​មាន​មេធាវី​ប្រទេស​បារាំង​ចូលរួម​ការពារ​ក្តី​នេះ​ឲ្យ​ពួកគេ​ផង​ដែរ។

លោក​ ង៉ាច សាមីន​ អ្នក​ប្រឹក្សា​យោ​បល់​និង​លើក​កម្ពស់​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​បាន​ចូលរួម​ដំណើរ​ការ​រឿង​ទំនាស់​ដី​ធ្លី​នេះ​នៅ​តុលាការ​ប្រទេស​បារាំង ប្រាប់​VOAថា​ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ស្រប​ច្បាប់​ពាក់​ព័ន្ធ​សិទ្ធិដី​ធ្លី ដែល​មាន​ចែង​ក្នុងច្បាប់​ភូមិ​បាល​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «សម្រាប់​ករណី​ជាក់​លាក់​ដូច​ជា​រឿង​វិនិយោគ​សម្បទាន​ដី​សេដ្ឋ​កិច្ច​ដាំ​កៅស៊ូ​របស់​ក្រុម​ហ៊ុន​សុក​ហ្វ៊ិន តាម​លុយ​ដែល​ផ្តល់​ហិរញ្ញ​ប្ប​ទាន​មួយ​ផ្នែក​ចេញ​ពី​[ក្រុមហ៊ុន] ប៊ុ​ឡឺ​រ៉េ​ហ្នឹង​គឺវា​មាន​ការ​រំលោភ​សិទ្ធិ​ធ្ងន់​ធ្ងរ​មែន​ទែន​សម្រាប់​ប្រជា​ពល​រដ្ឋ​នៅ​ប៊ូស្រា [គឺ]​ទាក់​ទង​ទៅ​នឹង​វប្បធម៌​ប្រពៃណី ទាក់​ទង​នឹងវិស័យ​បរិស្ថាន វិស័យ​សេដ្ឋកិច្ច​របស់​គាត់​[ជន​ជាតិ​ដើម​ភាគ​តិច] ក៏​ដូច​ជា​ទំនៀម​ទម្លាប់​រស់​នៅ [និង]​លក្ខណៈ​ធ្វើ​ចម្ការ​វិល​ជុំ​គាត់​[​ជន​ជាតិ​ដើម​ភាគ​តិច]​ត្រូវ​បាន​បាត់ [និង]​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​គម្រោង​វិនិយោគ​របស់​[ក្រុម​ហ៊ុន]​សុក​ហ្វ៊ិ​ន»។

លោក​បាន​ឲ្យ​ដឹង​ថា​ទំនាស់​ដី​ធ្លី​នេះ​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំងដល់​ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច ជា​ពិសេស​ប៉ះពាល់លើ​សេដ្ឋ​កិច្ច​របស់​ពួក​គេ។ លោក​ចង់​ឲ្យ​តុលាការ​កម្ពុជាសិក្សា​បញ្ហា​មួយ​នេះ​ឲ្យ​បានច្បាស់​លាស់​និង​មាន​ដំណោះ​ស្រាយ​សម​រម្យ​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច។

លោក​បន្ថែម​ថា៖ «បើ​សិន​ជា​ដំណោះស្រាយ​ក្នុង​ប្រទេស​យើង​មិន​បាន​យកចិត្ត​ទុក​ដាក់​ឲ្យ​បញ្ចប់​រឿង​ហ្នឹង​ទេ ខ្ញុំ​យល់​ឃើញ​ថា​វា​មាន​ផល​ប៉ះពាល់​ច្រើន​សម្រាប់​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។ ទីមួយ​ គាត់​បាត់​បង់​ដី​ធ្លី​ទីពីរ គាត់​ហ្នឹង​ធ្លាក់​ខ្លួន​កាន់​តែក្រ​ដោយ​សារ​តែ​អត់​មាន​ដី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​គោ ចិញ្ចឹម​ក្របី ឬ​ធ្វើ​ស្រែ​ចម្ការ​ហើយ​អាចមាន​ហានិ​ភ័យ​ផ្សេងៗច្រើន​ទៀត​ពាក់ព័ន្ធ​ហ្នឹង​ការ​សិក្សា​រៀន​សូត្រ​នៅ​ពេល​ដែល​គាត់​អត់​មាន​ចំណូល​គ្រប់​គ្រាន់​អត់​មាន​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ។ អញ្ចឹង​គាត់​អាច​មាន​ការ​លំបាក​ច្រើន»។

