នាវាចម្បាំងឥណ្ឌា និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធរួមគ្នាក្នុងមហាសមុទ្រឥណ្ឌា។ ការធ្វើសមយុទ្ធរួមគ្នានេះជាការបញ្ជូនសញ្ញានៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងញូវដេលីនៅពេលដែលមានការតានតឹងដ៏ខ្លាំងជាមួយចិន។ រដ្ឋាភិបាលឥណ្ឌាសង្ឃឹមថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវឱ្យអូស្ត្រាលីចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំ Malabar ដែលសមយុទ្ធនោះធ្វើជាមួយសហរដ្ឋអាមេរិក និងជប៉ុន ជាសញ្ញាមួយដែលនាវារបស់ប្រទេសទាំង៤មានគោលបំណងសហការកាន់តែជិតស្និទ្ធឡើងដោយការផ្តោតលើប្រទេសចិន។
នាវាចម្បាំងឥណ្ឌាបានធ្វើសមយុទ្ធរួមគ្នាជាមួយនាវាចម្បាំងសហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រឥណ្ឌា។ នេះតាមការប្រកាសរបស់ប្រទេសទាំង២។
សមយុទ្ធនាវានេះ ផ្តល់សញ្ញានៃកិច្ចសហប្រតិបត្តិយុទ្ធសាស្ត្រកើនឡើងរវាងរដ្ឋាភិបាលក្រុងញូវដេលី និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅពេលមានការតានតឹងខ្លាំងជាមួយចិន។
សមយុទ្ធនេះបានចាប់ផ្តើមកាលពីពេលថ្មីៗនៅជិតកោះ Andaman និងNicobar ដែលស្ថិតនៅឆ្ងាយពីប្រទេសឥណ្ឌានៅជិតផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកនៅជិតច្រកសមុទ្រម៉ាឡាកា។
នាវាឥណ្ឌាបានហៅសមយុទ្ធនេះថាជា «សមយុទ្ធធ្វើដំណើរឆ្លងកាត់» ដែលសំដៅដល់ការធ្វើសមយុទ្ធដែលធ្វើឡើងដោយប្រទេសទាំង២នៅពេលដែលនាវាចម្បាំងឆ្លងកាត់ចូលរួមជាមួយនាវាចម្បាំងមួយទៀត។
លោក Mark Esper រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកបាននិយាយថា សមយុទ្ធរួមគ្នារវាងកងនាវាឥណ្ឌា និងនាវាផ្ទុកយន្តហោះ USS Nimitz របស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសទាំង២មានការតាំងចិត្តដល់កិច្ចសហប្រតិបត្តិការខាងនាវាចរណ៍កាន់តែខ្លាំងឡើង និងគាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
រដ្ឋមន្ត្រីការពារប្រទេសលោក Esper បាននិយាយទៀតថា ឥណ្ឌា និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នាជាលើកទី១កាលពីខែវិច្ឆិកាឆ្នាំមុន ហើយប្រទេសទាំង២ គ្រោងធ្វើការចរចាថ្នាក់រដ្ឋមន្ត្រី២បូក២នៅចុងឆ្នាំនេះដើម្បីធ្វើឱ្យមានការជឿនលឿននូវកិច្ចសហប្រតិបត្តិរបស់ប្រទេសទាំង២។
លោកឧត្តមនាវី Jim Kirk មេបញ្ជាការកងវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Nimitz របស់សហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការធ្វើសមយុទ្ធជាបន្តបន្ទាប់នេះធ្វើឱ្យប្រសើរឡើងនូវកិច្ចប្រតិបត្តិការរបស់ប្រទេសយើងទាំង២ និងជាការបង្ហាញនូវភាពអាចបត់បែនបាននៃកងនាវារបស់ប្រទេសយើងទាំង២»។
កាលពីដើមខែកក្កដា នាវាផ្ទុកយន្តហោះ២គ្រឿងរបស់សហរដ្ឋអាមេរិកគឺ USS Nimitz និង USS Ronald Reagan បានធ្វើកិច្ចប្រតិបត្តិការរួមគ្នាដើម្បីបង្ហាញសេរីភាពនៃការ ធ្វើនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូងដែលនៅទីនោះជម្លោះដែនទឹកបានឆាបឆេះឡើងរវាងចិន និងប្រទេសតូចៗដែលជាប្រទេសជិតខាងរបស់ចិន។ សហរដ្ឋអាមេរិក បានច្រានចោលការទាមទារទឹកដីរបស់ចិនថាជា «ការខុសច្បាប់»។
