ជនជាតិដើមអូស្ត្រាលីរាប់ពាន់នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងរឿងក្តីបណ្តឹងតាងនាមសមូហភាពមួយដែលត្រូវបានប្តឹងប្រឆាំងនឹងរដ្ឋាភិបាលអូស្ត្រាលីខាងលិចទាមទារសំណងលើការងារដែលមិនមានប្រាក់កម្រៃជាច្រើនឆ្នាំ។ ប្រវត្តិវិទូ បាននិយាយថា នៅពេលនោះ អាជ្ញាធរបានដឹងថា វាជាទម្រង់នៃទាសភាពមួយ។
កាលពីសតវត្សរ៍ទី១៩ និងសតវត្សរ៍ទី២០ កុមារជនជាតិដើមអាយុ៤ឆ្នាំ ត្រូវបានពង្រាត់ចេញពីគ្រួសាររបស់ពួកគេ បង្ខំឲ្យធ្វើការនៅកន្លែងជីករ៉ែ នៅតាមកសិដ្ឋាននានា និងធ្វើជាអ្នកបម្រើតាមផ្ទះក្នុងប្រទេសអូស្ត្រាលី។ កុមារជាច្រើន ទទួលបានប្រាក់ឈ្នួលតិចតួច ឬគ្មានប្រាក់ឈ្នួលទាល់តែសោះ ហើយខ្លះទៀតទទួលបានកម្រៃជាសាច់គោ ឬនំប៉័ង។ មេធាវីជាច្រើនបាននិយាយថា លក្ខខ័ណ្ឌធ្វើការគឺ«ស្រដៀងនឹងទាសភាព»។ រហូតដល់ទសវត្សរ៍១៩៧០ ប្រាក់ឈ្នួលដែលជនជាតិដើមអូស្ត្រាលីរកបាននៅអូស្ត្រាលីខាងលិច គឺត្រូវបង់ឲ្យរដ្ឋាភិបាល ប៉ុន្តែប្រាក់ឈ្នួលទាំងនោះ មិនត្រូវបានប្រគល់មកឲ្យពួកគេទេ។
មេធាវីបាននិយាយថា កម្មករយ៉ាងហោចណាស់១០.០០០នាក់ និងកូនចៅជំនាន់ក្រោយរបស់ពួកគេ នឹងអាចចូលរួមរឿងក្តីតាងនាមសមូហភាពទាមទារប្រាក់ឈ្នួលដែលត្រូវបានលួច ដែលបានប្តឹងទៅតុលាការសហព័ន្ធអូស្ត្រាលី។
លោក Jan Saddler គឺជានាយកផ្នែកបណ្តឹងតាងនាមសមូហភាព នៅក្រុមហ៊ុនច្បាប់ Shine Lawyers ដែលជាក្រុមហ៊ុនច្បាប់នាំមុខមួយ។ លោក បាននិយាយថា៖
«យើងបាននិយាយជាមួយជនជាតិដើមអូស្ត្រាលីខាងលិចដែលស្ថិតក្នុងវ័យ៧០ឆ្នាំនិង៨០ឆ្នាំ។ ពួកគេរង់ចាំជាយូរមកហើយដើម្បីទទួលសំណងសមស្រប។ ពួកគេកំពុងរង់ចាំទទួលប្រាក់ឈ្នួលរបស់ពួកគេកាលពីទសវត្សរ៍១៩៤០ និង១៩៥០ ហើយពួកគេនៅតែមិនទាន់បានទទួលប្រាក់ឈ្នួល នេះ គឺជាអ្វីដែលពួកគេកំពុងទាមទារ»។
រហូតមកដល់ចុងទសវត្សរ៍១៩៧០ ច្បាប់របស់ប្រទេសអូស្ត្រាលី បានគ្រប់គ្រងគ្រប់ជ្រុងជ្រោយលើជីវិតជនជាតិភាគតិច តាំងពីការទិញសម្លៀកបំពាក់ និងថាតើពួកគេអាចរៀបការបាន ឬទេ។ ពួកគេ ក៏ត្រូវបានអនុញ្ញាតឲ្យមានការកាត់ទុកប្រាក់ឈ្នួលផងដែរ។
រដ្ឋាភិបាលរបស់អូស្ត្រាលីខាងលិច ដែលត្រូវបានប្តឹងទាមទារសំណង បាននិយាយថា ខ្លួនសង្ឃឹមថា ការទូទាត់ដោយការសម្រុះសម្រួលគ្នាមួយ អាចនឹងសម្រេចបាន។
គម្រោងសំណងរាប់លាន់ដុល្លារ ត្រូវបានសងទៅឲ្យកម្មករជាជនជាតិភាគតិចក្នុងរដ្ឋ Queensland និង New South Wales។ កម្មវិធីទូទាត់សំណងមួយពីមុននៅអូស្ត្រាលីខាងលិច បានកំណត់ចំនួនទឹកប្រាក់សម្រាប់អ្នកទាមទារសំណងចំនួន១.៤០០ដុល្លារនិងមានលក្ខខ័ណ្ឌតឹងតែង។ អ្នកធ្វើយុទ្ធនាការបាននិយាយថា វាមានការរឹតត្បិតខ្លាំងពេក ហើយមិនអាចឈានដល់ការដោះស្រាយភាពអយុត្តិធម៌ពីអតីតកាលបានទេ។
ការស៊ើបអង្កេតរបស់សភាសហព័ន្ធមួយកាលពីឆ្នាំ២០០៦ បានព្យាយាមកំណត់ថា តើទឹកប្រាក់ចំនួនប៉ុន្មាន ត្រូវបានលួចពីជនជាតិដើមអូស្រ្តាលីជាច្រើនទសវត្សរ៍នេះ ប៉ុន្តែ សមាជិកសភាបានរកឃើញថា ការលួចប្រាក់ឈ្នួលនេះ បានកើនឡើងច្រើនពេករហូតដល់ការគណនាចំនួន គឺស្ទើរតែមិនអាចទៅរួច៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