ប្រធានាធិបតី Kenya​ ជាប់ឆ្នោត​ឡើង​វិញ ខណៈក្រុម​ប្រឆាំង​ធ្វើ​ពហិកា

លោក Uhuru Kenyatta (រូប​ឆ្វេង) បាន​ទះ​ដៃ​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​គេ​ប្រកាស ហើយ​លោក​ទទួល​បាន​ជ័យជម្នះ​ នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

លោក ​Uhuru Kenyatta ​ប្រធានាធិបតី​ដែល​កំពុងកាន់​តំណែង​នៅប្រទេស​ Kenya ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ដោយ​មាន​សំឡេង​ជាង​៩៨%​នៃ​សន្លឹក​ឆ្នោត​ទាំងអស់ ខណៈ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិកា។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ។ ​

លោក Wafula Chebukati ប្រធាន​គណៈកម្មការ​បោះឆ្នោត​បាន​និយាយ​ថា ចំនួន​អ្នក​បោះឆ្នោត​មាន​មិន​ដល់៣៩%ទេ​ក្នុងចំណោម​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​១៩,៦លាន​នាក់។​

អ្នក​ចេញ​មកបោះឆ្នោត​មាន​ចំនួន​តិច​ដូច​រំពឹងទុក​ ដោយសារ​លោក​ Raila Odinga ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែលដក​ខ្លួន​ចេញពី​ការ​បោះឆ្នោត​ឡើង​វិញ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​កុំ​ទៅ​បោះឆ្នោត។ ​ការ​បោះឆ្នោត​នៅ​ខែ​តុលា​នេះ​គឺជា​ការ​រៀបចំ​បោះឆ្នោត​ឡើងវិញ​ បន្ទាប់ពី​ការ​បោះឆ្នោត​កាលពីខែ​សីហា។ ​លោក Kenyatta ​ឈ្នះ​ឆ្នោត ​ប៉ុន្តែ​តុលាការ​កំពូល​លុបចោទ​លទ្ធផល​នោះ ​ដោយសារ​មាន​ភាព​មិនប្រក្រតី ​ក្នុង​ការបញ្ជូន​លទ្ធផល។​ លោក​ Chebukati ​និយាយ​ថា ​គណៈកម្មការ​បោះឆ្នោត​សម្រេច​ថា ក្នុង​ការ​បោះឆ្នោត​លើក​នេះ​មិន​មាន​ភាព​មិន​ប្រក្រតី​ទេ៕