អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​ថា​ការ​ចោទ​ប្រកាន់​លើ​លោក Trump ​បង្ហាញ​​«កំហុស​ធ្ងន់ធ្ងរ​ខ្លាំង»

រូបឯកសារ៖ មេធាវី​លោក William Barr speaks អំឡុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។

លោក William Barr ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ពេល​លោក Donald Trump ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ដោយ​មហា​គណៈវិនិច្ឆ័យ​ដែល​ថា​លោក Trump បាន​រក្សា​ទុក​ឯកសារ​សម្ងាត់​ខ្លាំង​ផ្នែក​សន្តិសុខ​ជាតិ​ដោយ​ខុស​ច្បាប់​នៅ​ពេល​លោក​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២១ បាន​បង្ហាញ​«​កំហុស​ធ្ងន់ធ្ងរ​ខ្លាំង»។

ប៉ុន្តែ សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​បាន​ចេញ​មុខ​ការពារ​លោក Trump ដោយ​បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ផ្នែក​នយោបាយ​ដ៏​អយុត្តិធម៌​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​លោក Trump អាច​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤ ខាង​មុខ​នេះ។

លោក Barr ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Fox News Sunday» ថា៖ «ប្រសិនបើ​ការ​ចោទ​ប្រកាន់​នេះ​ត្រឹមត្រូវ​ពាក់​កណ្ដាល​ក៏ដោយ ក៏​លោក [Trump] មាន​បញ្ហា​ដែរ។ ខ្ញុំ​ចង់​មាន​ន័យ​ថា វា​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​មាន​លក្ខណៈ​លម្អិត​ខ្លាំង។ គំនិត​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​លោក Trump ជា​ជន​រងគ្រោះ​នៃ​ការ​តាម​ព្យាបាទ​នេះ​គឺ​មិន​សម​ហេតុ​សម​ផល​ទាល់តែ​សោះ»។

លោក Barr បាន​បន្ថែម​ថា៖​ «យើង​មិន​អាច​បំភ្លេច​បាន​ទេ​ថា​រឿង​រ៉ាវ​ទាំង​អស់​នេះ​បាន​កើតឡើង​ដោយសារតែ​ការ​ធ្វេស​ប្រហែស​របស់​លោក [អតីត] ​ប្រធានាធិបតី [Trump]» ដោយ​លោក​បាន​យក​ឯកសារ​សម្ងាត់​ជាង ៣០០ ​ឯកសារ​ទៅ​ភូមិគ្រឹះ ​Mar-a-Lago ​របស់​លោក​នៅ​ក្នុង​រដ្ឋ Florida នៅ​ពេល​ដែល​លោក​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី ​ជា​ជាង​ប្រគល់​ឯកសារ​ទាំង​នោះ​ឱ្យ​បណ្ណសារដ្ឋាន​ជាតិ​សហរដ្ឋ​អាមេរិក​ដូច​ដែល​ច្បាប់​តម្រូវ។

លោក Barr បាន​លើកឡើង​ទៀត​ថា៖ «លោក [Trump] គិត​ខុស​ទាំង​ស្រុង​ដែល​ថា​លោក​មាន​សិទ្ធិ​រក្សា​ទុក​ឯកសារ​ទាំង​នោះ។ ឯកសារ​ទាំង​នោះ​ស្ថិត​ក្នុង​ចំណោម​ឯកសារ​សម្ងាត់​ខ្លាំង​បំផុត​របស់​សហរដ្ឋ​អាមេរិក។ ឯកសារ​ទាំង​នោះ​ត្រូវតែ​ស្ថិត​ក្រោម​ការ​ថែ​រក្សា​របស់​មន្ត្រី​ទទួល​បន្ទុក​ថែ​រក្សា​ឯកសារ​ទាំង​នោះ។ លោក​គ្មាន​សិទ្ធិ​ក្នុង​ការ​រក្សា​ទុក​ឯកសារ​ទាំង​នោះ​ទេ ប៉ុន្តែ​លោក​បាន​រក្សា​ទុក​ឯកសារ​ទាំង​នោះ​នៅ​ភូមិគ្រឹះ Mar-a-Lago របស់​លោក ដែល​សម្រាប់​អ្នក​ណា​ដែល​ខ្វាយខ្វល់​អំពី​រឿង​សន្តិសុខ​ជាតិ ពួកគេ​ប្រាកដ​ជា​ភឺត​ពោះ​ជា​មិន​ខាន»។

កាលពី​សប្ដាហ៍​មុន ​មហា​គណៈវិនិច្ឆ័យ​ថ្នាក់​ជាតិ​នៅ​ក្នុង​ទីក្រុង Miami រដ្ឋ Florida បាន​ដាក់​ឯកសារ​ចោទ​ប្រកាន់​ចំនួន ៣៧ ករណី​ទៅ​តុលាការ​ប្រឆាំង​នឹង​លោក Trump ដោយ​បាន​ចោទ​លោក​ថា «រក្សា​ទុក​ដោយ​ចេតនា» នូវ​ឯកសារ​ផ្នែក​ការពារ​ជាតិ​ចំនួន ៣១ ឯកសារ និង​ការ​ចោទ​ប្រកាន់​ចំនួន ៦ ករណី​ទៀត​ដូចជា​ការ​រារាំង​ដំណើរការ​យុត្តិធម៌ ការ​លាក់​ទុក​ឯកសារ​ដើម្បី​កុំ​ឱ្យ​មេធាវី​មួយ​រូប​របស់​លោក​អាច​មើល​ឃើញ​បាន និង​ការ​ឆ្លើយតប​បែប​ក្លែង​បន្លំ​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​ជាដើម៕