ឥណ្ឌា​និង​ចិន​ឯកភាព​​​គ្នា​មិន​បន្ថែម​កងទ័ព​ក្នុង​តំបន់​​ព្រំដែន​ដែល​មាន​ជម្លោះ

រូបឯកសារ៖ យោធាឥណ្ឌាធ្វើដំណើរតាមរថយន្តនៅផ្លូវជាតិ Srinagar-Ladakh ក្នុងតំបន់ Gagangeer កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ខណៈភាពតានតឹងរវាងយោធាឥណ្ឌានិងចិនកំពុងកើនឡើងនៅតំបន់ព្រំដែននៅជួរភ្នំហិមាល័យ។

ប្រទេស​ឥណ្ឌា​និង​ចិន​បាន​ឯកភាព​គ្នា​ថា​ នឹង​មិនបញ្ជូន​កងទ័ព​បន្ថែម​ទៅកាន់​តំបន់​ព្រំដែន​នៅ​ជួរភ្នំ​ហិមាល័យ (Himalayas) ដែល​មាន​ជម្លោះ​ដែល​នៅ​ទី​នោះ​កងទ័ព​ទាំង​សងខាង​ បានប្រយុទ្ធ​គ្នា​ដោយ​មិន​ប្រើ​កាំភ្លើង​រហូត​ធ្វើ​ឲ្យ​មាន​ស្លាប់ទាហាន​ទាំង​សង​ខាង​ កាល​ពី​ខែ​មិថុនាកន្លង​ទៅ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួមមួយ ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា ​កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ជួប​ពិភាក្សា​គ្នា​រវាង​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ចន្ទ។​ សេចក្តី​ថ្លៃង​ការណ៍​រួម​នោះ​បានគូស​បញ្ជាក់​ថា ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា ក្នុង​ការ​ជៀសវាង​ការ​យល់​ច្រឡំ និង​ការ​សម្រេចចិត្ត​ខុស ​ដែល​អាច​នាំ​ទៅរក​ការ​ប៉ះ​ទង្គិច​គ្នា​ជាថ្មី​បន្ថែម​ទៀតក្នុង​តំបន់​ជាយដែន ​Ladakh ដែល​ជា​តំបន់​វាលលំហ​ខ្សាច់​យុទ្ធសាស្ត្រ​ដ៏​ត្រជាក់ ​និង​ជាប់​ព្រំប្រទល់​ជាមួយ​ដែនដី​ទីបេត៍​របស់​ចិន​នោះ។​

ការ​ប្រឈម​មុខ​ដាក់​គ្នា បាន​កើត​មាន​ឡើង​ដំបូង​ កាលខែ​ឧសភា ​ហើយ​ស្ថានភាពនោះ​កាន់​តែ​អាក្រក់ទៅ​ក្នុង​ខែមិថុនា នៅ​ពេល​ដែល​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប៉ះ​ទង្គិចដោយ​ការ​ដាល់​គ្នា និង​ប្រើ​អាវុធ​សាមញ្ញ​ ដូច​ជា​ដុំថ្ម​និង​ដំបង​ជា​ដើម ​ដែល​ធ្វើ​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​ចំនួន​ ២០​ នាក់ របួសជា​ច្រើន​នាក់ ហើយ​ខាង​ភាគី​ចិន​ ក៏​មាន​អ្នក​ស្លាប់​និង​អ្នក​របួស ដែល​គេ​មិន​បាន​ដឹងចំនួន​ច្បាស់​លាស់​ផង​ដែរ។

​ប្រទេស​ចិន​និង​ឥណ្ឌា​តែងមាន​ភាព​តានតឹង​ជា​រឿយៗ អំពី​ព្រំដែន​មាន​ជម្លោះ​នេះ​ ក្រោយ​ពីប្រទេស​ទាំង​ពីរធ្លាប់​បាន​ធ្វើសង្គ្រាមនឹង​គ្នា​រយៈ​ពេល​ខ្លី កាល​ពី​ឆ្នាំ​ ១៩៦២ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនងខាង​សេដ្ឋកិច្ច។

ភាព​តានតឹង​ចុងក្រោយ​នេះ​បាន​នាំ​ឲ្យរដ្ឋាភិបាល​ឥណ្ឌាសម្រេច​ហាមឃាត់​កម្មវិធី​ app ពេញ​និយម​របស់​ចិន​មួយ​ចំនួន​ដូច​ជា TikTok និង​រឹតត្បិត​ក្រុមហ៊ុន​ចិន​ពី​ការ​ដេញ​ថ្លៃ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា៕