រដ្ឋាភិបាល​ឥណ្ឌា​តាមដាន​លុយ​ខុសច្បាប់​លាក់ទុក​នៅ​បរទេស

លោក​ Pranab Mukherjee​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា។

ញូដេលលី៖ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​តុលាការ​កំពូល​ឥណ្ឌា​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ដល់​ការ​ហូរចេញ​ទ្រព្យ​សម្បត្តិ​ខុសច្បាប់​ទៅ​បរទេសនោះ​ រដ្ឋាភិបាល​ឥណ្ឌា​ប្រាប់​ឲ្យ​ដឹង​ថា​ ​ខ្លួន​កំពុង​ចាត់​វិធានការ​ដើម្បី​បញ្ឈប់​ការ​ផ្ទេរ​ប្រាក់​ខុស​ច្បាប់​ចូល​ធនាគារ​បរទេស។​ ក្រុមហ៊ុន​ឯកជន​ និង​ពួក​អ្នក​នយោបាយ​ពុករលួយ​ត្រូវ​គេ​ជឿជាក់​ថា​ បាន​ផ្ទេរ​ប្រាក់​រាប់ពាន់​ដុល្លារ។

លោក​ Pranab Mukherjee​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា រដ្ឋា​ភិបាល​កំពុង​រឹតបន្តឹង​បទ​បញ្ញត្តិ​ ហើយនឹង​ចរចា​កិច្ច​ព្រមព្រៀង​ពន្ធដារ​ជា​មួយ​បរទេស​ ដើម្បី​តាមដាន​ប្រាក់​ដែល​ពួក​អ្នក​មាន​ជនជាតិ​ឥណ្ឌា ​និង​ក្រុមហ៊ុន​គេច​ពន្ធ។

លោក​និយាយ​ថា​ ​រដ្ឋា​ភិបាល​បាន​តាមដាន​ ​រកឃើញ​ការគេច​ពន្ធ​ដែល​មាន​តម្លៃ​ទឹកប្រាក់​៣,៣​ពាន់​លាន​ដុល្លាររ​ក្នុង​រយៈពេល​១៨​កន្លង​មក។

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋា​ភិបាល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​និយាយ​ថា​ ​ប្រាក់​ខុសច្បាប់​លាក់ទុក​នៅ​បរទេស​ជា​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ស្មុគ​ស្មាញ​ ​ធ្វើ​ឲ្យ​ឈឺ​ក្បាល​ ​ហើយ​និង​ត្រូវ​បាន​សន្មត់​ថា​ ​ជា​ចោរ​លួច​ទ្រព្យ​សម្បត្តិ​ជាតិ​សុទ្ធសាធនិង​ជា​ធម្មជាតិ។​ ការ​ពិនិត្យ​មើល​របស់​តុលាការ​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បីឆ្លើយតប​ដល់​ញត្តិ​ដែល​បាន​ចោទ​ប្រកាន់​ថា​ ​រដ្ឋា​ភិបាល​មិន​ចាត់​វិធានការ​ដើម្បីទប់ស្កាត់​ការ​ហូរ​ប្រាក់ខុសច្បាប់​ចេញ​ទៅ​បរទេស។

លោក​ Mukherjee​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ ​និយាយ​ថា​ ​រដ្ឋាភិបាល​មិន​មាន​អ្វី​ដែល​ត្រូវលាក់​ទេ។

«ដូចជា​មនុស្ស​ដែល​មាន​ចេតនា​ល្អ​នៅក្នុង​សង្គម​ ​រដ្ឋាភិបាល​មាន​ការ​យកចិត្តទុកដាក់​រកឲ្យ​ឃើញ​ប្រាក់​ទុចរិត​ ដោយនាំ​យក​ប្រាក់​នេះ​ត្រឡប់ចូល​ប្រទេស​វិញ​ឲ្យ​បាន​រហ័ស​ ​ប្រសិនបើ​អាច​ ​ហើយ​នៅ​ពេល​ជាមួយគ្នា​នោះដែរ​ ​ចាត់វិធាន​ការ​ដើម្បី​បំបាត់​ចំណុច​ខ្វះខាត​ដែល​មាន​ការលួចបន្លំ​បញ្ជូន​ចេញ​នេះ»។

