អ្នកការទូតមកពីប្រទេសមហាអំណាចនានានៅជុំវិញពិភពលោកបានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាជម្លោះនៅក្នុងប្រទេសស៊ីរី បញ្ហាមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងបញ្ហាសកម្មភាពរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសក្បែរខាង និងក្រៅប្រទេស។
បញ្ហាទាំងនេះ ដែលបញ្ហាខ្លះទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ជាងមុននោះ នៅតែជាចំណុចផ្ដោតសំខាន់នៅក្នុងកិច្ចប្រជុំ G 7 របស់លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson ជាមួយនឹងសមភាគីរបស់លោកនៅក្នុងសប្ដាហ៍នេះ នៅក្នុងប្រទេសអ៊ីតាលី មុនពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។
លទ្ធផលផ្លូវការនៃកិច្ចប្រជុំ G 7 នេះ ទំនងជានឹងលេចចេញរូបរាងនៅចុងខែឧសភាខាងមុខនេះ ដែលនៅពេលនោះ មេដឹកនាំនៃបណ្ដាប្រទេសទាំងនេះនឹងជួបប្រជុំគ្នានៅក្នុងប្រទេសអ៊ីតាលី។ ប៉ុន្តែ ជំនួបរបស់រដ្ឋមន្ត្រីការបរទេសប្រទេសទាំងនេះនៅថ្ងៃចន្ទនេះ និងថ្ងៃអង្គារស្អែក នឹងបង្កើតជាគម្រោងសម្រាប់កិច្ចប្រជុំរបស់មេដឹកនាំប្រទេសទាំងនេះនៅខែឧសភា។ អាទិភាពនៃកិច្ចប្រជុំទាំងនេះនឹងផ្ដោតលើកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបណ្ដេញពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមចេញពីប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។
លោក Tillerson បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកនៅតែប្ដូរផ្ដាច់ចំពោះផែនការអន្តរជាតិមួយក្នុងការបញ្ចប់ជម្លោះនៅក្នុងប្រទេសស៊ីរី ដែលបានបង្កើតឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីឆ្នាំ ២០១២។
សេចក្ដីថ្លែងការណ៍ទីក្រុងហ្សឺណែវនេះ មានគោលបំណងអំពាវនាវឲ្យបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ និងរៀបចំការបោះឆ្នោតនៅក្នុងប្រទេសស៊ីរី ប៉ុន្តែមិនបានបញ្ជាក់ជាក់លាក់អំពីវាសនារបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad នោះទេ៕