ការដាក់ពង្រាយនាវាផ្ទុកយន្តហោះនេះគឺជាលើកទី១ដែលសហរដ្ឋអាមេរិក បានធ្វើកិច្ចប្រតិបត្តិការនាវាផ្ទុកយន្តហោះ២ចាប់តាំងពីឆ្នាំ២០១២មក។
កាលពីឆ្នាំទៅយោធាសហរដ្ឋអាមេរិកបានធ្វើកិច្ចប្រតិបត្តិការនាវាចរណ៍ដោយសេរីកាន់តែខ្លាំងឡើងនៅក្នុងសមុទ្រចិនខាងត្បូងជាងឆ្នាំណាៗទាំងអស់ចាប់តាំងពីខ្លួនបានចាប់ផ្តើមប្រភេទកិច្ចប្រតិបត្តិការទាំងនេះនៅឆ្នាំ២០១៥ដែលជាមធ្យោបាយមួយនៃការប្រឈមតទល់កាន់តែខ្លាំងឡើងដល់ការទាមទារទឹកដីរបស់ចិននៅទីនោះ។
ចិនចាត់ទុកផ្នែកភាគច្រើននៃសមុទ្រនោះជាកម្មសិទ្ធិរបស់ខ្លួនដែលមានការត្រួតស៊ី គ្នាជាមួយការទាមទារទឹកដីរបស់ប្រទេសផ្សេងទៀត ហើយបានបង្កើតកោះសិប្បនិមិត្តដែលមានទំហំរាប់រយហិកតាដើម្បីទ្រទ្រង់ការទាមទារទឹកដី។ សហរដ្ឋអាមេរិក ជារឿយៗ បានធ្វើកិច្ចប្រតិបត្តិការនាវាចរណ៍ដោយសេរីនៅក្នុងសមុទ្រចិនខាងត្បូងដើម្បីជំទាស់ការទាមទាររបស់ចិន និងដើម្បីធ្វើឱ្យប្រសើរឡើងនូវការឆ្លងកាត់ដោយសេរីដោយកាត់តាមផ្ទៃទឹកអន្តរជាតិដែលបានដឹកជញ្ជូនប្រហែលពាក់កណ្តាលនៃទំនិញរបស់ពិភពលោកដែលមានតម្លៃរាប់លានលានដុល្លារជារៀងរាល់ឆ្នាំ។
ថ្វីបើរដ្ឋាភិបាលក្រុងញូវដេលីបញ្ចៀសមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយស្តីពីការប្រកួតប្រជែងទាមទារនៅក្នុងផ្ទៃទឹកមានជម្លោះ ក្រសួងការបរទេសឥណ្ឌា បានប្រាប់ឱ្យដឹងកាលពីសប្តាហ៍មុនថា សមុទ្រចិនខាងត្បូងជាផ្នែកមួយនៃផែនដីរួម ហើយឥណ្ឌា មានផលប្រយោជន៍ក្នុងការប្រកាន់ខ្ជាប់នូវសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ការតានតឹងរវាងឥណ្ឌានិងចិនមានភាពយ៉ាប់យ៉ឺនក្នុងប៉ុន្មានទសវត្សរ៍នេះបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដែលមានជម្លោះរបស់ខ្លួននៅតំបន់ភ្នំហេមពាន្តដែលបានសម្លាប់ទាហានឥណ្ឌាចំនួន២០នាក់។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Esper កាលពីថ្ងៃអង្គារ បាននិយាយថា សហរដ្ឋអាមេរិក បានឃ្លាំមើលយ៉ាងដិតដល់បំផុតអំពីស្ថានភាពរវាងឥណ្ឌា និងចិន។ លោក និយាយបន្តទៀតថា លោកសប្បាយចិត្តដែលបានឃើញភាគីទាំង២កំពុងព្យាយាមបន្ធូរបន្ថយស្ថានការណ៍នេះ។
ពួកអ្នកវិភាគ និយាយថា ចំណងទាក់ទងដែលកាន់តែយ៉ាប់យ៉ឺនឡើងរវាងប្រទេសជិតខាងអាស៊ីទាំង២នេះ នឹងជំរុញឱ្យរដ្ឋាភិបាលក្រុងញូវដេលីស្ថាបនាចំណងទាក់ទងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការខាងនាវាកាន់តែជិតស្និទ្ធឡើងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ឥណ្ឌាត្រូវគេរំពឹងយ៉ាងខ្លាំងថា នឹងត្រួសត្រាយផ្លូវឱ្យប្រទេសអូស្ត្រាលីចូលរួមក្នុងសម យុទ្ធប្រចាំឆ្នាំ Malabar ដែលធ្វើជាមួយសហរដ្ឋអាមេរិកនិងជប៉ុនជាសញ្ញាមួយដែលនាវារបស់ប្រទេសទាំង៤មានគោលបំណងសហការណ៍កាន់តែជិតស្និទ្ធឡើងដោយសម្លឹងមើលប្រទេសចិន៕
ប្រែសម្រួលដោយជឹង ប៉ូជីន