លោក​រដ្ឋមន្រ្តី​និយាយ​ថា​ ​មិន​មាន​ការ​ប៉ាន់ស្មាន​ដែល​អាចទុកចិត្ត​បាន​អំពី​ចំនួន​ទឹកប្រាក់​ខុសច្បាប់​ហូរ​ចេញ​ទៅ​បរទេស​នោះ​ទេ​ ​ក៏ប៉ុន្តែ​ ​គេ​បាន​គិត​ថា​ មានពី​ចំនួន​ពី​៥០០​ពាន់​លាន​ដុល្លារ​ទៅ​១,៤​លានលាន​ដុល្លារ។ ​ការ​សិក្សា​មួយ​ដោយ​អង្គការ Global Financial Integrity​ ដែល​មាន​ទីតាំង​ក្នុង​សហ​រដ្ឋ​អាមេរិក​ ​ថ្មីៗ​នេះ​បាន​ប៉ាន់​ស្មាន​ថា​ មាន​ប្រាក់​ចំនួន​៤៦០​ពាន់​លាន​ដុល្លារ​បាន​ត្រូវ​គេ​យក​ទៅ​បរទេស​ក្នុង​រយៈ​ពេល​៦​ទសវត្សរ៍​កន្លង​មក​នេះ។​ ការ​សិក្សា​នេះ​បាន​ស្តី​បន្ទោស​ការ​លួចបន្លំ​ពន្ធ​នេះ​ទៅលើ​ពួក​ពាណិជ្ជករ​ឯកជននិង​អ្នក​នយោ​បាយពុក​រលួយ​ដែល​ផ្ទេរ​ប្រាក់​ខុស​ច្បាប់។

រដ្ឋាភិបាល​បាន​ស្ថិតនៅ​ក្រោម​ការគាប​សង្កត់​ដើម្បី​ឲ្យ​បញ្ចេញ​ឈ្មោះ​មនុស្សដែល​មាន​ទោស​កំហុស​ទាំងនោះ។​ ក៏ប៉ុន្តែ​ ​រដ្ឋាភិបាល​បាន​ប្រកែក​ ​ពុំព្រម​បញ្ចេញ​អត្ត​សញ្ញាណ​របស់​ជនជាតិ​ឥណ្ឌា​២៦​នាក់​ដែល​រង​ការចោទ​ប្រកាន់​ថា​មាន​ខ្ទង់​លេខ​គណនេយ្យ​ធនាគារ​សម្ងាត់​នោះទេ។ ​ឈ្មោះ​ទាំង​២៦​នាក់​នេះ​ត្រូវ​បាន​រដ្ឋា​ភិបាល​អាល្លឺម៉ង់​ប្រគល់​ទៅ​ឲ្យ​ពួក​អាជ្ញាធរ​ឥណ្ឌា។

លោក​ Mukherjee​ លើក​យក​ជំពូក​ច្បាប់​អំពី​ការ​សម្ងាត់​មក​ពន្យល់​អំពី​មូលហេតុ​ដែល​រដ្ឋាភិបាល​មិនអាច​បញ្ចេញ​ឈ្មោះ​អ្នក​ទាំង​នោះ​បាន។

«បើ​ខ្ញុំ​បក​អាក្រាត​រឿង​សម្ងាត់​នៅថ្ងៃនេះ​ ​ថ្ងៃក្រោយ​ប្រទេស​ផ្សេងៗ​ទៀត​នឹង​មិនផ្តល់​ព័ត៌មាន​ដល់​យើង​ទេ។​ ពួកគេ​នឹង​ចោទប្រកាន់ថា​ ​យើង​មិន​បាន​ធ្វើទៅតាម​ការ​សន្យា​ជា​អន្តរជាតិ​ទេ»។

ក៏​ប៉ុន្តែ​ ​ការ​បំភ្លឺ​របស់​រដ្ឋា​ភិបាល​មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ ​Bharatiya Janata​ (BJP)​ពេញចិត្ត​ទេ។ ​លោក​ Ravi Shanka Prasad ​អ្នក​នាំពាក្យ​គណបក្ស​ BJP​ បាន​ចោទប្រកាន់​ថា​ រដ្ឋាភិបាល​មិនមាន​វិធានការ​ច្បាស់​លាស់​ដើម្បីបង្ក្រាប​ទៅ​លើ​ទ្រព្យសម្បត្តិ​ខុសច្បាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ធនាគារ​បរទេស​ទេ។

«ប្រទេស​ជាតិ​ចង់​បាន​ការ​ចាត់វិធាន​ការ​ប្រកប​ដោយ​អត្ថន័យ​ ​ហើយ​មិនមែន​ការ​ឆ្លើយតប​យក​រួចខ្លួន​នោះ​ទេ»។

រដ្ឋាភិបាល​បាន​ស្ថិត​នៅ​ក្រោម​ការ​គាបសង្កត់​ឲ្យ​ដោះស្រាយ​បញ្ហា​ទ្រព្យ​សម្បត្តិខុសច្បាប់​ ​និង​បង្ក្រាប​អំពើ​ទុចរិត​បន្ទាប់​ពីមាន​រឿងអាស្រូវ​ពុក​រលួយ​មួ​យឈុតដែល​ត្រូវ​បាន​លាត​ត្រដាង​ក្នុង​ពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ៕

ប្រែសម្រួល​ដោយ​លោក​ ជឹង ប៉ូជីន