ប្រែសម្រួលដោយ ឃួន ធារ៉ា
នៅប្រទេសឥណ្ឌា ច្បាប់ដ៏ចម្រូងចម្រាសមួយដែលគ្រប់គ្រងឯកសារវាយប្រហារដែលបង្ហោះនៅលើបណ្តាញអ៊ីនធឺណិត នឹងត្រូវបានពិនិត្យមើលឡើងវិញ បន្ទាប់ពីមានការតវ៉ាអំពីការប្រើប្រាស់ក្នុងផ្លូវខុសបែបនេះ។ ដូចដែល Anjana Pasricha រាយការណ៍ពីរដ្ឋធានីញ៉ូវដេលី (New Delhi) ចំណាត់ការបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការចាប់ខ្លួនស្ត្រីពីរនាក់កាលពីពេលថ្មីៗនេះ ដែលជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលមនុស្សជាច្រើន ពណ៌នាថាជាការសរសេរផ្សាយលើទំព័រហ្វេសប៊ុក (Facebook)ប្រកបដោយភាពស្មោះត្រង់។
ក្រោយពីបើកសវនាកាលើរឿងក្តីដែលប្រឆាំងទៅនឹងផ្នែក៦៦Aនៃច្បាប់ស្តីពីព័ត៌មានវិទ្យា តុលាការកំពូលបានថ្លែងថាការប្រើពាក្យពេចន៍នៅក្នុងច្បាប់នេះគឺគ្មានចេតនាច្បាស់លាស់នោះទេ ហើយច្បាប់នេះអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវខុស។ តុលាការនេះបញ្ជាក់ថា ច្បាប់នេះចាំបាច់ត្រូវសើរើឡើងវិញ។
ច្បាប់នេះត្រូវបានធ្វើឡើងនៅតុលាការកំពូល បន្ទាប់ពីមានការតវ៉ាជាសាធារណៈ អំពីការចាប់ខ្លួនស្ត្រីវ័យក្មេងពីរនាក់ ដែលរស់នៅជិតទីក្រុងមុំបៃ (Mumbai) ពីបទផ្សព្វផ្សាយភាពស្អប់ខ្ពើម។
ស្ត្រីម្នាក់ក្នុងចំណោមពីរនាក់ បានបង្ហោះការអត្ថាធិប្បាយនៅលើទំព័រហ្វេសប៊ុកកាលពីសប្តាហ៍មុន ដែលបានចោទសួរថាតើហេតុអ្វីបានជាទីក្រុងមុំបៃត្រូវបានបិទ បន្ទាប់ពីការស្លាប់របស់លោក បាល់ ថេគីរ៉េ (Bal Thackeray) ដែលជាអ្នកនយោបាយប្រកាន់ស្តាំនិយមម្នាក់ និងប្រតិបត្តិសាសនាហិណ្ឌូ។ នាងបាននិយាយថា ទីក្រុងនេះត្រូវបានបិទដោយសារតែការភ័យខ្លាច មិនមែនដោយសារការគោរពនោះទេ។ មិត្តនាងម្នាក់ដែលបានចុចលើពាក្យ «ចូលចិត្ត» ចំពោះការសរសេរនេះ ក៏ត្រូវបានចាប់ខ្លួនដែរ។
ក្រោយមក ពួកគេត្រូវបានដោះលែងដោយបង់ប្រាក់ធានា ហើយការចោទប្រកាន់ប្រឆាំងនឹងពួកគេ ក៏ត្រូវបានបោះបង់ចោល។ មន្ត្រីប៉ូលីសពីរនាក់ក៏ត្រូវបានផ្អាកការងារដែរ។
ប៉ុន្តែប្រតិកម្មយ៉ាងខ្លាំងក្លាប្រឆាំងនឹងការចាប់ខ្លួនពីបទសរសេរយោបល់ធម្មតាសោះ បាននាំឱ្យមានការត្រួតពិនិត្យលើច្បាប់នេះ។
