ឥណ្ឌា​ធ្វើ​តេស្ត​បង្ហោះ​យាន​អវកាស​នៅ​មុន​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​អវកាស​នៅ​ឆ្នាំ២០២៥

This handout photo taken and released by Indian Space Research Organisation (ISRO) on October 21, 2023, shows the lift-off of the Gaganyaan Test Vehicle (TV) from the Satish Dhawan Space Centre in Sriharikota, an island off the coast of southern Andhra Pr

ទីភ្នាក់ងារ​អវកាសឥណ្ឌា​បាន​ថ្លែង​ថា ប្រទេស​ឥណ្ឌា​ធ្វើ​តេស្ត​បង្ហោះ​យាន​អវកាស​ជា​បន្តបន្ទាប់​ជា​លើក​ដំបូង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃសៅរ៍ ទី២១ ខែតុលា បន្ទាប់ពី​បាន​ជម្នះ​បញ្ហា​បច្ចេកទេស មុន​ពេល​ធ្វើ​បេសកកម្ម​ដែល​បាន​គ្រោង​ទុក​ដើម្បី​នាំ​អវកាសយានិក​ទៅ​កាន់​ទីអវកាស​នៅ​ឆ្នាំ២០២៥។

ប្រធាន​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា លោក Shri Somanath បាន​ថ្លែង​ថា ការ​ធ្វើ​តេស្ត​នេះ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​បង្ហោះ​យាន​ផ្តាច់​ខ្លួន​មួយ​ទៅ​កាន់​លំហ​អវកាល និង​នាំ​យាន​នោះ​មក​ផែនដី​វិញ ដើម្បី​ធ្វើ​តេស្ត​ប្រព័ន្ធ​ដក​គេច​ខ្លួន​របស់​ក្រុមការងារ​នៅ​លើ​យាន​អវកាស។ យាន​នេះត្រូវ​បាន​យក​បាន​មក​វិញបន្ទាប់​ពី​ធ្លាក់​ចូលឆក​សមុទ្រ Bengal។

ការ​បាញ់​បង្ហោះ​ត្រូវ​បាន​ពន្យារពេល ៤៥នាទី ​នៅ​ពេល​ព្រឹក ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ។ លោក Somanath បាន​ថ្លែង​ថា ការ​ប៉ុនប៉ង​នេះ​ក៏​ត្រូវ​បាន​ពន្យារពេល​ម្តង​ទៀត​ជាង​មួយ​ម៉ោង ដោយសារ​តែ​មាន​បញ្ហា​ជាមួយ​ម៉ាស៊ីន ហើយ​កុំព្យូទ័រ​លើ​ដី​បាន​ផ្អាក​ការ​ហោះ​ឡើង​របស់​យាននេះ។

លោក Somanath បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​តាមដាន​នៅ​ក្នុង​ប្រព័ន្ធ​ត្រូវ​បាន​កែតម្រូវ ហើយ​ការ​ធ្វើ​តេស្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ ៧៥ នាទី​ក្រោយ​មក​ពី​ស្ថានីយ៍​បាញ់​បង្ហោះ​ផ្កាយ​រណប Sriharikota នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។

ការ​ធ្វើ​តេស្ត​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​បេសកកម្ម​គ្មាន​មនុស្ស​ផ្សេង​ទៀត រួម​ទាំង​ការ​បញ្ជូន​មនុស្ស​យន្ត​ទៅ​កាន់​ទីអវកាស​នៅ​ឆ្នាំ​ក្រោយ។

កាលពី​ខែកញ្ញា ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្តើម​បេសកកម្ម​អវកាស​ដំបូង​របស់​ខ្លួន​ដោយ​ជោគជ័យ​ដើម្បី​សិក្សា​ពី​ព្រះអាទិត្យ ក្នុង​រយៈពេល​តិច​ជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​ការ​ចុះចត​ដោយ​ជោគជ័យ​នៅ​ជិត​តំបន់​ប៉ូល​ខាង​ត្បូង​នៃ​ព្រះច័ន្ទ។

បន្ទាប់ពី​ការ​ប៉ុនប៉ង​បរាជ័យ​ក្នុង​ការ​ចុះចត​នៅ​លើ​ឋាន​ព្រះច័ន្ទ​ក្នុង​ឆ្នាំ២០១៩ ឥណ្ឌា​ក្នុង​ខែកញ្ញា​បាន​ក្លាយ​ជា​ប្រទេស​ទី៤​ ដែល​សម្រេច​បាន​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក សហភាព​សូវៀត និង​ចិន។

បេសកកម្ម​ដ៏​ជោគជ័យ​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​ដែល​កំពុង​កើន​ឡើង​របស់​ប្រទេស​ឥណ្ឌា​ក្នុង​នាម​ជា​មហាអំណាច​បច្ចេកវិទ្យា និង​អវកាសមួយ។ ហើយ​វា​ក៏បង្ហាញ​ពី​បំណងប្រាថ្នា​របស់​លោកនាយក​រដ្ឋមន្ត្រី Narendra Modi ក្នុង​ការ​ដាក់បង្ហាញ​ឥណ្ឌា​ជា​ប្រទេស​រីកចម្រើន​ និង​ជា​មហា​អំណាច​ពិភពលោក​មួយ។

ជា​ការ​បង្ហាញ​ពី​ផែនការ​សម្រាប់​មហិច្ឆតា​អវកាស​នា​ពេល​អនាគត​របស់​ឥណ្ឌា លោក Modi កាលពី​ដើម​សប្តាហ៍​នេះ បាន​ប្រកាស​ថា ទីភ្នាក់ងារ​អវកាស​ឥណ្ឌា​នឹង​បង្កើត​ស្ថានីយ​អវកាស​ដែល​ផលិត​ដោយ​ឥណ្ឌា​នៅ​ឆ្នាំ២០៣៥ និង​នាំ​យក​អវកាសយានិក​ឥណ្ឌា​ទៅ​លើ​ឋាន​ព្រះច័ន្ទ​នៅ​ឆ្នាំ ២០៤០។

ដោយ​មាន​ភាព​សកម្ម​តាំង​ពី​ទសវត្សរ៍​ ១៩៦០ ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ប្រទេស​ដទៃ​ផ្សេង​ទៀត និង​បាន​ដាក់​ផ្កាយ​រណប​មួយ​នៅ​ក្នុង​គន្លង​ជុំវិញ​ភព​អង្គារ​បាន​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ២០១៤។ ឥណ្ឌា​កំពុង​រៀបចំ​ផែនការ​បេសកកម្ម​លើក​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​ឆ្នាំ​ក្រោយ​ដោយ​សហការ​ជាមួយ​សហរដ្ឋអាមេរិក៕