រដ្ឋាភិបាលកំពុងកាន់អំណាចរបស់ប្រទេសកូតឌីវ័រ ឲ្យដឹងថា ការសម្រុះសម្រួលបង្ហាញថា ក្រុមមេដឹកនាំអាហ្វ្រិកខាងលិចបរាជ័យក្នុងការជំរុញឲ្យមានការលើកស្ទួយអ្នកឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ក្រុមមន្ត្រីនៃសហភាពអាហ្វ្រិកបានទៅដល់ទីក្រុងអាប៊ីហ្សុង នៅសប្តាហ៍នេះ ដើម្បីជួបប្រជុំជាមួយក្រុមអ្នកតំណាងរបស់ប្រធានាធិបតីក្នុងតំណែង លោក ឡូរិនត៍ បាហ្កបូ (Laurent Gbagbo) និងលោកអាឡាសាន វ៉ាតារ៉ា (Alassane Ouattara) អ្នកឈ្នះឆ្នោតនៅក្នុងការបោះឆ្នោត ខែ វិច្ឆិកា ដែលទទួលស្គាល់ដោយអសប។
ក្រុមមន្ត្រីទាំងនោះនឹងព្រាងរបាយការណ៍មួយ សម្រាប់ពិនិត្យឡើងវិញដោយក្រុមមេដឹកនាំនៃប្រទេស ប៊ូរគីណា ហ្វាសូ (Burkina Faso) ឆាត (Chad) ម៉ូរីតានី (Mauritania) អាហ្វ្រិកខាងត្បូង និងប្រទេសតង់ហ្សានី ដែលត្រូវបានស្នើដោយសហភាពអាហ្វ្រិកឲ្យមកជួបប្រជុំដើម្បីរកវិធីដោះស្រាយវិបត្តិនយោបាយរបស់ប្រទេសកូតឌីវ័រ នៅដំណាច់ខែកុម្ភៈនេះ។
ក្រុមមេដឹកនាំប្រទេសអាហ្វ្រិកខាងលិចនិយាយថា ការគាំទ្រលោក វ៉ាតារ៉ា ជាសាកលកំពុងងាកចេញ ពីព្រោះមេដឹកនាំរដ្ឋមួយចំនួន ឥឡូវនេះ កំពុងងាកទៅគាំទ្រលោក បាហ្កបូ វិញ។ លោក ដ្យេមស៍ បេហូ (James Gbeho) ជាប្រធានសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ឬហៅកាត់ថា ECOWAS មានប្រសាសន៍ថា៖
«សាមគ្គីភាពដែលបានផ្តើមក្នុងបណ្តាពួកយើង និងក្នុងសហគមន៍អន្តរជាតិ កំពុងត្រូវបានប្រេះឆាយ៉ាងរហ័ស ព្រោះប្រទេសខ្លះបានគាំទ្រភាគីនិមួយៗ ហើយក៏កំពុងជំទាស់នឹងសេចក្តីសម្រេចដែលបានធ្វើហើយ»។
លោក យ៉ៅ ណាមីន (Yao Gnamien) ទីប្រឹក្សារបស់លោក បាហ្កបូ ថ្លែងថា ការសម្រុះសម្រួលរបស់សហភាពអាហ្វ្រិកបង្ហាញថា សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ឬ ECOWAS បានទទួលបរាជ័យ។ លោក ណាមីន និយាយថា៖
«សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច បានបរាជ័យក្នុងការដោះស្រាយបញ្ហា។ ហេតុម្តេចបានជាពួកគេបន្ទោសលោកប្រធានាធិបតី បាហ្កបូ ដោយគ្មានស្តាប់គាត់អញ្ចឹង? ពួកគេគិតថា លោកប្រធានាធិបតី បាហ្កបូ មិនបានជាប់ឆ្នោតទេឬ? មុននឹងនិយាយដូច្នេះ ពួកគេគួរធ្វើការស៊ើបអង្កេតជាមុនសិន»។
លោក ណាមីន បាននិយាយប្រាប់វីអូអេថា សហភាពអាហ្វ្រិកនឹងបង្ហាញច្បាស់លាស់ថាលោក បាហ្កបូ បានឈ្នះការបោះឆ្នោតឡើងវិញនោះ។
ក្រុមមេដឹកនាំសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ឬ ECOWAS កំពុងពិចារណាប្រើកម្លាំងយោធាដើម្បីដកលោក បាហ្កបូ ហើយលោក បេហូនិយាយថា រដ្ឋាភិបាលលោកមាន សិទ្ធិធ្វើសកម្មភាពដោយមិនពឹងពាក់លើការសម្រេចណាមួយរបស់សហភាពអាហ្វ្រិកទេ។
ប្រែសម្រួលដោយ នុច សារីតា