ចិន​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ឥណ្ឌា ប៉ុន្តែ​ភាព​មិន​ទុកចិត្ត​គ្នា​នៅតែ​មាន

ផែនទីបង្ហាញ​ទីតាំងនៃស្ថានទូតចិននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

ការ​តែងតាំង​របស់​រដ្ឋាភិបាល​ចិន​នូវ​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​ឥណ្ឌា​លោក Xu Feihong កាលពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​នេះ​គឺ​បាន​បំពេញ​នូវ​តំណែង​នេះ​ដែល​បាន​នៅ​ទំនេរ​អស់​រយៈពេល ១៨ ខែ​កន្លង​មក។ វា​គឺជា​ជំហាន​ដ៏​តូច​មួយ​សម្រាប់​ប្រទេស​ចិន​និង​ឥណ្ឌា​ដែល​ជា​គូ​ប្រជែង​គ្នា​ដ៏​ធំ​ពីរ​នៅ​ទ្វីប​អាស៊ី ប៉ុន្តែ​វា​ជា​ជំហាន​ដែល​ទំនងជា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​មិន​ទុកចិត្ត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​បាន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

លោក Xu អាយុ ៦០ ឆ្នាំ​បាន​ឡើង​ជំនួស​តំណែង​លោក Sun Weidong ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ចុង​ឆ្នាំ ២០២២។ លោក​បាន​ទៅ​ដល់​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី ១០ ខែ​ឧសភា។ VOA បាន​ទាក់ទង​ទៅ​ស្ថានទូត​ចិន​និង​ក្រសួង​ការបរទេស​ចិន​ដើម្បី​សុំ​យោបល់​អំពី​ការ​តែងតាំង​នេះ​និង​ការ​ពន្យារពេល​ដ៏​យូរ​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ទេ។

លោក Xu បាន​បញ្ជាក់​នៅ​ក្នុង​សារ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ X បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ញូវដែលី​ថា លោក​ទន្ទឹង​រង់ចាំ «ធ្វើការ​ឱ្យ​បាន​ខ្លាំងក្លា​ជាមួយ​ភាគី​ទាំងអស់​ដើម្បី​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា»។ លោក Xu បាន​ជាប់​រវល់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ដោយ​លើកឡើង​អំពី​សក្ដានុពល​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា ដោយ​បាន​បង្ហោះ​សារ​និង​រូបថត​កាលពី​ថ្ងៃ​ពុធ​អំពី​ការ​ប្រគល់​សារតាំង​របស់​លោក​ជូន​ក្រសួង​ការបរទេស​ឥណ្ឌា។

លោក Xu ធ្លាប់​បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​ពី​ខែ​មីនា ឆ្នាំ ២០១១ ដល់​ខែ​សីហា ឆ្នាំ ២០១៣ និង​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​រ៉ូម៉ានី​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៩។

នៅ​ក្នុង​សារ​មួយ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​អនឡាញ X ឯកអគ្គរដ្ឋទូត​ថ្មី​រូប​នេះ​បាន​កត់​សម្គាល់​ថា មេដឹកនាំ​ប្រទេស​ចិន​និង​ឥណ្ឌា​បាន​ឯកភាព​គ្នា​លើ​ការ​វាយតម្លៃ​ដ៏​សំខាន់​មួយ​ថា​ភាគី​ទាំងពីរ​គឺជា «ដៃគូ​សហប្រតិបត្តិការ មិន​មែន​ជា​គូ​ប្រជែង​នោះទេ» និង​ថា​ភាគី​ទាំង​ពីរ​គឺជា «ឱកាស​អភិវឌ្ឍន៍​ទៅវិញ​ទៅមក មិន​មែន​ជា​ការ​គំរាមកំហែង​នោះឡើយ»។

អង្គការ​គម្រោង​ផ្ដួចផ្ដើម​ស្រាវជ្រាវ​ពាណិជ្ជកម្ម​សាកល (Global Trade Research Initiative) ដែល​ជា​អង្គការ​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​បញ្ជាក់​ថា បើ​យោង​តាម​ទិន្នន័យ​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២៤ នេះ ប្រទេស​ចិន​បាន​នាំមុខ​សហរដ្ឋ​អាមេរិក​បន្តិចបន្ដួច​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​បង្អស់​របស់​ប្រទេស​ឥណ្ឌា បន្ទាប់ពី​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។ មុន​ពេល​នោះ ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​របស់​ឥណ្ឌា​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០២១។