លោក​ គ្រើង តុលា ​តំណាង​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គិរី បាន​ប្រាប់​ VOA​ ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​ខ្លាច​បាត់​បង់​ដីធ្លី និង​វប្បធម៌​ ប្រពៃណី​របស់​ខ្លួន នៅ​ពេល​មាន​ក្រុមហ៊ុន​ចូល​មក​វិនិយោគ។

រូបភាពឯកសារ៖ ផ្ទះ​ជនជាតិ​ភាគតិច​ព្នង​ នៅក្នុង​ខេត្ត​មណ្ឌលគីរី​ នៅថ្ងៃ​ទី២៧​ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)​

លោក​ថ្លែង​ថា៖ «ខ្ញុំ​តែង​តែ​ព្រួយ​បារម្ភ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​តែង​តែ​ព្រួយ​បារម្ភ ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន ដេក​មិន​លក់ បាយ​មិនឆ្ងាញ់​ដោយ​សារ​អី ដោយ​សារ​យើង​នឹក​ឃើញ​វប្បធម៌​របស់​យើង​បាត់​បង់នៅ​ពេលឆាប់ៗ ដោយ​សារ​មាន​ការ​ផ្តល់ដី​សម្បទាន​ច្រើន ហើយ​គ្មាន​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​គ្មាន​គោលការណ៍ ឯកភាព​ជា​មុន​គឺ​មិន​មានទេ»។

លោក​បន្ថែម​ថា​ការ​សម្រេចរបស់​ចៅ​ក្រម​នៅ​ប្រទេស​បារាំង​មិន​គាំទ្រ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា «អយុត្តិធម៌​ណាស់»។

លោកថ្លែង​ថា៖ «អ្វី​ដែល​យើង​ចង់​បាន​គឺ​យើង​ចង់​បាន​ដី​របស់​យើង​មកវិញ​ទេ ដី​យើង​មាន​មួយ​ហិក​តា យើង​យក​មួយ​ហិក​តា​មក​វិញ​មក។ បើ​មាន​ពីរ​ហិកតា យក​ពីរ​ហិកតា​មកវិញ​មក។ យើង​ចង់​បាន​តែ​ប៉ុណ្ណឹង។ យើង​អត់​ប្រឆាំង​ជាមួយ​ការ​អភិវឌ្ឍន៍​របស់​រដ្ឋា​ភិបាល​ទេ។ យើង​ចង់​បាន​តែ​ដី​ចម្ការ​ពិត​ប្រាកដ​ជាក់​ស្តែង។ យើង​ចង់​បាន​តែ​ប៉ុណ្ណឹង​តើ»។

ចំពោះ​ទំហំ​ផ្ទៃដី​ជនជាតិ​ដើម​ភាគ​តិច​ដែល​មា​ន​ផល​ប៉ះ​ពាល់​លោក ​គ្រើង តុលា មិន​មាន​ជា​ចំនួន​ជាក់​លាក់​នោះ​ទេ តែលោក​សន្និ​ដ្នាន​ថា​ជា​មធ្យម​មួយ​គ្រួសារ​មាន​ចំនួន​៣​ហិកតា។ លោក​ឲ្យ​ដឹង​ទៀត​ថា​រូប​លោក​និង​ជាតិ​ដើមភាគ​តិច​ផ្សេង​ទៀត មិន​បាន​ទទួលដី​សង្គម​កិច្ច ពេល​ដែល​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ចុះ​វាស់វែង​ចែក​ដល់​ប្រជាពលរដ្ឋ​កាល​ពី​កន្លង​ទៅ​នោះ​ទេ។

