ប្រទេសឥណ្ឌាដាក់ឱ្យប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកថ្មីមួយលើកោះមួយក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរសមុទ្រភាគនិរតីរបស់ខ្លួន នៅពេលប្រទេសនេះពង្រឹងវត្តមានខ្លួនក្នុងមហាសមុទ្រឥណ្ឌា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវត្តមានរបស់ចិននៅក្នុងដែនទឹកយុទ្ធសាស្ត្រនេះ ហើយទំនាក់ទំនងជាមួយប្រទេសម៉ាល់ឌីវបានចុះថមថយ។
មូលដ្ឋានកងទ័ពជើងទឹកនេះមានឈ្មោះថា INS Jatayu ស្ថិតនៅលើកោះ Minicoy ដែលជាកោះខាងត្បូងបំផុតក្នុងប្រជុំកោះ Lakshadweep នៃប្រទេសឥណ្ឌា ដែលជាផ្លូវសមុទ្រពាណិជ្ជកម្មសំខាន់ៗ។ មូលដ្ឋាននេះនឹងក្លាយជាមូលដ្ឋានកងទ័ពជើងទឹកទីពីររបស់ឥណ្ឌានៅលើប្រជុំកោះនោះ ហើយនៅជិតប្រទេសម៉ាល់ឌីវជាង។
ក្រោយការប្រកាសឱ្យប្រើមូលដ្ឋានទ័ពនេះកាលពីថ្ងៃពុធទី៦ ខែមីនា អគ្គមេបញ្ជាការកងទ័ពជើងទឹកឥណ្ឌា លោកឧត្តមនាវី Hari Kumar បាននិយាយថា ជាការសំខាន់ចាំបាច់ត្រូវទទួលស្គាល់សេចក្តីត្រូវការពង្រឹងការឃ្លាំមើលនៅពេលមានការវិវឌ្ឍន៍ខាងភូមិសាស្ត្រនយោបាយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Press Trust of India។
កងទ័ពជើងទឹកឥណ្ឌាបានថ្លែងថាមូលដ្ឋានយោធាថ្មីនេះជា«ផ្នែកមួយនៃកិច្ចប្រឹងប្រែងសម្រាប់បង្កើនហេដ្ឋារចនាសម្ព័ន្ធខាងសន្តិសុខនៅលើកោះយុទ្ធសាស្ត្រសំខាន់ៗ»។
ការប្រកាសអំពីមូលដ្ឋានកងទ័ពជើងទឹកថ្មីនេះធ្វើឡើងនៅពេលកោះម៉ាល់ឌីវ នៅក្រោមរដ្ឋាភិបាលថ្មីដែលបានកាន់តំណែងកាលពីខែវិច្ឆិកាមុន ខិតកាន់តែជិតជាមួយប្រទេសចិនជាងមុន ដែលជាគូប្រជែងរបស់រដ្ឋាភិបាលក្រុង New Delhi។
កាលពីថ្ងៃអង្គារទី៥ ខែមីនា ក្រសួងការពារជាតិម៉ាល់ឌីវបាននិយាយថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសចិនអំពីជំនួយយោធាដល់ប្រទេសជាប្រជុំកោះនេះ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតទេ។ ប្រទេសម៉ាល់ឌីវក៏បានសុំដល់ឥណ្ឌាឱ្យដកបុគ្គលិកសន្តិសុខ៨០នាក់ត្រូវបញ្ជូនទៅកាន់ប្រជុំកោះនោះដើម្បីបើកឧទ្ធម្ភាគចក្រនិងយន្តហោះឯទៀតៗដើម្បីធ្វើការឃ្លាំមើលនិងជួយសង្គ្រោះ។
ពួកអ្នកជំនាញបានថ្លែងថាមូលដ្ឋានយោធាថ្មីនេះនៅលើកោះ Minicoy នឹងក្លាយជាការទប់ទល់ខាងយុទ្ធសាស្ត្រមួយនឹងប្រទេសចិន ដែលរដ្ឋាភិបាលក្រុង New Delhi សង្ស័យថានឹងពង្រឹងវត្តមានយោធាខ្លួនក្នុងប្រទេសម៉ាល់ឌីវនៅពេលប្រទេសទាំងពីរនេះចាត់វិធានការយ៉ាងលឿនដើម្បីធ្វើឱ្យមានចំណងទាក់ទងយុទ្ធសាស្ត្រ។
ក្នុងទសវត្សរ៍មុន មានកង្វល់ច្រើនជាងមុននៅក្រុង New Delhi ថាគម្រោងការហេដ្ឋារចនាសម្ព័ន្ធដែលចិនបានកសាងដូចជាកំពង់ផែ Hambantota នៅប្រទេសស្រីលង្កានៅជិតខាងនិងទីក្រុងGwadar ក្នុងប្រទេសប៉ាគីស្ថាននាំឱ្យចិនមានវត្តមានជិតឆ្នេរសមុទ្រឥណ្ឌាជាងមុន។
លោក Sreeram Chaulia ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យកិច្ចការអន្តរជាតិ Jindal។ លោកបាននិយាយថា«ការចូលរបស់ប្រទេសចិនក្នុងមហាសមុទ្រឥណ្ឌាជាកង្វល់មួយ។ ដោយស្ថាបនាមូលដ្ឋានបែបនេះ ឥណ្ឌាចង់ជៀសវាងមិនឱ្យមានសុទ្ធតែចិននៅផ្នែកខាងលិចនៃមហាសមុទ្រឥណ្ឌា»។
