ប៉ូលិស​ឥណ្ឌា​រារាំង​ការ​ប្រជុំ​ពិភាក្សា​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រទេស G-20 មុន​កិច្ចប្រជុំ​កំពូល

អ្នកស្រី Dayamani Barla សកម្មជនមកពីក្រុម Adivasi-Moolvasi Astitva Raksha Manch ថ្លែងក្នុង «កិច្ចប្រជុំប្រជាជនអំពីក្រុម​ប្រទេស G20» ក្នុងទីក្រុង New Delhi ថ្ងៃទី១៨ ខែសីហា ឆ្នាំ 2023។

ប៉ូលិស​ឥណ្ឌា​បាន​ធ្វើ​អន្តរាគមន៍​ដោយ​រារាំង​ការ​ប្រជុំ​នៃ​ក្រុម​សកម្មជន​ បញ្ញវន្ត និង​អ្នកនយោបាយ​ល្បីឈ្មោះ​ នៅ​ក្នុង​ការ​ពិភាក្សា​ពី​បញ្ហា​លើសាកលលោក​នៅ​មុន​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន​ ២០​ ហៅ​កាត់​ថា G-20 ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រុង​ញូវដែលី នា​ខែ​កញ្ញា​ខាង​មុខ​នេះ។ នេះ​បើ​យោង​ទៅ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​រៀបចំការ​ជួប​ប្រជុំ​ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា។

អ្នក​ចូលរួម​ជិត ៤០០​នាក់ បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​ ធ្វើ​ការ​តស៊ូ​មតិ​ពី​របៀបវារៈ​របស់​ក្រុម​ប្រទេស G-20 និង​បញ្ហា​ចម្បង​ផ្សេងៗ​ ដែល​ប៉ះពាល់ប្រជាជនមួយ​ភាគ​ធំ​លើ​ពិភពលោក រួម​មាន សន្តិសុខ​ស្បៀងអាហារ ការ​ប្រែប្រួល​អាកាសធាតុ សិទ្ធិ​ការងារ ធនធាន​ធម្មជាតិ និងវិសមភាព​កាន់​តែ​ខ្លាំង។

ការ​ជួប​ប្រជុំនេះ​ក៏​រួម​បញ្ចូល​វាគ្មិន​ដែល​រិះគន់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi និង​តួនាទី​របស់​រដ្ឋាភិបាលរបស់​លោក​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G-20 ដោយថា រដ្ឋាភិបាលឥណ្ឌា​បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ​ដើម្បី​ជួយ​ជំរុញ​គណបក្ស​ Bharatiya Janata Party (BJP) ដែល​ប្រកាន់​និន្នាការ​ជាតិ​និយម​តាម​បែប​សាសនា​ហិណ្ឌូ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ។

ក្រុម​អ្នក​រៀបចំ​ការ​ប្រជុំ «We20» បាន​និយាយ​ថា ពួកគេ​បាន​ទទួល​លិខិត​មួយ​ពី​នគរបាល​ក្រុង​ញូវដែលី​កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ ខែ​សីហា ដោយ​ប្រាប់​ឱ្យ​ពួកគេ​បញ្ឈប់​ការ​ប្រជុំ​នេះ ដោយសារ​តែ​មិន​មាន​ការ​អនុញ្ញាត​សមស្រប​នៅ​ក្នុង​តំបន់​ដែល​មាន​សន្តិសុខ​ខ្ពស់។ នេះ​បើ​យោង​ទៅ​តាម​អ្នកស្រី Kavita Kabeer អ្នក​នាំពាក្យក្រុម​អ្នក​រៀបចំ​ការ​ប្រជុំ​នេះ។

សេចក្តី​ថ្លែងការណ៍​ពី​ក្រុម​អ្នក​រៀបចំ​ការ​ប្រជុំ​បាន​លើកឡើង​ថា៖ «យើង​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដែល​យើង​ត្រូវ​ការ​ការ​អនុញ្ញាត​ដើម្បី​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ»។

ក្រុម​អ្នក​រិះគន់​លោក Modi និយាយ​ថា គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​របស់​ឥណ្ឌា​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង ហើយ​ការ​វាយប្រហារ​មក​លើ​សារព័ត៌មាន​និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​គឺ​មាន​កាន់​តែ​ខ្លាំង​នៅ​ក្រោម​រដ្ឋាភិបាល​របស់​លោក។ រដ្ឋមន្ត្រី​ក្រោម​ឱវាទ​លោក Modi បាន​ច្រានចោល​ការ​លើកឡើង​ដូចនេះ និង​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​ឥណ្ឌា​កំពុង​មាន​ភាព​រស់រវើក​និង​រីកចម្រើន។