ប៉ុន្តែ អ្នក​វិភាគ​ជនជាតិ​ឥណ្ឌា​ខ្លះ​មើលឃើញ​ទំនាក់ទំនង​នេះ​ថា​មាន​ភាព​តឹងតែង ជាពិសេស​បន្ទាប់ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ប្រល័យ​នៅ​តាម​ព្រំដែន​នៅ​ឆ្នាំ ២០២០ ដែល​ធ្វើ​ឱ្យ​ចិន​ដណ្ដើម​គ្រប់គ្រង​ដែនដី​ដែល​មាន​ជម្លោះ។

លោក​ឧត្តមសេនីយ៍ឯក SL Narasimhan ដែល​ជា​អ្នក​ជំនាញ​ផ្នែក​កិច្ចការ​ប្រទេស​ចិន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវដែលី​និង​ជា​អតីត​អនុព័ន្ធ​យោធា​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង បាន​និយាយ​ថា៖ «គេ​ឃើញ​ភាគី​ទាំង​ពីរ​មាន​សេចក្ដី​ប្រាថ្នា​ចង់​ឱ្យ​ទំនាក់ទំនង​មាន​ភាព​ប្រសើរ​ឡើង។ ប៉ុន្តែ ស្រប​ពេល​ជាមួយ​គ្នានេះដែរ គេ​មិន​គួរ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​តែងតាំង​បេសកជន​ថ្មី​នេះ​ទេ។ មាន​បញ្ហា​ទំនុកចិត្ត​ធ្ងន់ធ្ងរ​រវាង​ប្រទេស​ទាំងពីរ​នៅ​ក្រោយ​ជម្លោះ Galwan Valley កាលពី​ខែ​មិថុនា ឆ្នាំ ២០២០»។

លោក Narasimhan បាន​បន្ថែម​ថា៖ «ប៉ុន្តែ សម្រាប់​ឥណ្ឌា សន្តិភាព​និង​ភាព​ស្ងប់ស្ងាត់​នៅតាម​ខ្សែ​បន្ទាត់​គ្រប់គ្រង​ជាក់ស្ដែង (Line of Actual Control (LAC)) គឺ​សំខាន់​ចំពោះ​ទំនាក់ទំនង​នេះ»។

អ្នក​ជំនាញ​ខ្លះ​ដូចជា​សាស្ត្រាចារ្យ​រង​ផ្នែក​សិក្សា​អំពី​ប្រទេស​ចិន​អ្នកស្រី Sriparna Pathak ជាដើម បាន​និយាយ​ថា ការ​ទុក​ឱ្យ​តំណែង​ឯកអគ្គរដ្ឋទូត​នេះ​នៅ​ទំនេរ​យូរ​ដូចនេះ​គឺជា​សញ្ញា​បង្ហាញ​ថា​ចិន​មិន​គោរព​ឥណ្ឌា។

អ្នកស្រី Pathak ថ្លែង​ដូច្នេះ​ថា៖ «ដោយសារ​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ចិន...ចិន​មិន​បញ្ជូន​ឯកអគ្គរដ្ឋទូត​ទៅ​ឥណ្ឌា [អស់​រយៈពេល​យូរ​ដូចនេះ] បាន​បង្ហាញ​យ៉ាងច្បាស់​ថា​ចិន...មើលងាយ​ឥណ្ឌា...»។

នៅក្នុង​ឆ្នាំ ២០២២ យោធា​នៃ​ប្រទេស​ទាំងពីរ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាងតិច​ពីរ​ដង​ទៀត ទោះបីជា​មិន​មាន​ការ​រាយការណ៍​ណាមួយ​ថា​មាន​អ្នក​ស្លាប់​និង​រង​របួស​ក៏ដោយ។ ទាហាន​រាប់​ម៉ឺន​នាក់​របស់​ភាគី​ទាំងពីរ​នៅតែ​ប្រមូលផ្ដុំ​គ្នា​នៅ​សងខាង​ព្រំដែន​ដដែល។