លោក​ ជាក់ ម៉េងហ៊ាង ​អភិបាល​រង​ខេត្ត​មណ្ឌល​គិរី និង​ជា​អ្នក​នាំ​ពាក្យ​ប្រាប់​VOAថា​លោក​មិន​បាន​ដឹង​រឿង​ក្រុម​ហ៊ុន​Socfinនេះ​ទេ​ដោយ​បានបង្វែរ​សំណួរ​ឲ្យ​ទៅ​សួរប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​វិញ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​បាន​ដឹង​ទេ​រឿង​ហ្នឹង។ អធ្យា​ស្រ័យ​បាទ។ ចាំ​មើល​សួរ​ទៅ​មន្ទីរ​កសិកម្ម​បានគេ​ក្តាប់​បាន»។

ប៉ុន្តែ​លោក​សុខ ឃាង ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គិរី ថ្លែង​ថាមិន​មាន​ឈ្មោះ​ក្រុម​ហ៊ុន​ទាំង​២​គឺ ក្រុម​ហ៊ុន​ សុកហ្វ៊ិន​និង​ក្រុម​ហ៊ុន​ប៊ុ​ឡឺ​រ៉េ​ក្នុង​ទឹក​ដី​ខេត្ត​មណ្ឌល​គិរី​នោះ​ទេ។

លោក​ថ្លែង​ថា៖ «បាទ​បើក្រុម​ហ៊ុន​សុក​ហ្វ៊ិនអត់​មាន​ទេ។ ខ្ញុំ​អត់​មានឈ្មោះក្រុម​ហ៊ុន​សុក​ហ្វ៊ិនទេ។ សុំ​ទោស។ ហើយ​ក្រុម​ហ៊ុន​ប៊ុ​ឡឺ​រ៉េ ក៏អត់​មាន​ដែរ។ អត់​មាន​ក្នុង​បញ្ជី​នៃ​ការ​វិនិ​យោគ»។

ប៉ុន្តែ​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​ Socfin​ បាន​បង្ហាញ​ថា​ក្រុម​ហ៊ុន​បាន​ទទួល​ដី​សម្ប​ទាន​ក្នុង​ខេត្ត​មណ្ឌល​គិរីកាល​ពី​ឆ្នាំ​២០០៧ ដើម្បី​ដាំ​ដំណាំ​កៅស៊ូ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុម​ហ៊ុន​មេ​ Socfin តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ។

លោក​ ឈាន នីន​ ដែល​អះអាង​ថា​ជា​អ្នកសម្រប​សម្រួល​ម្នាក់​របស់​ក្រុម​ហ៊ុន​សុក​ហ្វ៊ិន​បាន​ប្រាប់​VOA​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ក្រុម​ហ៊ុន​មេ​មាន​ក្រុម​ហ៊ុន​ចំនួន​៣ទៀត​ដែលវិនិយោគ​ដាំកៅ​ស៊ូ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។ លោក​បន្ត​ថា​កន្លង​ទៅ ក្រុម​ហ៊ុន​បាន​ផ្តល់​សំណង​ខ្លះ​រួច​ទៅ​ហើយ​ដល់​ប្រជា​ពលរដ្ឋ​ហើយ​ក្រុម​ហ៊ុនក៏​បាន​រក្សា​ដី​ព្រៃ​ដូនតា​ដី​ព្រៃ​តំ​ណម​របស់​សហគ​មន៍​ផង​ដែរ។