អ្នកស្រី Suman Nalwa អ្នកនាំពាក្យ​ម្នាក់​របស់នគរបាល​ក្រុង​ញូដេលី បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។

សារព័ត៌មាន The Hindu ​បាន​ដកស្រង់​សម្តី​មន្រ្តី​នគរបាល​លោក Sanjay Sain ដែល​លើកឡើង​ថា មិន​មាន​ការ​ស្នើសុំ​ការ​អនុញ្ញាត​ពី​សំណាក់​មន្រ្តី​នគរបាល​ចំពោះ​ការ​ជួប​ប្រជុំនោះ​ទេ។

​លោក Sain បាន​ថ្លែង​ថា៖ «ពួកគេ​បាន​បោះតង់​នៅ​ខាង​ក្រៅ​អគារ។ ហើយ​មាន​ការ​ប្រមូល​ផ្តុំ​មនុស្ស​យ៉ាង​ច្រើន​នៅ​ក្នុង​ទីកន្លែង​មួយ ដែល​មាត្រា ១៤៤ (ហាម​ឃាត់​ការ​ប្រមូល​ផ្តុំ​មនុស្ស​ពី​បួន​នាក់​ឡើង​ទៅ» ត្រូវ​បាន​ចែង​ឡើង»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​រៀបចំ​បាន​រៀបរាប់​ថា ប៉ូលិស​ក៏​បាន​ព្យាយាម​បង្អាក់​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៩ ​ខែ​សីហា ដោយ​រារាំង​ពលរដ្ឋ​មិន​ឱ្យ​អាច​ទៅ​ដល់​ទីតាំង​ជួប​ប្រជុំ​ ប៉ុន្តែ​កម្មវិធី​នៅ​តែ​បន្ត​ធ្វើ​ឡើង​ដូច​ការ​ត្រៀមទុក។

លោក Jairam Ramesh សមាជិក​សភា​ពី​គណបក្ស​ប្រឆាំង Congress បាន​និយាយ​ថា ជា «រឿង​ដ៏​អស្ចារ្យ​មិន​គួរ​ជឿ​ដែល​ប៉ូលិស​ក្រុង​ញូដែលី​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ការប្រជុំ We20»។

ចំណែក​លោក A. Raja មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌា បាន​និយាយ​ថា ទង្វើ​របស់​ប៉ូលិស​គឺ​ជា ការ​វាយប្រហារ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ក្រុម​អ្នក​រៀបចំ​ការ​ប្រជុំ We20 បាន​និយាយ​ថា កិច្ចប្រជុំ​កំពូល G-20 គឺ​ជា «ព្រឹត្តិការណ៍​ផ្សារភ្ជាប់​ទំនាក់ទំនងប្រកប​ដោយ​ប្រជាប្រិយភាព​មួយ​សម្រាប់អ្នក​មាន​ទ្រព្យសម្បត្តិ និង​អ្នក​មាន​អំណាច ក្រោម​លេស​ជួយ​សង្រ្គោះ​ពិភពលោក»។

​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌា​អ្នកស្រី Brinda Karat បាន​និយាយ​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​ពង្រឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​មុន​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស G-20 ដើម្បី​បង្ហាញ​ពី​អំណាច​កាន់​តែ​ខ្លាំង​ឡើង​របស់​ឥណ្ឌា​នៅ​លើ​សាកលលោកក្រោម​លោក Modi។

​ក្រុម​អ្នក​រិះគន់​ក៏​បាន​បង្ហាញ​មន្ទិល​ចំពោះ​អ្វី​ដែល​ជា​ផលប្រយោជន៍​នៃ​កិច្ចប្រជុំ G-20 និង​នរណា​នឹង​ទទួល​បាន​ផលប្រយោជន៍នេះ។

អ្នកស្រី Roma Malik នៃ​សហជីព​ពលករ All India Union of Forests' Working People​ បាន​និយាយ​ថា៖ «កិច្ចប្រជុំ​កំពូល G-20 ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធានា​ផលប្រយោជន៍​សាជីវកម្ម​របស់​ក្រុម​មនុស្ស​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ។ យើង​ត្រូវ​ធ្វើការការពារ​ផលប្រយោជន៍ សិទ្ធិ ធនធាន​ព្រៃឈើ និង​ធនធាន​ទឹក​របស់​យើង»៕

ប្រែសម្រួល​ដោយ ​លោក ណឹម សុភ័ក្រ្តបញ្ញា