ឥណ្ឌាបានស្វះស្វែងពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច និងនយោបាយ ជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកនៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងរដ្ឋធានីញូវដេលី (New Delhi) ដោយមានប្រមុខរដ្ឋជាង៤០រូបមកពីទ្វីបនេះបានចូលរួម។ ឥណ្ឌាក៏បានប្រកាសពីទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារអាមេរិក ក្នុងរូបភាពជាឥណទាន (ប្រាក់កម្ចី) ដើម្បីជួយដល់ការអភិវឌ្ឍនៅក្នុងទ្វីបអាហ្រ្វិក។
ដោយហៅប្រទេសឥណ្ឌានិងអាហ្រ្វិក ជាចំនុចភ្លឺពីរនៃសេចក្តីសង្ឃឹម និងឱកាសនៅក្នុងសេដ្ឋកិច្ចសាកល លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌាព្យាយាមរកការគាំទ្រពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកកាលពីចុងខែតុលា ជាមួយនឹងការសន្យាបង្កើត «ភាពដៃគូសម្រាប់ភាពរុងរឿងមួយ»។
លោកបាននិយាយថា៖ «យើងនឹងជួយភ្ជាប់ទ្វីបអាហ្វ្រិកពីក្រុងគែរ (Cairo) ដល់ក្រុង Cape Town និងពីក្រុង Marrakesh ដល់ក្រុង Mombassa ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងប្រព័ន្ធធារាសាស្ត្រ ជួយបន្ថែមតម្លៃលើធនធាននៅទ្វីបអាហ្រ្វិក និងជួយរៀបចំបង្កើតតំបន់ព័ត៌មានវិទ្យា និងឧស្សាហកម្ម»។
កិច្ចប្រជុំកំពូលឥណ្ឌា-អាហ្វ្រិកលើកទី៣ គឺជាការផ្សព្វផ្សាយការទូតដ៏មានមហិច្ឆិតាបំផុតរបស់ឥណ្ឌា នៅក្នុងការឈោងទៅដល់ទ្វីបអាហ្រ្វិក ដែលមានតំណាងមកពីសឹងគ្រប់ប្រទេសទាំង៥៤នៅទ្វីបនេះ។
ប្រមុខរដ្ឋដែលបានចូលរួម មានដូចជា លោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Robert Mugabe ប្រធានាធិបតីស៊ីមបាវ៉េ (Zimbabwe) លោក Mohammadu Buhari ប្រធានាធិបតីនីហ្សេរីយ៉ា (Nigeria) និងលោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប។ ប្រមុខរដ្ឋជាច្រើនបានជួបជុំគ្នាដើម្បីទទួលទានអាហារពេលល្ងាចផ្លូវការមួយ ដោយបានស្លៀកសម្លៀកបំពាក់ឥណ្ឌាដែលមានពណ៌ឆើតឆាយ។
ដូចប្រទេសចិនដែលបានបង្កើតវត្តមានដ៏ច្រើនលើសលប់នៅទ្វីបអាហ្វ្រិក ឥណ្ឌាចង់ពង្រឹងចំណងសេដ្ឋកិច្ច ខណៈដែលខ្លួនស្វះស្វែងចូលទៅឲ្យដល់ប្រភពធនធានធម្មជាតិដ៏សំបូរបែបរបស់ទ្វីបមួយនេះ ជាពិសេសគឺប្រេងតែម្តង។ ទោះជាពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយអាហ្វ្រិកបានកើនទ្វេដងដល់៧០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមិនដល់មួយទសវត្សរ៍ក៏ដោយ ចំនួននេះនៅតែទាបជាងប្រទេសចិនដែលមាន២០០ពាន់លានដុល្លារអាមេរិក។
