ប្រទេសឥណ្ឌាបានបិទជាបណ្តោះអាសន្ននូវរោងចក្រថាមពលចំនួន៥ដែលដើរដោយធ្យូងថ្មនៅជុំ វិញរដ្ឋធានីញូវដែលីដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនប្រយុទ្ធប្រឆំាងខ្យល់កខ្វក់។ នេះបើយោងតាមបទបញ្ជាមួយដែលចេញផ្សាយដោយគណៈកម្មការទទួលបន្ទុកខ្យល់កខ្វក់នៃក្រសួងបរិស្ថានឥណ្ឌាហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
គណៈកម្មការគ្រប់គ្រងគុណភាពខ្យល់ក៏បានហាមឃាត់មិនឲ្យរថយន្តធំៗដឹកជញ្ជូនទំនិញមិនចាំ បាច់និងបញ្ឈប់ការសាងសង់ក្នុងរដ្ឋធានីញូវដែលីនិងនៅទីក្រុងមួយចំនួនជុំវិញនោះ។
នៅក្នុងបទបញ្ជានៅពេលថ្មីៗនេះរបស់ខ្លួន គណៈកម្មការនេះ បានបញ្ជាក់ថា មានការចាំបាច់ជាបន្ទាន់ដើម្បីធានាថា គុណភាពខ្យល់ នឹងមិនវិវត្តទៅរកស្ថានភាពកាន់តែអាក្រក់ខ្លាំងជាងនេះទៀតទេ។
ដើម្បីការពារសិស្សសាលាពីវិបត្តិខ្យល់កខ្វក់នេះ រដ្ឋាភិបាលក្រុងញូវដែលីកាលពីថ្ងៃសៅរ៍កន្លងទៅបាននិយាយថា សាលារៀន នឹងត្រូវបិទទ្វារយៈពេលមួយសប្តាហ៍ ប៉ុន្តែគណៈកម្មការគ្រប់គ្រង់គុណភាពខ្យល់បានពន្យារពេលនៃការបិទសាលារៀនបន្ថែមទៀតរហូតដល់មានការជូនដំណឹងសាជាថ្មី។
គណៈកម្មការនោះ ក៏បានបញ្ជាក់ដែរថា បុគ្គលិករដ្ឋាភិបាលយ៉ាងតិចណាស់ក៏៥០ភាគរយដែរ ត្រូវតែធ្វើការពីផ្ទះរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។
តុលាការកំពូលឥណ្ឌា កាលពីថ្ងៃចន្ទបានសុំឲ្យគណៈកម្មការនោះស្នើវិធានការនានាដើម្បីកាត់បន្ថយខ្យល់កខ្វល់នៅក្នុងតំបន់ភាគខាងជើងឥណ្ឌា។
តុលាការក៏បានរិះគន់រដ្ឋាភិបាលសហព័ន្ធនិងមូលដ្ឋានអំពីការបរាជ័យរបស់ខ្លួនដើម្បីកាត់បន្ថយខ្យល់កខ្វក់នៅក្នុងទីក្រុងដែលមានប្រជាពលរដ្ឋ២០នាក់រស់នៅដែលបានស៊ូទ្រាំនឹងខ្យល់កខ្វក់ស្ទើរជារៀងរាល់រដូវត្រជាក់៕