កន្លងមក ចិន​និង​ឥណ្ឌា​បាន​រៀបចំ​ការ​ចរចា​យោធា ២១ ដង​និង​ការ​ចរចា​ការទូត ២៩ ដង​រួច​មក​ហើយ​ដើម្បី​ដោះស្រាយ​ភាព​ជាប់គាំង​នេះ។

បន្ទាប់ពី​ការ​ចរចា​កាលពី​ខែ​មីនា​កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក S. Jaishankar បាន​ប្រាប់​ទូរទស្សន៍ NDTV របស់​ឥណ្ឌា​ថា «កាតព្វកិច្ច​ដំបូង​បង្អស់» របស់​លោក «ចំពោះ​ប្រជាជន​ឥណ្ឌា​គឺ​ការ​ធ្វើ​ឱ្យ​ព្រំដែន​មាន​សុវត្ថិភាព»។ លោក​ថា​លោក «មិន​អាច​បន្ទន់​ឥរិយាបថ​បាន​ទេ​ចំពោះ​រឿង​នេះ»។

លោក​បាន​និយាយ​បន្ត​ទៀត​ថា ទំនាក់ទំនង​ដែល​មាន​ប្រក្រតីភាព​មិន​អាច​កើតឡើង​បាន​ទេ​រវាង​ឥណ្ឌា​និង​ចិន​លុះត្រាណាតែ​ចិន​ត្រឡប់​ទៅរក​គោល​ជំហរ​របស់​ខ្លួន​មុន​ឆ្នាំ ២០២០ អំពី​ព្រំដែន​របស់​ខ្លួន​ឡើងវិញ។

នៅក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី ៧ ខែ​ឧសភា​ដែល​ផ្ដល់​ជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន លោក​ឯកអគ្គរដ្ឋទូត Xu បាន​និយាយ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មិន​គួរ​កំណត់​ដោយ​បញ្ហា​តែ​ឯកឯង​ណាមួយ​ទេ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ស្ថានភាព​ព្រំដែន​ជា​ទូទៅ​គឺ​មាន​ស្ថិរភាព​និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ហើយ​តំបន់​នៅតាម​ព្រំដែន​គឺ​មាន​សន្តិភាព​និង​ស្ងប់ស្ងាត់។ ចិន​ត្រៀម​លក្ខណៈ​រួចជាស្រេច​នៅក្នុង​ការ​ធ្វើការ​ជាមួយ​ឥណ្ឌា​ដើម្បី​សម្រប​តាម​ក្ដី​បារម្ភ​របស់​ភាគី​នីមួយៗ​ទៅវិញ​ទៅមក ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យកបាន​ទៅវិញ​ទៅមក​ចំពោះ​បញ្ហា​ជាក់លាក់​នានា​តាម​រយៈ​ការ​ចរចា​នៅ​ពេល​ឆាប់ៗ​ខាងមុខ និង​ឆ្លង​ឱ្យ​ផុត​ស្ថានការណ៍​បច្ចុប្បន្ន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន»។

លើកចុងក្រោយ​ដែល​តំណែង​ការទូតកំពូល​ចិន​ទៅកាន់​ឥណ្ឌា​នៅ​ទំនេរ​លើសពីមួយ​ឆ្នាំ​នោះគឺ​ពី​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ១៩៧៦ ហើយ​មូលហេតុនៅ​ពេល​នោះ​ក៏មាន​ជាប់ទាក់​ទង​នឹង​ជម្លោះ​ព្រំដែន​ផងដែរ។ សង្គ្រាម​ឆ្នាំ ១៩៦២ រវាង​ចិន​និង​ឥណ្ឌា​នេះ​ត្រូវបាន​បញ្ឆេះ​បន្ថែម​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច​ទៅ​តាម​ព្រំដែន​និង​ការ​បះបោរ​របស់​ទីបេ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ចិន​កុម្មុយនីស្ត​នៅ​ឆ្នាំ ១៩៥៩ ដែល​នៅពេល​នោះ​សម្ដេច​សង្ឃ Dalai Lama បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌា។

ឥណ្ឌា​នៅ​បន្ត​ផ្ដល់​កន្លែង​ជ្រកកោន​ដល់​សម្ដេច​សង្ឃ Dalai Lama ហើយ​ករណី​នេះ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ចិន​កាន់តែ​ប្រេះស្រាំ​បន្ថែម​ទៀត៕

ប្រែសម្រួលដោយ​លោក ភី សុភាដា