មូលដ្ឋានកងទ័ពជើងទឹកថ្មីនេះត្រូវបានដាក់ឱ្យប្រើប្រាស់មួយសប្តាហ៍ក្រោយប្រទេសម៉ូរីសនិងឥណ្ឌាបានសម្ពោធវាលចុះចតយន្តហោះមួយនិងផ្លូវទំនប់ទឹកមួយលយលើសមុទ្រនៅលើកោះ Agalega ដែលឥណ្ឌាជាអ្នកផ្តល់ថវិកាសាងសង់។ ប្រទេសម៉ូរីសជាកោះជួរមុខក្នុងមហាសមុទ្រឥណ្ឌាស្ថិតនៅជិតទ្វីបអាហ្វ្រិកហើយមានសារៈសំខាន់ខាងយុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រីប្រទេសម៉ូរីសលោក Pravind Jugnauth បានបដិសេធរបាយការណ៍ថាកោះ Agalega នឹងបម្រើការជាមូលដ្ឋានយោធា តែលោកបានពោលថាហេដ្ឋារចនាសម្ព័ន្ធនេះនឹងជួយធ្វើទំនើបកម្មនិងពង្រឹងផ្នែកសន្តិសុខ។
ក្រុមអ្នកវិភាគថាឥណ្ឌាអាចប្រើវាលយន្តហោះនិងផ្លូវទំនប់ទឹកមួយលយលើសមុទ្រនោះដើម្បីសម្រួលការយាមល្បាតតាមអាកាសនិងតាមសមុទ្រក្នុងប៉ែកនិរតីនៃមហាសមុទ្រឥណ្ឌា ដែលជាចំណុចឆ្លងកាត់សម្រាប់ផ្លូវសមុទ្រសំខាន់ៗ។ ប្រទេសអូម៉ង់ក៏បានឱ្យឥណ្ឌាប្រើកំពង់ផែ Duqm ខាងភ័ស្តុភារនិងខាងការគាំទ្រសម្រាប់សម្រួលវត្តមាននាវាចម្បាំងខ្លួនក្នុងផ្នែកខាងលិចនៃមហាសមុទ្រឥណ្ឌា។
លោក Chaulia បានថ្លែងថា«ឥណ្ឌាចង់បង្ហាញកម្លាំងឆ្ងាយពីឆ្នេរសមុទ្រខ្លួន។ គោលដៅរយៈពេលយូររបស់ឥណ្ឌាគឺធ្វើឱ្យបានមុនការទន្ទ្រានរបស់ចិនក្នុងតំបន់នោះ ប៉ុន្តែយើងក៏ត្រូវតែបង្ហាញភាពជាមេដឹកនាំរបស់យើងក្នុងតំបន់នោះដែរដោយការពារផ្លូវគមនាគមន៍ខាងសមុទ្រនិងទប់ទល់នឹងការគំរាមកំហែងដូចជាក្រុមចោរសមុទ្រដែលប្លន់កប៉ាល់ជំនួញជាដើម។
ពួកអ្នកវិភាគចង្អុលបង្ហាញថាការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ប្រទេសបានក្លាយជាការផ្តោតធំមួយសម្រាប់ឥណ្ឌាដោយសារកំណើនវត្តមានចិនក្នុងមហាសមុទ្រឥណ្ឌា។ ទំនាក់ទំនងរវាងមហាអំណាចអាស៊ីទាំងពីរនេះអាក្រក់ជាងមុនកាលពីប៉ុន្មានឆ្នាំមុន នៅក្រោយការប្រឈមមុខដាក់គ្នាខាងយោធាដ៏ជូចត់នៅតាមព្រំដែនពួកគេក្នុងតំបន់ភ្នំ Himalaya។ មហាសមុទ្រឥណ្ឌាជាផ្លូវទឹកយុទ្ធសាស្ត្រធំមួយសម្រាប់ប្រទេសទាំងពីរនេះសម្រាប់ដឹកជញ្ជូនថាមពលនិងពាណិជ្ជកម្មឯទៀតៗ។
កាលពីថ្ងៃអង្គារទី៥ ខែមីនា រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយថាឥណ្ឌាដែលពីមុនផ្តោតលើការពង្រឹងព្រំដែនគោករបស់ខ្លួន នៅពេលនេះ«ធ្វើឱ្យប្រភពធនធានយោធាខ្លួនមានតុល្យភាពជាថ្មី»ដោយសារមាន«កំណើនចលនារបស់គូប្រជែងយើងក្នុងតំបន់មហាសមុទ្រឥណ្ឌានិងសារៈសំខាន់ខាងពាណិជ្ជកម្មរបស់តំបន់នោះ»។ លោកបានសម្ពោធអគារថ្មីមួយក្នុងមហាវិទ្យាល័យសង្គ្រាមជើងទឹកនៅរដ្ឋ Goa។
លោកបានថ្លែងថា ឥណ្ឌានឹងធ្វើឱ្យប្រាកដប្រជាថាគ្មានប្រទេសណាមួយមានអនុត្តរភាពក្នុងតំបន់មហាសមុទ្រឥណ្ឌា។ លោក Singh បាននិយាយថា«កងទ័ពជើងទឹកធ្វើឱ្យប្រាកដថាគ្មានប្រទេសណាមួយ ដែលមានកម្លាំងសេដ្ឋកិច្ចនិងយោធាខ្លាំងលើសលុប អាចគ្របសង្កត់លើពួកប្រទេសជាមិត្តឬគំរាមកំហែងអធិបតេយ្យភាពពួកគេទេ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