លោក​ថ្លែង​ថា៖ «តែ​បើ​តាម​ខ្ញុំ​មើល​ទៅ​មាន​២​ចំណុច​ទីមួយ​ គឺ​សំណង​អត់​សម​រម្យ​ដោយ​សារ​មួយ​ហិកតា​២០០​[ដុល្លា​រ]ហ្នឹង គាត់​ចង់​ទាមទារឲ្យ​ដូច​តម្លៃ​បច្ចុប្បន្ន​មួយ​ហិក​តា​៥០០ឬ​១០០០​[ដុល្លារ]។ ហើយ​មួយ​ទៀត​ដូច​ជា​ដី​ពួក​គាត់​នៅ​សេស​សល់​ដូច​ថា​ដី​ស្រែ​ដី​ជាន់​លើ​គ្នា​[ក្បាលដី​តែ​មួយ​]។

លោក​បន្ថែម​ថា៖ «ពេល​មក​វិនិយោគ​ច្រើ​នអញ្ចឹង​ទៅ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ដូច​ជា​ដី​ចែក​គ្នា។ ឥឡូវ​បែរ​ជា​លក់​អញ្ចឹង។ អញ្ចឹង​អាហ្នឹង​ប៉ះពាល់​ច្រើន អាហ្នឹង​មិន​មែន​ជា​កំហុស​របស់​ក្រុម​ហ៊ុន​ទេ​គឺ​កំហុស​រដ្ឋា​ភិបាល​ដែល​បំពាន​មក​លើ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​បាន​ចែង​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ហើយ​ពួក​គាត់​ជា​អ្នក​សម្រេច។ ប៉ុន្តែ​ឥឡូវ​ហ្នឹង​រាជ​រដ្ឋា​ភិបា​ល​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អញ្ចឹង​ពួកគាត់​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្រកែក​ដែ​រ ពី​ព្រោះ​លក្ខណៈ​បង្ខំ​ពួក​គាត់​ឲ្យ​ទទួល​ការ​វិនិយោគ​ហ្នឹង»។

បើ​តាម​ជន​ជាតិ​ដើម​ភាគ​តិច ប្រ​ជា​ពល​រដ្ឋ​១៥​នាក់​កំពុង​ជាប់​បណ្តឹង​របស់តុលាការ​ខេត្ត​មណ្ឌល​គិរី ដោយ​សារ​ពួក​គេហ៊ាន​ចេញ​មុខ​តវ៉ា​ការពារ​មិន​ឲ្យក្រុម​ហ៊ុន​សុក​ហ្វ៊ិន​ (SOCFIN)​ឈូស​ឆាយ​ដី​និង​ព្រៃ​អនុផល​របស់​សហគមន៍​របស់​ពួក​គាត់។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ សមធម៌​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​និង​អ្នក​ពាក់​ព័ន្ធ​គួរ​តែ​ពិនិត្យ និង​រក​ដំណោះ​ស្រាយ​ឡើង​វិញ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

លោក​ថ្លែង​ថា​៖«យើង​ចង់​ឃើញទាំង​ប្រព័ន្ធ​តុលាការ​បារាំង​ក៏​ដូច​ជា​ក្រុម​ហ៊ុន ហើ​យ​និង​រដ្ឋាភិបាលធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​លើ​សំណុំ​រឿង​ហ្នឹង ថា​តើ​គួរ​ធ្វើ​យ៉ា​ង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពល​រដ្ឋ​ឲ្យ​ទទួ​ល​បាន​ជោគ​ជ័យហើយ ដើម្បី​បញ្ចប់​នូវ​វិវាទ​ដី​ធ្លី​នេះ»។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ចុះ​បញ្ជី​ដី​ធ្លី​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដោយ​សារ​ច្បាប់​ភូមិ​បាល​ក៏​កំណត់​ប្រភេទ​ដី​មួយ​ចំនួន​ដែល​ជនជាតិ​ដើម​ភាគ​តិច​អាច​កាន់​កាប់​ផង​ដែរ​៕