ប្រទេសឥណ្ឌាបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ «ការតវ៉ាខ្លាំងក្លា» ជាផ្លូវការប្រឆាំងនឹងចិនក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីចិនបានផ្សព្វផ្សាយផែនទីស្តង់ដាឆ្នាំ ២០២៣ របស់ខ្លួនដែលបង្ហាញថាតំបន់ Aksai Chin ដែលជាតំបន់មួយដែលភាគច្រើនគ្រប់គ្រងដោយចិននៅក្នុងរដ្ឋ Kashmir របស់ឥណ្ឌា និងរដ្ឋ Arunachal Pradesh នៅភាគឦសានប្រទេសឥណ្ឌា ថាស្ថិតនៅក្នុងដែនដីរបស់ចិន។
ផែនទីនេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទនៅលើវេបសាយសេវាផែនទីស្តង់ដារបស់ក្រសួងធនធានធម្មជាតិរបស់ចិន ក្នុងពេលតែ ២ ថ្ងៃប៉ុណ្ណោះក្រោយពីប្រទេសចិននិងឥណ្ឌាបានយល់ស្របគ្នានៅក្នុងការធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនដែលមានជម្លោះរបស់ពួកគេ។
ផែនទីដែលចិនបានផ្សព្វផ្សាយនេះក៏មានរួមបញ្ចូលកោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូងថាជាដែនដីរបស់ចិនផងដែរ។
កាលពីល្ងាចថ្ងៃអង្គារ ក្រសួងការបរទេសឥណ្ឌាបានប្រកាសថា ខ្លួនបានទាក់ទងសមភាគីចិនរបស់ខ្លួនដើម្បីធ្វើការជំទាស់លើរឿងនេះ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Arindam Bagchi បាននិយាយថា៖ «នៅថ្ងៃនេះ យើងបានដាក់ការតវ៉ាខ្លាំងក្លាជាផ្លូវការប្រឆាំងនឹងភាគីចិនតាមរយៈបណ្ដាញការទូតអំពីអ្វីដែលហៅថា «ផែនទីស្តង់ដា» ឆ្នាំ ២០២៣ របស់ចិន ដែលបានអះអាងពីកម្មសិទ្ធិរបស់ចិនលើដែនដីរបស់ឥណ្ឌា»។
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីចិនលោក Xi Jinping ទើបតែបានជួបប្រជុំគ្នានៅឯកិច្ចប្រជុំរបស់ក្រុមប្រទេស BRICS នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងបានយល់ស្របគ្នានៅក្នុងការ «បង្កើនកិច្ចប្រឹងប្រែង» ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។ ប្រទេសទាំងពីរបានប្រកាសអំពីកិច្ចព្រមព្រៀងនេះថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ទំនាក់ទំនងប្រសើរជាងមុន។
ការផ្សព្វផ្សាយអំពីផែនទីនេះក៏បានធ្វើឡើងផងដែរមុនពេលកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 ចូលមកដល់នៅក្នុងរដ្ឋធានីញូវដែលីនៃប្រទេសឥណ្ឌាពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញាខាងមុខ ហើយលោក Xi និងមេដឹកនាំផ្សេងទៀតនៅលើពិភពលោកគ្រោងនឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះ។
លោក Manish Tewari សមាជិកសភាមកពីគណបក្ស Congress ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោក Modi គួរតែពិចារណាឱ្យបានហ្មត់ចត់ថាតើគួរទទួលស្វាគមន៍លោក Xi នៅឯកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 ឬក៏អត់៕