ក្រុមអ្នកជំនាញនិយាយថា ច្បាប់នេះ ដែលការចាប់ខ្លួនត្រូវបានអនុវត្ត ត្រូវបានតាក់តែងឡើងប្រកបដោយភាពស្រពិចស្រពិលនិងបានពង្រីកដែនអំណាចរបស់ខ្លួន។ ច្បាប់នេះអនុញ្ញាតឱ្យដាក់ពន្ធនាគាររហូតដល់បីឆ្នាំចំពោះការផ្ញើអ៊ីម៉េលឬសារអេឡិចត្រូនិចដទៃទៀតដែល «បណ្តាលឱ្យមានការរំខានឬភាពមិនស្រណុកចិត្ត។»
លោក ផាវ៉ាន ឌូកហ្គាល (Pavan Duggal) អ្នកឯកទេសច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតម្នាក់ ក្នុងរដ្ឋធានីញ៉ូវដេលី ពណ៌នាច្បាប់នេះថាជា«ដង្កូវមួយកំប៉ុង» និងអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវខុសយ៉ាងធ្ងន់ធ្ងរ។
«ច្បាប់នេះមិនបានកំណត់និយមន័យចំពោះអ្វីដែលហៅថាការបំពានយ៉ាងធ្ងន់ធ្ងរនោះទេ។ ច្បាប់នេះមិនបានផ្តល់និយមន័យចំពោះអ្វីដែលមានសារជាតិគំរាមកំហែងនោះទេ។ ការណ៍នេះ ផ្តល់ឆន្ទានុសិទ្ធិប្រកបដោយភាពសត្យានុម័តដល់ក្រុមប៉ូលិស និងភាគីដើមបណ្តឹង ក្នុងកំណត់ថាតើអ្វីជាការនិយាយដោយសេរី អាចត្រូវបានចាត់ថ្នាក់ថាជាការបំពានឬគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះនាំឱ្យមានការរំលោភអំណាចយ៉ាងខ្លាំងក្លា»។
មានឧទាហរណ៍មួយចំនួនពីមុនៗមក ស្តីពីការប្រើប្រាស់ច្បាប់ក្នុងផ្លូវខុស។ នៅខែតុលា អ្នកជំនួញម្នាក់ត្រូវបានចាប់ខ្លួននៅសង្កាត់ ផូនឌីឈឺរី (Pondicherry) ដោយសារការបង្ហោះព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទ្វីធ័រ (Twitter) ដែលបានរិះគន់កូនប្រុសម្នាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ឥណ្ឌា។ នៅខែមីនា គ្រូបង្រៀនម្នាក់ត្រូវបានចាប់ខ្លួននៅរដ្ឋបង់ហ្គាល់ខាងលិច (West Bengal) ពីបទផ្ញើអ៊ីម៉េលរូបត្លុកកំប្លែងមួយ ដែលរិះគន់ប្រមុខរដ្ឋមន្ត្រីរបស់រដ្ឋនេះទៅឲ្យមិត្តភ័ក្តរបស់ខ្លួន។
រដ្ឋមន្ត្រីព័ត៌មានវិទ្យាឥណ្ឌា លោក កាភាល ស៊ីបាល (Kapil Sibal) និយាយថា រដ្ឋាភិបាលបានចេញគោលការណ៍ណែនាំថ្មីៗ ដែលរារាំងក្រុមមន្ត្រីប៉ូលីសថ្នាក់ក្រោម មិនឲ្យធ្វើការចាប់ខ្លួននៅក្រោមច្បាប់នេះទេ។ ប៉ុន្តែការទាមទារនេះ កំពុងកើនឡើង ទាក់ទងនឹងការបោះបង់ចោលចំនុចមួយចំនួននៅក្នុងច្បាប់នេះ។ កាលពីមុន ប្រទេសឥណ្ឌា ធ្លាប់ត្រូវបានរិះគន់ចំពោះការរឹតត្បិតសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈការព្យាយាមបង្កើតច្បាប់គ្រប់គ្រងលើខ្លឹមសារនៅលើបណ្តាញអ៊ីនធឺណិតនេះ៕