លោក Modi បានថ្លែងពីការធ្វើឲ្យស៊ីជម្រៅដល់ចំណងពាណិជ្ជកម្ម និងការវិនិយោគ។ លោកបានប្រកាសបន្ថែមទឹកប្រាក់ឥណទានថ្មីចំនួន១០ពាន់លានដុល្លារអាមេរិក និងជំនួយ៦០០លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលក្រុងញូវដេលីក្នុងការជួយអភិវឌ្ឍទ្វីបអាហ្វ្រិក។ ជំនួយភាគច្រើនរបស់ឥណ្ឌាទៅទ្វីបអាហ្វ្រិកផ្តោតលើស្ថាប័នអប់រំ និងបចេ្ចកទេស និងនៅក្នុងវិស័យផ្សេងទៀតដូចជា សុខាភិបាល ឱសថក្នុងតម្លៃសមរម្យ កសិកម្ម និងបច្ចេកវិទ្យា។
លោកបានអំពាវនាវឲ្យទ្វីបអាហ្វ្រិកចូលរួមក្នុងសម្ព័ន្ធមួយនៃ «ប្រទេសសំបូរថាមពលពន្លឺព្រះអាទិត្យ» សម្រាប់ថាមពលស្អាត ដែលលោកចង់ផ្តួចផ្តើមនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនាពេលខាងមុខនេះនៅក្នុងទីក្រុងប៉ារីស។
លោក Modi បាននិយាយថា៖ «នៅពេលព្រះអាទិត្យលិចបាត់ទៅ ផ្ទះរាប់លានខ្នងនៅក្នុងប្រទេសឥណ្ឌា និងនៅទ្វីបអាហ្វ្រិកមានភាពងងឹត។ យើងចង់បំភ្លឺជីវិតរបស់ប្រជាជនយើង និងផ្តល់ថាមពលដល់អនាគតរបស់ពួកគេ។ ប៉ុន្តែយើងចង់ធ្វើរឿងនេះតាមវិធីមួយដែលព្រិលទឹកកកនៅភ្នំ Kilimanjaro នឹងមិនបាត់បង់ និងផែនទឹកកកដែលបំពេញទន្លេគង្គា (Ganga River) នឹងមិនរលាយសាបសូន្យ ហើយកោះរបស់យើងនឹងមិនត្រូវពន្លិចនោះទេ»។
មេដឹកនាំឥណ្ឌារូបនេះក៏ចង់ឲ្យរដ្ឋាភិបាលក្រុងញូវដេលី និងទ្វីបអាហ្រ្វិកឲ្យនិយាយក្នុង «សំឡេងតែមួយ» នៅកិច្ចពិភាក្សាពាណិជ្ជកម្មពិភពលោកដើម្បីធានាថា ពួកគេឆ្លុះបញ្ចាំងពីក្តីកង្វល់នៃប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញឲ្យមានកំណែទម្រង់ស្ថាប័ននានាដូចជា អង្គការសហប្រជាជាតិជាដើម។
លោក Modi និយាយថា៖ «នេះជាពិភពលោកនៃប្រទេសសេរី និងសេចក្តីប្រាថ្នាដែលភ្ញាក់ឡើងវិញ។ ស្ថាប័នរបស់ពួកយើងមិនអាចធ្វើជាតំណាងឲ្យពិភពលោករបស់យើងបានទេ ប្រសិនបើពួកគេមិនផ្តល់សំឡេងឲ្យទ្វីបអាហ្រ្វិក ដែលមានប្រទេសជាសមាជិកច្រើនជាង១ភាគ៤នៅក្នុងសមាជិកនៃអង្គការសហប្រជាជាតិ ឬជា ទ្វីបដែលមានប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោក ដែលមាន១ភាគ៦នៃមនុស្សជាតិ»។
កម្មវិធីផ្សព្វផ្សាយទៅកាន់ទ្វីបអាហ្រ្វិករបស់លោក Modi គឺជាផ្នែកមួយនៃរបៀបវារៈគោលនយោបាយការបរទេសដ៏ទូលំទូលាយរបស់លោក ក្នុងការព្យាយាមពង្រីកឥទ្ធិពលរបស់ឥណ្ឌានៅលើពិភពលោក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